ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ពាក់​ផ្កាយ២​ម្នាក់ ​ក្រោយ​ពី​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ ប្អូនថ្លៃ ​និង​ក្មួយស្រី ​កាលពី​ថ្ងៃទី ៥ ​ខែមករា ​ឆ្នាំ ២០២៣ ​ស្ថិតនៅ​ផ្លូវ​លេខ ៣១៣ ​សង្កាត់​បឹងកក់​ទី១ ​ខណ្ឌទួលគោក​ រាជ​ធានីភ្នំពេញ ​និង​បានបញ្ជូន​សំណុំ​រឿង​នេះ ​ទៅ​តុលាការ ​ដើម្បី​មាន​ចំណាត់ការ​ទៅតាម​នីតិវិធី​។


បុរស​ប្រើហិង្សា​លើ​គ្រួសារ​នេះ​ មាន​ឈ្មោះ​អឿង ​ប៉ុលភិវឌ្ឍន៍ ​ដែល​ត្រូវបាន​គេ​អះអា​ថា ​មាន​តួនាទី​ជា​ឧត្តមសេនីយ៍​ទោ​ ផ្កាយ២ ​ដោយ​មាន​មុខងារ​បច្ចុប្បន្ន​នៅ​នាយកដ្ឋាន​សរុប​ក្រសួង​ការពារ​ជាតិ។ ជន​រងគ្រោះ​ចំនួន​៣នាក់​នោះ​ ត្រូវជា​ប្រពន្ធ ​ប្អូនថ្លៃ​ស្រី ​និង​ក្មួយ​ស្រី ​បាន​រងរបួស​ស្រាល។

ប្រពន្ធ ​ប្អូនថ្លៃ​ស្រី ​និង​ក្មួយ​ស្រី​ ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា ​ដែល​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នេះ​ បាន​រៀបរាប់ថា​ គាត់​តែងតែ​ទទួលរង​នូវ​ការប្រើ​ហិង្សា​បែបនេះ​ អស់​រយៈពេល​៧-៨ឆ្នាំ​ហើយ។ ប៉ុន្តែ​ជនរងគ្រោះ​ចេះតែ​ទ្រាំ​ មិន​ប្តឹង​នោះ​ទេ ​ហើយ​យប់​ថ្ងៃ​កើតហេតុ​នោះ ​មន្ត្រី​យោធា​ដែលជា​ប្តី បាន​រករឿង​ជនរងគ្រោះ ​រួមទាំង​ប្អូនថ្លៃស្រី ​និង​ក្មួយ ​តាំង​ពី​យប់​រហូត​ទល់​ភ្លឺ។ នេះ​បើ​តាម​លោក​ឡុង វិចិត្រា ​មេបញ្ជាការ​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍។


លោក​ឡុង​ វិចិត្រា ​អះអាង​ថា ​នៅពេល​ជួប​រឿង​បែបនេះ​ជនរងគ្រោះ​ទ្រាំ​មិនបាន ​និង​មាន​ការភ័យខ្លាច ​ក៏បាន​ប្តឹង​ទៅ​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឱ្យមក​ជួយ​អន្តរាគមន៍​ភ្លាមៗ។ កម្លាំង​កងរាជ​អាវុធហត្ថ​បានមក​ដល់ ​ក៏​នាំខ្លួន​បុរស​ជា​ប្តី​យកទៅ​សួរនាំ ​និង​ក្រោយមក​ បានមក​ឆែក ​ដកហូត​កាំភ្លើង​វែង​២ដើម ​និង​បង់​ជាច្រើន​គ្រាប់។

ទោះយ៉ាង​ណា ​លោក​ឡុង ​វិចិត្រា ​បញ្ជាក់ថា ​ករណីនេះ ​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ ​រៀបចំ​សំណុំរឿង ​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ។


លោក​ថា​៖«ខ្ញុំ​បានបញ្ជូន​គាត់​[ជនសង្ស័យ]​ទៅ​ការិយាល័យ​ជួញដូរ​មនុស្ស​និង​អនីតិជន​អាវុធហត្ថ​រាជធានី​ដើម្បី​[ចាត់ការ]​បន្ត​ហើយ។ យើង​បាន​កសាង​សំណុំ​រឿងនេះ ​ដោយ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ចំណែក​ជនរងគ្រោះ ​យើង​បាន​ពិនិត្យ​ហើយ ​គាត់​មិនមាន​របួស​ធ្ងន់ធ្ងរ​អី​ទេ»។

លោក ​ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ឱ្យដឹង​នៅ​ថ្ងៃទី៩ ​មករា​ ថា ​លោកមិន​ទាន់​បាន​ទទួល​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោកថា ​នឹង​ស្រាវជ្រាវ​សំណុំរឿងនេះ​ថា​ តើ​បានមក​ដល់​ស្ថាប័ន​អយ្យការ​ហើយ​​ឬ​នៅ ​ហើយ​នឹង​ផ្តល់​ព័ត៌មាន​ត្រឡប់​មកវិញ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​លម្អិត​គ្រប់​ជ្រុង​ជ្រោយ។

លោកស្រី​ជុន ​សុធារី ​ប្រធាន​យុទ្ធនាការ ​និង​សិទ្ធិ​ស្ត្រី ​នៃ​អង្គការ ​Action Aid ​គាំទ្រ​ចំពោះ​កិច្ចអន្តរាគមន៍​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ករណី​ហិង្សា​នេះ។ ​លោ​កស្រី​បង្ហាញ​ការជឿជាក់​ថា ​រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម ​និង​មិន​អត់ឱន​ចំពោះ​រាល់​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​នោះ​ទេ ​បើ​ទោះ​ជន​ប្រព្រឹត្ត​ជា​មន្ត្រី​ក៏ដោយ។

លោកស្រី​បន្ថែមថា ​មួយវិញ​ទៀត​ ការអន្តរាគមន៍​ភ្លាមៗ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​ គឺជា​ចំណាត់ការ​ល្អ​ក្នុង​ការទប់ស្កាត់​បទល្មើស ​និង​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ ហើយ​គឺជា​គំរូ​មួយ​សម្រាប់​កិច្ច​អន្តរាគមន៍​ករណី​ហិង្សា​នា​ពេល​អនាគត។

លោកស្រី​បញ្ជាក់ថា​៖«ខ្ញុំ​គិតថា ​អំពើហិង្សា​ទាក់ទង​នឺង​យេនឌ័រ​ ជា​រឿង​មិនអាច​អត់ឱន ​ទោះបី​អំពើហិង្សា​នោះ​ប្រព្រឹត្ត​ដោយ​បុគ្គល​ណា​ក៏ដោយ ​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ជា​ដៃគូ​ស្និទ្ធស្នាល​ មាន​ចំណង​អាពាហ៍ពិពាហ៍ ​ឬ​គ្មាន​ចំណង​អាពាហ៍​ពិពាហ៍ ​ក៏​បុគ្គល​នោះ​ត្រូវតែ​ទទួល​[ខុស​ត្រូវ]​ចំពោះ​មុខ​ច្បាប់ ​ដើម្បី​ធានាថា​ សង្គម​គ្មាន​អំពើហិង្សា ​និង​ការបៀត​បៀន ​ហើយ​ធានា​នូវ​ការការពារ​សិទ្ធិ ​សេចក្ដី​ថ្លែ​ថ្នូរ ​និង​យុត្តិធម៌​សង្គម»៕