ភ្នំពេញៈ យ៉ាងហោចណាស់​វត្ត​នៅ​រាជធានី​ភ្នំពេញ​ចំនួន​​ ៩០ ត្រូវបាន​ចុះបញ្ជី​ជាទី​តាំង​វត្ត​បុរាណ​ដែលមាន​សំណង់​អគារ​​បុរាណ​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​សម្រាប់​ការការពារ និង​អភិរក្ស​។​ក្រោយ​កើតមាន​ភាពមិនប្រក្រតី​ជុំវិញ​ការ​វាយកម្ទេច​កុដិ​បុរាណ​ចំនួន​ ៣​ នៅ​វត្ត​ឧណ្ណា​លោម និង​ការប៉ុនប៉ង​វាយកម្ទេច​ចេតិយ​បុរាណ​ដែលមាន​ក្បូរក្បាច់​រចនា​លម្អ​ស្អាត ប្រធាន​មន្ទីរ​វប្បធម៌​រាជធានី​​ភ្នំពេញ លោក ជុំ វុ​ឌ្ឍី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រហូតមកដល់​ពេលនេះ មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ​បាន​ចុះបញ្ជី​សំណង់​នៅ​ទីតាំង​វត្ត​ចំនួន​ ៩០​ ក្នុងចំណោម​វត្ត​ទាំង​ ១៥០​ កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​។


​បើតាម​ការអះអាង​រប​ស់​ប្រធាន​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ មុន​ឈានទៅដល់​ការចុះបញ្ជី​សំណង់​ណាមួយ​ជាស​ម្ប​តិ្ត​បេ​តិ​ក​ភណ្ឌ​ជាតិ មន្ត្រី​វប្បធម៌ និង​វិចិត្រសិល្បៈ​តែង បាន​ប្រជុំ ពិភាក្សា​ជាមួយ​គណៈកម្មការ និង ព្រះចៅអធិការ​វត្ត​យ៉ាងច្បាស់​កំណត់​អត្ត​សញ្ញាណ​សំណង់ មុន​ឈានទៅដល់​ការចុះ​​បញ្ជី​ជា​ផ្លូវការ​។​

​លោក ជុំ វុ​ឌ្ឍី បញ្ជាក់ថា​៖ «៩០​ វត្ត​នេះ សុទ្ធតែ​គណៈកម្មការ​វត្ត និង​ព្រះចៅអធិការ​​វត្ត​បានដឹង​រួច​អស់ហើយ​ថា កុដិ​ណា ឬ​ចេតិយ​ណា គឺ​ដឹង​អស់ហើយ​។ យើង​នៅតែ​ធ្វើ សាលា​កប​ត្រ​បន្ថែម​ពីលើ​ ១ ​ទៀត ព្រោះ​យើង​ដឹង​គោលដៅ និង​ដឹង​អត្តសញ្ញាណ​សំណង់​នោះ​អស់ហើយ​»​។​


​លោក វុ​ឌ្ឍី បាន​បន្តថា ករណី​វត្ត​ឧណ្ណា​​លោម គឺ​ត្រូវបាន​ចុះបញ្ជី​វត្ត​ទាំងមូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​តាំងពី​ខែឧសភា ឆ្នាំ ​២០១៧ ដោយសារ​ទីតាំង​វត្ត​នោះ​មាន​សំណង់​បុរាណ​ច្រើន​រហូតដល់​ ៦០ ​ទៅ​ ៧០ ​ភាគរយ​នៃ​សំណង់​នានា​នៅក្នុង​វត្ត​។​

​លោក វុ​ឌ្ឍី និយាយថា​៖ «​ដោយសារ​យើង​ដាក់​វត្ត​ទាំងមូល​ហើយ រាល់​សំណង់​ទាំង​ឡាយ​នៅក្នុង​វត្ត​ដែល​ចង់​ធ្វើ​អ្វី​ត្រូវ​ផ្តល់ព័ត៌មាន​មកកាន់​មន្ទីរ​វប្បធម៌ និង​ក្រសួង​វប្បធម៌​ដើម្បី​ត្រួត​ពិនិត្យថា អាច​កែសម្រួល​បាន​កម្រិតណា​»​។


​លោក បន្តថា​៖ «​ការដែល​ចូលទៅ​កំណត់​អត្តសញ្ញាណ ទៅ​រៀបចំ​អ្វី​នោះ គឺមាន​ធ្វើ​សេចក្តីជូនដំណឹង​រួចហើយ មិនមែន​ក្រុម​បុរាណវិទ្យា​របស់​មន្ទី​រ​វប្បធម៌​ចុះទៅ​ដោយ​ឯកឯង ឬក៏​ពុំមាន​ការសហការ​ពី​គណៈ​​កម្ម​ការ​ឬក៏​ព្រះសង្ឃ​ដែល​គង់នៅ​នោះទេ គឺ​ដឹង​ទាំងអស់​»​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានចេញ​លិខិត​ចំនួន​ ២ ដោយ​លិខិត​ទី​ ១​ បាន​សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការ​វាយ​កម្ទេច​កុដិ​បុរាណ​ចំនួន ​៣ ​ក្នុង​វត្ត​ឧណ្ណា​លោម​។ យោង​លិខិត​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កុដិ​បុរាណ​ចំនួន​៣ គឺ​កុដិ​លេខ​ ៤៣ ៤៤ និង​៤៥ ដែល​បាន​កសាង​នា​អំឡុង​ឆ្នាំ ​១៩៣០ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​។

​ក្រោយ​ការចេញលិខិត​ទី​ ១ មិន​ទទួល​​បាន​ផ្លែផ្កា​នាំទៅដល់​ការបញ្ឈប់​សកម្មភាព​វាយកម្ទេច រហូត​បាន​កម្ទេច​ទាំងស្រុង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏បាន​ចេញ​លិខិត​ទី ​២ បំណង​បំភ្លឺ​មហាជន​ឱ្យដឹងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ដោះ​ស្រាយ​តាម​វិធានការ​ច្បាប់ ដោយ​រក្សា​ទីតាំង​នោះ​ពុំ​ឱ្យមាន​ការសាងសង់​សំណង់​អ្វី​ថ្មី​រហូតដល់​នីតិវិធី​នានា​ដែលមាន​ជា​ធរមាន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​។

វត្តលង្កា ដែលជាវត្ត ១ ក្នុងចំណោមវត្តជាច្រើនត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

​ក្នុង​លិខិត​ជូនដំណឹង​ចុងក្រោយ​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រំលេច​ប្រយោគ​ឧទាន​មួយ​ក្នុងន័យ​ពញ្ញាក់​ឱ្យមាន​ការចាប់អារម្មណ៍ និង​ចងចាំ​ថា​៖ «​កិច្ចការ​ពារ​បេតិកភណ្ឌ​វប្បធម៌ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់រូប​!»​។

​នៅពេល​ទាក់ទង​កាលពី​ថ្ងៃទី​ ៥ ខែមករា​ឆ្នាំ​ ២០២៣ ទាំង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​វត្ត​ឧណ្ណាលោម បាន​អះអាង​ដូចគ្នា​ថា «​មិនទាន់មាន​ការដាក់​កាលបរិច្ឆេទ​ប្រជុំ​ដោះស្រាយ​រឿង​ទីតាំង​ដី​វាយកម្ទេច​កុដិ​បុរាណ​នោះ​នៅឡើយ​ទេ​» ប៉ុន្តែ ព្រះ​តេជគុណ ជួន សាវឿន ព្រះ​​គ្រូសូត្រស្ដាំ​វត្ត​ឧណ្ណាលោម មាន​ថេរ​ដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែធ្នូ​នេះ​ថា ព្រះអង្គ​មិនបាន​ដឹងថា កុដិ​ទាំង​ ៣ ​នោះ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ជាតិ​នៅ​ឆ្នាំ ​២០១៧ ដូច​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អះអាង​នោះទេ ព្រោះ​គ្មាន​ឯកសារ​តម្កល់​នៅក្នុង​វត្ត​ឧណ្ណាលោម​នោះទេ ហើយ ព្រះអង្គ​បាន​ឡើងកាន់​តួនាទី​ជា​ព្រះ​គ្រូសូត្រស្តាំ​វត្ត​នេះ​តាំងពី​ឆ្នាំ​ ២០១១ ​ឬ ​២០១២ មក​។

​ព្រះអង្គ​បញ្ជាក់ថា​៖ «​ពេល​អាត្មា​សួរ​ឱ្យ​ក្រសួង​វប្បធម៌​បង្ហាញ​លិខិត​ចុះបញ្ជី អាត្មា​មិនទាន់​ឃើញ​គេ​បង្ហាញ​ពី​លិខិត​ចុះបញ្ជី​នោះទេ រហូតដល់​ពេលនេះ​។ អាត្មា​កាន់​កិច្ចការ​នេះ​យូរហើយ អាត្មា​មិនបាន​ដឹងថា កុដិ​នោះ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ឡើយ​»​។

​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ស្តីពី​ការទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ដែល​បាន​ចុះហត្ថលេខា ដោយបាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ពិនិត្យឃើញថា សព្វថ្ងៃ​ដោយសារ​ទំនើបកម្ម​បណ្តាលឱ្យមាន​ការបាត់បង់ ការ​វាយ​បំផ្លិចបំផ្លាញ ការ​​ធ្វើឱ្យ​ខូចខាត​តាម​គ្រប់​រូបភាព ជា​បន្តបន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី ខេត្ត ដែល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ និង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់ ដោយ​ការអភិវឌ្ឍ ដែល​ទាមទារ​ឱ្យមាន​ការថ្លឹងថ្លែង​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​គឺ​ត្រូវតែមាន​តុល្យភាព​។

​ក្នុង​សារាចរ​នោះ លោក ហ៊ុន សែន បាន​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជ​ធានី ខេត្ត ត្រូវអនុវត្ត​នូវ​សារាចរ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ក្នុង​លិខិត​សារាចរ​នោះ បាន​ដាក់ចេញ​វិធានការ​ ៤​ចំណុច​រួមមានៈ ទី​១៖​ ហាម​ឃាត់​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើឱ្យ​ខូចខាត​សោភណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​។ ទី​២៖​ ទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌​ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស​។​

​ចំណុច​ទី​៣​គឺ បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​បំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ​និង​ក្រៅ​តំបន់​ការពារ ដោយ​ផ្តោតលើ​យុទ្ធ​សាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស និង​ការអភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកបដោយ​និរន្តរភាព និង​ចំណុច​ទី​ ៤​ និយាយ​ពី​សំណង់​អគារ​បេ​តិ​​ក​ភណ្ឌ​ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើសុំ​ការ​​ពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​។​

​ក្នុង​លិខិត​សារាចរ​នោះ បាន​បញ្ជាក់ថា​៖ «​ហេតុនេះ​ដើម្បីឱ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង​ដែលមាន​សំណង់​អគារ​សាសនា​ផ្សេងៗ សំណង់​សាធារណៈ សំណង់​ឯកជន ភូមិឋាន និង​ផ្ទះ​បុរាណ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​​វប្បធម៌ ដែល​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៦ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​ ១៩៩៦៕

វីដេអូ៖