កំពង់ធំៈ ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី ​៦ ខែមករា ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ​ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ៣​ ថ្ងៃ ក្នុង​ខែមីនា ឆ្នាំ​ ២០២៣ បន្ទាប់ពី​ផ្អាក​រយៈពេល​ ២ ​ឆ្នាំ​ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយសារតែ​ការគ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​១៩​បានល្អ​ប្រសើរ​ឡើងវិញ រាជរដ្ឋាភិបាល​បានសម្រេច​រៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣​ខាងមុខនេះ ហើយក៏​អាច​បន្ត​ដល់​ថ្ងៃទី​១១ និង​ទី​១២​ថែមទៀត ព្រោះ​ចំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។​


លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖«​ការរៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះដែរ គឺ​ដោយសារ​មាន​ស្ទឹងសែន​ហូរ​ឆ្លងកាត់​ចុះទៅ​បឹង​ទន្លេសាប ពិសេស​ខេត្តកំពង់ធំ​នេះ​គឺ​ស្ថិតនៅ​ពាក់កណ្ដាល​ផ្លូវ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ចាម ឆ្លងកាត់​ទៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ដែលជា​គោលដៅ​ទេសចរណ៍​សំខាន់ៗ​»​។​


លោក​រដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​ផងដែរ​ថា ត្រូវ​រៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​ទាំងឡាយ ដែល​បាន​ពី​ការផលិត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។ ចំពោះ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​នេះដែរ លោក​ចង់​ជំរុញឱ្យមាន​ផលិតផល​សិប្បកម្ម កសិកម្ម យកមក​តាំង​លក់​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង​។​ក្រៅពីនេះ​ក៏ត្រូវ​បង្ហាញ​អំពី​សក្ដានុពល​វប្បធម៌ តំបន់​ប្រវត្តិសាស្ត្រ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​បាន​យល់ថា កម្ពុ​ជាមាន​ប្រវត្តិសាស្ត្រ មាន​វប្បធម៌​យូរលង់​មកហើយ «​កម្ពុជា​ជា​ព្រះរាជាណាចក្រ​វប្បធម៌ ព្រះរាជាណាចក្រ​ទឹក​»​។​

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​ជំរុញ​ផលិតផល​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ក្នុង​បទ​បង្ហាញថា បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះ​គឺមាន​លក្ខណ​ពិស​ស​ប្លែក​ពី​បុណ្យ​ទន្លេ​មុនៗ ត្រង់​ថា ពិធីបុណ្យ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ពុធ ទី​៨ ខែមីនា ហើយ​កម្មវិធី​កម្សាន្ត​អាច​នៅ​បន្ត​រហូតដល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ទៀត (​ថ្ងៃទី​១១-១២) ដែល​ធ្វើឱ្យ​ការលេងកម្សាន្ត​មាន​រយៈពេល​យូរ​ជាង​បុណ្យ​មុនៗ​។​

លោក​បាន​បញ្ជាក់ទៀតថា​៖«​លក្ខណពិសេស​មួយទៀត​នោះ​គឺ ខេត្តកំពង់ធំ ស្ថិតនៅ​ពាក់កណ្ដាល​ផ្លូវ​រវាង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ ដូច្នេះ​ភ្ញៀវទេសចរ​នឹង​អាច​ចូល​លេង​បុណ្យ​ទន្លេ មុន​បន្ត​ទៅលេង​ខេត្តសៀមរាប និង​ទៅ​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​»​។​

លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ចាម ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ក្នុងការ​បែងចែក តួនាទី ភារកិច្ច ជូន​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដើម្បី​អនុវត្ត​ការងារ​ក្នុងការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នាពេល​ខាងមុខនេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​លោក​បាន​ប្ដេជ្ញា​សហការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ឱ្យ​បានល្អ ដោយហេតុថា លោក​ក៏​ធ្លាប់មាន​បទពិសោធ​ន៍ស​ហ​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ម្ដង​រួចហើយ​កាលពី​ឆ្នាំ​២០២០ ។​

បើតាម​អភិបាលខេត្ត​កំពង់ធំ ពិធីបុណ្យ​ទន្លេ​លើក​ទី​៧​នេះ នឹង​រៀបចំ​នៅ​បរិវេណ​សួន​ស្ទឹងសែន ក្នុង​ក្រុង​ស្ទឹងសែន ថែមទាំង​មានការ​រៀបចំ​ទីតាំង ដើម្បី​ត្រៀម​រៀប​ចំការ​ប្រកួត​កីឡាបាល់ទះ នៅលើ​ឆ្នេរ​ខ្សាច់​ដងស្ទឹង​សែន នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​ទន្លេ​នេះ​ផងដែរ​។​

ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ មាន​រៀបចំ​ព្រឹត្តិការណ៍​តាំង​ពិ​ព័រណ៍ យក​ពី​ផលិតផល​ទាំងឡាយ​ដែល​បាន​ដាំ​ដុះ​នៅតាម​ដង​ទន្លេ និង​ផលិតផល​កសិកម្ម​ក្នុងស្រុក ក​សិ​ទេសចរណ៍ និង​ផលិតផល​ខ្មែរ ពិព័រណ៍​សិប្បកម្ម ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ ព្រមទាំង​ទស្សនា​ទស្សនីយភាព​វប្ប​ធម៌ ដូចជា ការប្រកួត​កីឡា (​កីឡាប្រដាល់ ប៊ូល រត់ប្រណាំង​...) ពិធី​ដាំ​ដើមឈើ (​ជា​សួន​ទេសចរណ៍​) ការប្រគំ​តន្ត្រី ការសម្តែង​សិល្បៈ​វប្បធម៌ កម្មវិធី​សំណេះសំណាល​ជាមួយ​សហគមន៍​ផាត់​សណ្តាយ និង​សកម្មភាព​ផ្សេងៗ​ទៀត​ជាច្រើន​។​

សូមជម្រាបថា ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំ​ចំនួន​៦​លើក​មកហើយ ក្នុងនោះ​នៅ​ឆ្នាំ​២០១៥ ធ្វើ​នៅ​ខេត្តក្រចេះ​, ឆ្នាំ​២០១៦ ធ្វើ​នៅ​ខេត្តស្ទឹងត្រែង​, ឆ្នាំ​២០១៧ ធ្វើ​នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​, ឆ្នាំ​២០១៨ ធ្វើ​នៅ​ខេត្តកណ្ដាល​, ឆ្នាំ​២០១៩ ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង និង​ឆ្នាំ​២០២០ ធ្វើ​នៅ​ខេត្តបាត់ដំបង​។ ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​ក៏បាន​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​អស់រយៈ​ពេល​២​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២៕