​សៀវភៅ «​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​»​ ​របស់​អ្នកជំនួញ​ចាស់វស្សា ដែលជា​ប្រធាន​ក្រុម​ហ៊ុន​សូគីម៉ិច​គ្រុប ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ភូមិគ្រឹះ​លើ​កំពូលភ្នំ​បូកគោ ដោយ​ផ្ដោតលើ​ជី​វប្រ​វ​ត្ដិ​ជីវិត ការប្រកប​មុខ​ជំនួញ និង​ការចែករំលែក​ពាក្យពេចន៍​ណែនាំ​ពី​ការធ្វើ​អាជីវកម្ម​។


​ជា​អ្នកជំនួញ​ចាស់វស្សា​ដោយបាន​ឆ្លងកាត់ ៤ ​សម័យ​កាលដែល​មានប​រិ​បទ​នយោបាយ​ខុសៗ​គ្នា លោក សុខ គង់ បាន​និយាយថា ការធ្វើ​ជំនួញ​គ្រប់​កាលៈទេសៈ និង​ទទួលជោគជ័យ​ដូច​សព្វថ្ងៃ កើតចេញពី​ភាពស្មោះត្រង់​ដែល​បង្កើតឱ្យមាន​ការជឿ​ទុក​ចិ​ត្ដ​។

​លោក​ ងិន បា​ណា​ល់ អ្នក​ដឹក​​នាំ​ចងក្រង​សៀវភៅ បាន​ថ្លែង​ក្នុងពេល​សម្ពោធ​សៀវភៅ​កាលពី​ថ្ងៃទី​ ៣ ខែមករា ថា​៖ «​ដើមចម​នៃ​ការតាក់តែង​ចងក្រង​សៀវភៅ​នេះ​ឡើង គឺ​ដោយសារ​អ្នកនិពន្ធ​ទាំង​ ២ ​រូប រួមទាំង​ខ្ញុំ គិតថា អ្វីដែល​ជាការ​ចូលរួម​ចំណែក​របស់​អ្នក​ឧកញ៉ា [​សុខ គង់​] នៅក្នុង​សង្គម​កម្ពុជា​យើង​គឺមាន​វិសាលភាព​ធំធេង តាំង​ពីមុន អំឡុងពេល និង​ក្រោយ​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​កម្ពុជា​»​។


​លោក​បាន​បន្ដថា​៖ «​អ៊ីចឹង ស្នាដៃ​ទាំងអស់នេះ​បើ​យើង​មិនបាន​ចងក្រង​ទុកជា​ប្រ​វ​ត្ដិ​សាស្ដ្រ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ទេ វា​អាច​នឹង​បាត់បង់​»​។ នៅក្នុង​សៀវភៅ​ដែល​ត្រូវបាន​បោះពុម្ព​លើក​ទី​ ១​ ចំនួន ១ ០០០​ ច្បាប់​នេះ ផ្ដោតលើ ៣ ​ចំណុច​សំខាន់ៗ ទាក់ទង​គោល​គំនិត​។​

​លោក បា​ណា​ល់ ជា​អ្នក​ដឹក​​នាំ​និពន្ធ​សៀវភៅ និង​ជា​កូន​ប្រសា​របស់លោក​សុខ គង់ បានឱ្យដឹងថា សៀវភៅ​រំឭក​ឡើងវិញ​ពី​ជីវិត​ដ៏​ជូរចត់​របស់លោក សុខ​ គង់ និង​ភរិយា ដែល​បាន​ហែល​​ឆ្លង​ឧបសគ្គ​ទាំងឡាយ​មកដល់​សព្វថ្ងៃនេះ​សម្រាប់​កូនចៅ និង​យុវជន​ជំនាន់​ក្រោយ​បាន​ស្វែង​យល់​។ វា​ជាការ​បង្ហាញ​ស្នាដៃ​របស់លោក​សុខ គង់ និង​ភរិយា ជា​សហការី​ផ្ទាល់ខ្លួន​ជាប់​ជាមួយគ្នា​រហូត​តាំងពី​ការកសាង​វិថី​អា​ជីវ​កម្ម​មួយ​ដ៏​ស្មុគស្មាញ​ហើយក៏​ជាការ​ចង់​រំលេច​ពីបទ​ពិសោធន៍ និង​ទ្រឹស្ដី​អាជីវកម្ម ដែល​លោក សុខ គង់ បាន​ផ្ដល់នូវ​យុទ្ធសាស្ដ្រ​មួយចំនួន​ដល់​អ្នកសិក្សា និង​ស្រាវជ្រាវ​ស្រង់​យក​នូវ​អ្វីដែល​លោក​បាន​ឆ្លងកាត់ និង​ពាក្យ​ពេចន៍​ផ្ដាំផ្ញើ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​អាជីវកម្ម​ក្ដី និង​ការរស់នៅ​ប្រចាំថ្ងៃ​ក្ដី​។​


​លោក យិ​ប ឆេង​លាប សហ​អ្នកនិពន្ធ និង​រៀបរៀង​សៀវភៅ បាន​បន្ថែមថា សៀវភៅ ១៧៥ ទំព័រ​នេះ ផ្ដោតលើ​ជីវ​ប្រ​វ​ត្ដិ​របស់លោក​សុខ គង់ តាំងពី​កុមារភាព ប្រ​វ​ត្ដិ​អាជីវកម្ម និង​ភាពបត់បែន​នៃ​អាជីវកម្ម និង​ការចុះ​អង្កេត​ផ្ទាល់​ទៅដល់​ស្រុកកំណើត​របស់លោក នៅ​ស្ទឹង​ស្លូត ស្រុក​ពាម​ជរ ហើយ​បច្ចុប្បន្ន​នៅក្នុង​ស្រុក​កំពង់ត្របែក ខេត្ដ​ព្រៃវែង ក៏​ដូច​​ជា​អ្នកពាក់ព័ន្ធ​ជាច្រើន​។ នៅលើ​ក្រប​មុខ​សៀវភៅ​លោក​សុខ គង់ បានបង្ហាញ​នូវ​ភាព​សញ្ជឹងគិត ដែល​ហាក់ដូចជា​ឆ្លុះបញ្ចាំង​នូវ​ភាពស្មុគស្មាញ​ជាច្រើន​។

​អ្នកដឹកនាំ និង​សម្រប​សម្រួលការ​ចងក្រង​សៀវភៅ​លោក បា​ណា​ល់ បាន​ឧ្យ​ដឹងថា ការ​ជ្រើស​រើស​រូប​ក្រប​មុខ​នេះ ប្រើពេល​ថត​មិនតិចជាង ៥​ ដង និង​ផ្ដិត​យក​រូបភាព​រាប់រយ​សន្លឹក​ដើម្បី​សម្រិត​សម្រាំង​រូប​វិសេស​១​ដែល​បង្ហាញ​ពី​អត្ថន័យ​នៃ​សាច់រឿង​។

​លោក​និយាយថា​៖ «​វា​បានបង្ហាញ​ពី​ភាព​ស្រគត់ស្រគំ​នៃ​ពាណិជ្ជករ​ជើងចាស់​នៅក្នុង​សង្គម​កម្ពុជា ហើយ​សម្លឹង​ទៅ​ឆ្ងាយ​ដើម្បី​បង្ហាញ​ពី​ការគិតគូរ​វែងឆ្ងាយ​ចំពោះ​ទស្សនវិស័យ​ទៅលើ​អាជីវកម្ម ក៏ដូចជា​ការតម្រង់ទិស​ដល់​កូន​-​ចៅ​ជំនាន់​ក្រោយ​»​។​

​លោក រស់ គង់ ជា​សហ​អ្នក​និពន្ធ​សៀវភៅ បាន​បន្ថែមថា សហ​អ្នកនិពន្ធ​បាន​សម្ភាស​លោក សុខ គង់ តាំងពី​ប្រ​វ​ត្ដិ​អាជីវកម្ម ក៏ដូចជា​រឿងរ៉ាវ​ក្រុមគ្រួសារ​មួយចំនួន ដែល​លោក​បាន​កត់សម្គាល់ឃើញ​ថា លោក សុខ គង់ ជា​ពាណិជ្ជករ​តស៊ូ និង​លះបង់​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អំឡុងពេល​សម្ពោធ​សៀវភៅ លោក សុខ គង់ បាន​បន្ថែម​នូវ​គោល​គំនិត​របស់លោក មុនពេល​ក្លាយជា​អ្នក​ជោគជ័យ ១​រូ បនេះ ដោយបាន​ផ្ដល់​តម្លៃ​ចម្បង​ទៅលើ​ដើមទុន​អាជីវកម្ម និង​ការ​ត្បិតត្បៀត​នៃ​ការចំណាយ​ឥត​ប្រយោជន៍​។

លោក សុខ គង់​បាន​និយាយថា​៖ «​ពិបាក​ជាងគេ​ក្នុង​ការធ្វើ​អាជីវកម្ម គឺ​អត់លុយ​។ យើង​ដឹង​ស្រាប់​ហើយ​ថា តែ​អត់លុយ អ្នក​ដែល​មើលមុខ​យើង​ពិតជា​ពិបាក​»​។

​មហាសេដ្ឋី​ក្ដោប​មុខ​ជំនួញ​ជាច្រើន​ក្រោម​ក្រុមហ៊ុន​សូគីម៉ិច​គ្រុប បានប្រែក្លាយ​ការឈឺ​ចាប់ពី​ការ​មើលងាយមើលថោក​លើ​ការធ្លាក់​ខ្លួន​ជា​ជនក្រីក្រ​ទៅជា​ការតស៊ូ ពុះពារ បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​រហូត​ក្លាយជា​ពាណិជ្ជ​ករ​ជោគជ័យ​ម្នាក់​។

លោក​បាន​រំឭកថា​៖ «​កន្លងមក យើង​បាន​ដើរលេង​ជាមួយ​មិ​ត្ដ​ភក្ដិ ផឹកស៊ី​ជាមួយគ្នា​១​យប់ ៤-៥ ​ជី ឬ​១ ​ តម្លឹង​អ៊ីចឹងទៅ​។ ថ្ងៃ​ ១ ​យើង​ធ្លាក់ខ្លួន តែ​កាហ្វេ​ខ្មៅ​ ១ ​កែវ គេ​អត់​ហៅ​យើង​ផឹក​ផង​។ ពេលនោះ យើង​ឈឺ​ចិ​ត្ដ ឈឺ​ចិ​ត្ដ​នូវ​អ្វីដែល​អត់លុយ​។ គេ​មើលងាយ មើល​ថោក​យើង បានជា​ខ្ញុំ​ឧស្សាហ៍​ប្រាប់​កូនចៅ​ថា តែ​អត់លុយ​ហើយ មុខ​ក៏​គេ​មិន​មើល​ដែរ​។ អ៊ីចឹង ខំប្រឹង​ឡើង ខំប្រឹង​សន្សំសំចៃ និង​ខំប្រឹង​រកស៊ី​ឡើង​»​។

​លោក សុខ គង់ បាន​បន្ដថា លោក​ថែមទាំង​ធ្វើការ​ណែនាំ​ដល់​បុគ្គលិក​បម្រើការ​នៅលើ​ភ្នំ​​បូកគោ​ដែល​ចំណាយ​ប្រាក់​កាក់​លើ​គ្រឿង​ស្រវឹង និង​ឈ្លោះ​ទាស់​ទែង​គ្នា ដោយ​ងាក​មក​សន្សំ​សំចៃ​វិញ​។

លោក​ថ្លែងថា​៖ «​គួរ​តែ​គិត​ខ្លួនឯង​ដើម្បី​អនាគត​យើង​យូរអង្វែង ដោយ​ខំប្រឹង​ធ្វើការ ដោយ​កុំ​យកប្រាក់​កាក់​ពី​កម្លាំង​​ញើស​ឈាម ទៅឱ្យគេ​ដដែលៗ​។ គ្មានអ្វី​ពិបាក​ជាង​ក្រ​នោះទេ អត់លុយ​នោះ​ហើយ ពិតជា​លំបាក​។ ទោះបីយ៉ាងណា ត្រូវ​ខំប្រឹង បើ​មិនបាន​ធ្វើជា​សេដ្ឋី ក៏​វា​គ្រប់គ្រាន់​សម្រាប់​ជីវភាព​របស់​យើង​ដែរ​»​។

​លោក បា​ណា​ល់ បាន​បន្ដថា សៀវភៅ «​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​​បណ្ឌិត សុខ គង់​» នឹងត្រូវ​បោះ​-​ម្ព​បន្ថែមទៀត ដោយ​មិនមែន​ក្នុង​បំណង​លក់​យកប្រាក់​ចំណេញ​ទេ និង​ក៏ត្រូវ​បកប្រែ​ជា​ភាសា​អង់គ្លេស ជា​គោល និង​អាច​បន្ដទៅ​ភាសា​ចិន​ទៀតផង​។

​ក្រៅពី​ការរៀបរាប់​ពី​ប្រវត្តិ និង​អាថ៌កំបាំង​នៃ​ជីវិត​អ្នកជំនួញ​ចាស់​​វស្សា​រូបនេះ​លោក​បា​ណា​ល់ បាន​លើកឡើងថា នៅក្នុង​សៀវភៅ​ដដែល​នេះ អ្នកនិពន្ធ​ក៏បាន​រៀបរាប់​ពី​គម្រោង​វិនិយោគ​នានា​របស់លោក​សុខ គង់ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​នៅលើ​ភ្នំ​បូកគោ​៕