ភ្នំពេញៈ សៀវភៅ​ឯកសារ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ​សំខាន់ៗ​ចំនួន​ ២ និង​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​តែមួយ​ ត្រូវបាន​ក្រសួង ពាណិជ្ជកម្ម​កម្ពុជា ​សហការ​ជាមួយ​ស្ថានទូត​អូស្ត្រាលី និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ៩ ខែមករា ​ដោយ​បង្ហាញ​ក្តី​រំពឹងថា ​សៀវភៅ​ព័ត៌មាន​ទីផ្សារ​ធំៗ​ទាំង ​២ ​នេះ ​គឺជា​មគ្គុទ្ទេសក៍ ​ដែល​បង្កើតបាន​ជា​ប្រយោជន៍​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​រយៈពេល​វែង​ផងដែរ​។​


លោក​ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​ឱ្យដឹងថា ​ឯកសារ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ​សំខាន់ៗ​ចំនួន​២​ គឺ​សៀវភៅ​កសិផល​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាសិប​(RCEP) ​ព្រមទាំង​សៀវភៅ​កម្ពុជា ​និង​ការបើក​ទីផ្សារ​ពិភពលោក​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ លោក​ថា​ សៀវភៅ​កសិផល​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ​និង​អាសិប​នេះ ​គឺជា​សៀវភៅ​ដែល​បាន​ផ្តល់នូវ​ការយល់ដឹង​សំខាន់ៗ​អំពី​តម្រូវការ​ទីផ្សារ ​តម្រូវការ​របស់​អ្នកប្រើប្រាស់ ​វិធានការ​អនាម័យ ​និង​ភូតគាម​អនាម័យ​ និង​របាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ​ផ្សេងទៀត​ ការប្រើប្រាស់​ផលិតផល ​ដៃគូ​ប្រកួត​ប្រជែង​សំខាន់ៗ ​និង​ឱកាស​សក្តានុពល​។​


​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖«ចំពោះ​ដំណាំ​និង​កសិផល​សំខាន់​របស់​កម្ពុជា​ដែល​បាន​បញ្ចូល​ក្នុង​សៀវភៅ​ស្រាវជ្រាវ​នេះ​ រួមមាន​ ស្វាយ​ស្រស់​ ស្វាយចន្ទី ​ម្ទេស ​ដំឡូងជ្វា ​មៀន​ប៉ៃលិន ​ស្ករត្នោត ​ចេក​ ប៊័រ ​ល្ង ​និង​ផ្លែឈើ​កែច្នៃ​ជាដើម»។​


លោក​ប៉ាន សូរស័ក្តិ ​បន្ថែមថា ​សម្រាប់​សៀវភៅ​ព័ត៌មាន​ស្តីពី​កម្ពុជា ​និង​ការបើក​ទីផ្សារ​ពិភពលោក ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​វា​ក៏​ជា​សៀវភៅ ​ដែល​នឹង​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព​ចុងក្រោយ ​និង​ងាយស្រួល​យល់​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​និង​តំបន់ ​ដែល​កម្ពុជា ​ជា​ប្រទេស​ហត្ថលេខី ​មាន​ជាអាទិ៍ ​កិច្ចព្រមព្រៀង​អាសិប​(RCEP)​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​កម្ពុជា-​ចិន ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​កម្ពុជា-​កូរ៉េ​ជាដើម​។

​លោក​បញ្ជាក់ថា​៖«សៀវភៅ​ព័ត៌មាន​នេះ​នឹង​ជួយ​ដល់​សហគ្រាស​កសិ-​ម្ហូបអាហារ ​ផលិតករ ​អ្នក​នាំចេញ ​សមាគម​ធុរកិច្ច​ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​ពី​ការធ្វើ​ពិពិធកម្មទីផ្សារ​និង​ទទួលបាន​អត្ថប្រយោជន៍​នានា​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​។ ហេតុនេះ​សៀវភៅ​ទាំង​២​នេះ​ មាន​សក្ដានុពល​ក្នុង​ការបង្កើត​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​កសិកម្ម​កម្ពុជា»។​

​ចំណែក​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​តែមួយ ​(Single Digital Platform) ​ដែល​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម ​និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ​ក្នុង​នោះ​រួមមាន​ គេហទំព័រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ប្រព័ន្ធ​គ្រប់គ្រង​ស្វ័យ​បញ្ជាក់​ដើមកំណើត​ទំនិញ ​និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដើមកំណើត​ទំនិញ​ជា​អន្តរជាតិ​។ គម្រោង​ថ្នាល​ឌីជីថល​នេះ​ ក៏​នឹង​ផ្តល់ព័ត៌មាន​ផងដែរ​ពី​វិធាន​ដើមកំណើត​ទំនិញ ​នីតិវិធី​ក្នុងការ​ចុះឈ្មោះ​ជា​អ្នក​នាំចេញ​ដែលមាន​ការទទួលស្គាល់ ​និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ផងដែរ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើនេះ ​លោក ​Pablo Kang ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​បញ្ជាក់ដែរថា ​តាមរយៈ​សៀវភៅ​ឯកសារ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ​សំខាន់ៗ​ចំនួន​២ ​និង​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​នេះ ​នឹង​ជំរុញ​ការអភិវឌ្ឍ​ បង្កើត​ឱ្យ​ធុរជន ​និង​ពាណិជ្ជករ​ទាំងអស់ ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការទទួលបាន​ព័ត៌មាន ​ដែល​មាន​ប្រយោជន៍​ដើម្បី​បង្កើន​ការនាំចេញ ​ការវិនិយោគ ​ការធ្វើ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ថែមទៀត​។​

លោក​បញ្ជាក់ថា​៖«កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-អូស្ត្រាលី​-នូវែល​សេឡង់​(AANZFTA) ​កិច្ចព្រមព្រៀង​អាសិប​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងទៀត ​ផ្តល់​ឱកាស​យ៉ាង​ធំធេង​ក្នុង​ការបង្កើន​ការនាំចេញ ​និង​ការវិនិយោគ​សម្រាប់​កម្ពុជា ​ហើយ​អូស្ត្រាលី​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យនេះ​ដើម្បី​ធ្វើ​ពិពិធកម្ម​ដំណាំ ​និង​ទីផ្សារ​នាំចេញ​ផងដែរ»។

សូម​បញ្ជាក់ដែរថា​ សៀវភៅ​ទាំង​២​នេះ ​ត្រូវបាន​រៀបរៀង​ឡើង ​ដោយ​មាន​ការគាំទ្រ​ពី​កម្មវិធី​ខ្សែ​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-​អូស្ត្រាលី​(CAVAC) ​ខណៈ​គម្រោង​ថ្នាល​ឌីជីថល​តែមួយ ​គឺ​ត្រូវបាន​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មី​មួយទៀត​របស់​ប្រទេស​អូស្ត្រាលី ​ដែល​មាន​ឈ្មោះថា ​កម្មវិធី​ភាពជា​ដៃគូ​កម្ពុជា-​អូស្ត្រាលី ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​ (CAP RED)​។​

CAP RED គឺជា​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​អូស្ត្រាលី​ នៅ​កម្ពុជា ​ក្នុង​ទំហំ​ទឹកប្រាក់ ​ចំនួន​៨៧​លាន​ដុល្លារ​អូស្ត្រាលី​។ CAP RED នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ការរៀបចំ​ខ្លួន​សម្រាប់​ការចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ការលើកកម្ពស់​គោលនយោបាយ ​ការអនុវត្ត​ពាណិជ្ជកម្ម​ ការវិនិយោគ​ប្រកប​ដោយ​បរិយាប័ន្ន ​និង​កសាង​ប្រព័ន្ធ ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម ​និង​ការវិនិយោគ​។

ក្រៅពី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សៀវភៅ​ទាំង​២ ​និង​គម្រោង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​ហើយ​នោះ​ ក្រសួង​ពាណិជ្ជកម្ម ​និង​រដ្ឋាភិបាល​អូស្ត្រាលី ​ក៏បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ​និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ​រវាង​កម្ពុជា ​និង​អូស្ត្រាលី ​ហើយ​បន្ត​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត​ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ថែម​ទៀត​៕