កំពង់ស្ពឺៈ​ ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃទី​ ១១​ មករា ​កំពុង​បន្ត​ស៊ើប​ករណី​សំណុំរឿង​របស់​លោក ភឺន​ ដេ​ត ​និង​បញ្ឈរ​ជើង​មិន​ឱ្យ​ធ្វើការ​មួយ​រយៈ ​បន្ទាប់ពី​មាន​បណ្តឹង​ពី​បុរស​៥​នាក់​ចោទ​លោក​នាយរង​នគរ​បាល​ប៉ុស្តិ៍​ព្រះ​ស្រែ​រូប​នោះ​ថា​ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​លើ​ពួក​គេ ​កាល​ពី​យប់​ថ្ងៃទី ​៧​ មករា ឆ្នាំ ២០២៣ ​នៅភូមិ​ទួល​តារា​ឃុំព្រះ​ស្រែ ស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពឺ​។


​លោក​ សម សាមួ​ន ស្នងការ​ន​គរបាល​ខេត្ត​កំព​ង់ស្ពឺ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍ដឹង​នៅ​ថ្ងៃទី​១១​ មករា​ថា ​លោក​បាន​កោះហៅ​លោក ​ភឺន ដេ​ត ជា​នាយ​រង​នគរបាល​ប៉ុស្តិ៍​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ មក​សាក​សួរនៅ​ស្នង​ការដ្ឋា​ន​នគរបា​ល​ខេត្ត​កំពង់​ស្ពឺ​ហើយ​ក៏​កំពុង​បន្ត​ស៊ើប​បន្ថែម​ទៀត​​។​កា​របើក​ការ​ស៊ើប​អង្កេត​នេះ​គឺ​លោក​បាន​សាក​សួរ​អ្នក​ដែល​ត្រូវគេ​ចោទ​ប្រកាន់​ផង និង​ខាង​ភាគី​អ្នក​ស្រុក​ផង​ដើម្បី​រក​យុត្តិ​ធម៌​ត្រឹម​ត្រូវ​។​

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ដក​គាត់​មក​ទុក​នៅ​ស្នងកា​រដ្ឋាន​ហើយ​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​។​ យើង​ស៊ើប​សួរ​គាត់​ផង និង​ស៊ើប​សួរ​ខាង​អ្នក​ស្រុក​ផង​ដើម្បី​យើង​រក​យុត្តិធម៌​មួយ​ត្រឹម​ត្រូវ​តើ​វា​ពិត​ឬ​មិន​ពិត​យើង​កំពុង​តែធ្វើការ​ស្រាវជ្រាវ​ហើយ​»​។​


​បើតាម​លោក​ស្នងការ​ សម សាមួន ក​រណីនេះ​ខាង​ភាគី​ប្រជា​ពល​រដ្ឋ​បាន​ប្តឹង​ចូល​ផេ​ច​ហ្វេ​សប៊ុក​របស់​សម្តេច​ក្រឡា​ហោម ស ខេង​ ហើយ​នៅ​ពេល​ដែល​លោក​មើល​ឃើញ​នៅក្នុ​ង​ហ្វេ​ស​ប៊ុ​ក​ទៅ ​លោ​ក៏មាន​ចំណាត់​ការ​ស្រាវ​

​ជ្រាវ​ហៅ​អ្នក​ពាក់​ព័ន្ធ​មក​សាក​សួរ​ភ្លាមៗ​តែម្តង​។


​ពាក់​ព័ន្ធ​ករណី​នេះ​ដែរ​ លោ​ក ខឹម សាម៉ុន អធិការ​នគរ​បាល​ស្រុក​ឧដុង្គ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១១​ មករា ថា រឿង​នេះ​ពីដំបូង​ឡើយ​លោក​មិន​បាន​ដឹង​ថា​កើតមា​ន​ហេតុកា​រណ៍​បែប​នេះ​ទេ ដោយ​សារ​ខាង​នគរបាល​

​ប៉ុស្តិ៍​ព្រះ​ស្រែ ​មិនបា​ន​រាយការ​ណ៍​ជូនលោក​។​ ចំណែក​ឯខាង​​ភាគី​ប្រជា​ពលរដ្ឋ​វិញ​ក៏​មិន​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិកា​រ​ដ្ឋាន​នគ​របាល​ស្រុក​ឧដុង្គ​ដែរ​។​

​លោក​បញ្ជាក់ថា​​៖«​ខាង​ប៉ុស្តិ៍​មិន​បាន​រាយការណ៍​មក​អធិការ​ដ្ឋាន​ដែរ ​រហូត​មាន​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ព្រោង​ព្រាត​ផ្អើល​ពេញ​ហ្នឹង​ទៅ​។ ​ភ្លាមៗ​នោះ​ខ្ញុំ​ក៏​កោះ​ហៅ​មន្ត្រី​រូបនោះ​ទៅ​ស្នងការ​ដ្ឋាន​ខេត្ត​ដើម្បី​ស្រាវ​ជ្រាវ​បន្ត​»​។​

​ដោយ​ឡែក​លោក ស៊ុន តុ​ណ្ណា នាយនគរ​បាល​ប៉ុស្តិ៍​ព្រះ​ស្រែ បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១១​ មករា ថា ដំបូង​ឡើយ​ហេតុ​ការណ៍​នេះ​គឺ​កាល​ពី​វេលា​ម៉ោង​៧កន្លះ​យប់​ថ្ងៃទី​៧ ​មករា​ កម្លាំង​សមត្ថ​កិច្ច​ដែល​ដឹក​នាំ​ដោយ​លោក ​ភឺន ដេ​ត ​នាយរង​ប៉ុស្តិ៍​នគរបាល​ព្រះ​ស្រែ​ បាន​ជិះ​ម៉ូតូ​ដើរ​ល្បាត​នៅក្នុង​ភូមិ​សាស្ត្រ​ឃុំព្រះ​ស្រែ​ ដោយ​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ​ផង​។​ ការដែល​សមត្ថ​កិច្ច​ចុះ​ល្បាត​នាពេល​យប់​ ព្រោះ​ថា​អាច​មាន​ពាក់​ព័ន្ធ​នឹង​ក្មេងៗ​ជក់​គ្រឿង​ញៀន​ដែល​បើក​ម៉ូតូ​ឈូ​ឆរ​ចេញ​ចូល​ភូមិ​។​

​លោក​បាន​បន្ត​ថា ​ពេល​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​នោះ​ ស្រាប់តែ​ជួប​មនុស្ស​១​ក្រុម​បាន​នាំគ្នា​ផឹកស៊ី​នៅ​ក្នុង​ភូមិ​ទួល​តារា ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​។​ ពេល​នោះ​កម្លាំង​សមត្ថ​កិច្ច​បាន​ជិះ​ម៉ូតូ​កាត់​ក្រុមម​នុស្ស​

​ដែល​កំពុង​អង្គុយ​ផឹកស៊ី​នោះ ហើយ​ត្រូវ​ក្រុមនោះ​បានស្រែ​​កជេរ​​សមត្ថកិច្ច​​។​ គ្រានោះ​​កម្លាំង​​សមត្ថកិច្ច​ក៏បាន​ឈប់​ដើម្បី​សាក​សួរ​ពួកគេ​ តែ​ក្រុម​នោះ​នៅ​តែ​តមាត់​ដោយ​ប្រើស​ម្តី​គំរោះគំ​រើយ។ ដោយ​មើល​ទៅ​គួរឱ្យ​សង្ស័យ​ទើប​សមត្ថ​កិច្ច​ហៅ​ពួក​គេ​ទៅ​ប៉ុស្តិ៍​ដើម្បី​ពិនិត្យ​រកមើល​សារ​ធាតុ​ញៀន​នៅ​ក្នុង​ទឹក​នោម​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ពួកគាត់​ជេរ​ប្រជា​ការពារ​ ជេរ​ប៉ូលិស​ យើង​ក៏​ហៅ​ទៅ​សួរនាំ​ តែ​គេ​ឱ្យ​ពួក​គាត់​មក​វិញ​អស់​ហើយ ​មិន​បាន​វ៉ៃតប់​មាន​ស្លាកស្នា​ម​ដែល​ពេល​ថត​មាន​ស្លាក​ស្នាម​ពី​ណា​មក​?​ ឧបមា​ថា បើ​យើង​ជិះ​ធ្វើការ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ប៉ូលិស​ ហើយ​គេ​ស៊ីផឹ​ក​នៅ​កៀន​ផ្លូវ​ គេ​ស្រែក​ជេរ​យើង​ បើ​យើង​មិន​ឈប់​សួរនាំ​បាន​ន័យ​ថា​យើង​មិន​មែន​ជា​សមត្ថ​កិច្ច​ទេ​»​។​

​លោក​បន្តទៀ​តថា​៖«​មូល​ហេតុ​អី​បានជា​ឃើញ​ប្តឹង​ពេញ​វាល​តាម​ហ្វេ​ស​ប៊ុ​កអី​មក​អ៊ីចឹង​ទៅវិញ​។​ បើ​ថា​វ៉ៃ​ឱ្យមាន​ស្នាម​ឱ្យ​ថត​ពេញ​មុខ​មក​ តែ​ខ្ញុំ​អត់​ឃើញ​មាន​ស្នាម​ត្រង់​ណា​ត្រង់ណី​អត់​ផង​ហ្នឹង​។ ​គ្រាន់តែ​ទាញ​គ្រវាស​ត្រូវ​គ្នា​បន្តិច​បន្តួច​អត់​ឃើញ​មាន​ស្លាក​ស្នាម​អី​ផង​ហ្នឹង​»៕