ភ្នំពេញៈអគ្គ​នាយក​មជ្ឈ​មណ្ឌល​ស​កម្ម​ភាព​កំចាត់​មីន​កម្ពុជា លោក ហេង រតនា ​បាន​ឱ្យដឹងថា ឆ្នាំ​ ២០២២​ កន្លង​ទៅ​នេះ ​កិច្ចប្រតិ​បត្តិការ​បោសស​ម្អាត​មីន​ និង​សំណល់​យុ​ទ្ទ​ភណ្ឌ​សង្គ្រាម​នៃ​អង្គ​ភាព​ស៊ីម៉ាក់​បាន​បោស​សម្អាត​រំដោះ​ផ្ទៃដី​ចម្ការ​មីន ​និង​ចម្ការ​គ្រាប់​បាន​ជាង​ ១៩៤ ​គីឡូ​ម៉ែត្រការ៉េ ​និង​គ្រោង​បោស​សម្អាត​រំដោះ​ផ្ទៃដី​ចម្ការ​មិន​ និង​ចម្ការ​គ្រាប់​ចំនួន​ជាង​ ២៦៨ គីឡូ​ម៉ែត្រ​ការ៉េ​ទៀត នៅ​ឆ្នាំ​ ២០២៣ ​នេះ​។


​លោក ហេង រតនា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី១១ ​ខែមករា ​ថា​៖«​ក្នុង​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ យើងទទួ​លបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ដោយ​បាន​បោស​សម្អាត​រំដោះ​ផ្ទៃដី​ចម្ការមីន​និង​ចម្ការ​គ្រាប់​បាន​ជាង១៩៤គីឡូម៉ែត្រ​ការ៉េ​​ស្មើ​នឹង៩១,៤​ភាគ​រយគិត​ជា​តំបន់​ចម្កា​រមីន​មាន​ចំ​នួ​ន​ជាង​៣៤០​និង​ប្រកាសភូមិ​គ្មាន​មីន​ បាន​ចំនួន​១៦៨​ភូមិ និង​ប្រកាស​​ខេត្ត​គ្មាន​មីន​ចំនួន​៩​ ខេត្ត​/​រាជធានី​»​។

​លោក​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា បាន​ឱ្យដឹង​ទៀតថា ​ប្រតិបត្តិ​ការ​បោស​សម្អាត​មីន​នេះ​ ក្នុង​ឆ្នាំ ២០២២​នេះ​ដែរ កម្លាំង​បោស​សម្អាត​មីន​កម្ពុជា​បាន​រុករក​ឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន​និងគ្រាប់​មិនទា​ន់​ផ្ទុះគ្រប់​ប្រភេទ​បាន​ចំនួន ៦១​៤៧៧គ្រាប់​។ លទ្ធ​ផល​នៃ​កិច្ចប្រតិ​បត្តិការ​នេះ បាន​ផ្ដល់​ផល​ប្រយោជន៍​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ដល់​ប្រជា​ពលរដ្ឋ​ជាង​៣​ម៉ី​ន​គ្រួសារ​ សម្រាប់​ដី​លំនៅ​ឋាន ដី​កសិ​កម្ម និង​គាំទ្រ​ការ​អភិវឌ្ឍ​ក្នុង​មូល​ដ្ឋាន​។


​លោក ហេង រតនា បន្ថែម​ថា ទន្ទឹម​នឹងនេះ​ អង្គភាព​ស៊ីម៉ាក់​ក៏បាន​ផ្សព្វ​ផ្សាយ​អប់រំ​ការ​យល់ដឹ​ង​ពី​មីន​ដល់​ក្រុម​គោល​ដៅ​បាន​ចំនួន ​២២ ៧៦៥លើក មាន​មនុស្ស​ចូលរួម​សរុប​ចំនួន១ ៣៤២ ៧៩៤នាក់​។ លោក​ថ្លែង​ថា​៖«​ជាការ​ពិត​ណាស់ ​សមិទ្ធផល​ដែល​សម្រេច​បាន​ខាង​លើនេះ ​​ដោយ​សារតែ​បាន​ទទួល​ជំនួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​ជា​ពិសេស​ពីស​ម្តេច​តេ​ជោ ទាំង​ទស្សនៈ​ដឹកនាំ​ សម្ភារ​បច្ចេក​ទេស ​និង​ថវិកា​»​។

​ដោ​យឡែក​ក្នុង​ឆ្នាំ​២០២៣​នេះ អង្គ​ភាព​ស៊ីម៉ាក់ ​មាន​ផែន​ការ​បោសស​ម្អាត​រំដោះ​ផ្ទៃដី​ចម្ការ​មីន ​និង​ចម្ការ​គ្រាប់​ចំនួន​ជាង​ ២៦៨ គីឡូ​ម៉ែត្រ​ការ៉េ​​ និង​អាច​មាន​លទ្ធ​ភាព​ពង្រីក​បន្ថែម​ដល់​ប្រមាណ ​៣០០​គីឡូ​ម៉ែត្រ​ការ៉េ​ និង​ត្រៀម​ឆ្លើយ​តប​តាម​សំណើសុំ​អន្តរា​គមន៍​បន្ទាន់ៗ​មួយ​ចំនួន​តាម​ភារ​កិច្ច​ចាំបាច់​ដើម្បី​ធានា​សេចក្តី​សុខ​សុវត្ថិ​ភាព​របស់​ប្រជា​ពលរដ្ឋ​ និង​សង្គម​ជាតិ​។


​លោកទេស​រដ្ឋមន្ត្រី​ លី ធុជ អនុ​ប្រធាន​ទី​១ អាជ្ញា​ធរ​មីន​បាន​ឱ្យដឹង​ថា គិតពី​ឆ្នាំ​១៩៩២ ដ​ល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២២ ​កម្លាំង​សម្អាត​មីន​កម្ពុជា​បាន​បោស​សម្អាត​សម្រេច​លើ​ផ្ទៃដី​ចំនួន ​២ ៥៥៤គីឡូ​ម៉ែត្រ​ការ៉េ​​ រ​កឃើញ ​និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន​១ ១៥៣ ២១៧គ្រាប់​,មីន​ប្រឆាំង​រថ​ក្រោះ​ចំនួន ​២៦​ ១៣៥​គ្រាប់,សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៣ ​០៣៤ ​៧២៧គ្រាប់​។​

​លោក​ថ្លែង​ថា​៖«​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២២ យើង​នៅមាន​ផ្ទៃដី​មានការ​គំរាម​ប្រមាណ ១​ ៩៧៦គីឡូម៉ែត្រការ៉េ​ ​ដែល​ត្រូវ​បន្ត​ធ្វើការ​បោស​សម្អាត(​ផ្ទៃដី​ដែល​មាន​មីន៦៤៨​គីឡូ​ម៉ែត្រ​ការ៉េ ​​ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ ១៣០លាន​ដុល្លារ​អាមេរិក​)»​។​

​ទេស​រ​ដ្ឋមន្ត្រី លី ធុជ ​បាន​ឱ្យដឹង​ទៀតថា​ ម្ចាស់ជំ​នួយ​លើ​វិស័យ​សកម្ម​ភាព​មីន​បច្ចុប្បន្ន​រួម​មាន​៖ ប្រទេស​ជប៉ុន ស្វ៊ីស កា​ណា​ដា អូស្ត្រាលី អង់​គ្លេស អាល្លឺ​ម៉ង់ ​ចិន អា​មេរិក អៀរ​ឡង់​ ន័​រវែស​ កូរ៉េខាង​ត្បូង អង្គការ UNDP អង្គការ ​UNICEF និង​ជំនួយ​មនុស្ស​ធម៌​ពី​មូល​និធិ​ឯក​ជន​នានា​។​

​បើតាម​លោក លី ធុជ កម្ពុជា​គឺជា​រដ្ឋ​ភាគី​នៃ​អនុ​សញ្ញា​អន្តរ​ជាតិស្តីពី​ការ​ហាម​ការ​ប្រើប្រាស់ ​ការរក្សា​ទុក ​ការ​ផលិត ​និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស ​និង​ការ​បំផ្លាញ​គ្រាប់​មីន ដែល​បច្ចុប្បន្ន​មាន​ចំនួន​១៦៤​ប្រទេសជា​សមាជិក​។ កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ“​ឆ្ពោះ​ទៅរក​កម្ពុ​ជាមួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥”​ដែល​ទាម​ទារ​ឱ្យ​រាជរ​ដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អាជ្ញាធរ​មីន​ខិតខំ​ប្រឹង​ប្រែង​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ដើម្បី​អាច​ឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​ទាំង​អស់​នេះ​។​

​លោក​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ទិវា​មច្ឆ​ជាតិថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​អាងទឹក​ត្រពាំងថ្ម ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ​ខេត្តប​ន្ទាយមាន​ជ័យ ​លោកនា​យក​រដ្ឋមន្ត្រី​បាន​អំពាវ​នាវ​ឱ្យមាន​ការ​ចូលរួម​បរិច្ចាគ​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​បោស​សម្អាត​គ្រាប់​មីន ឈាន​ទៅ​សម្រេច​ឱ្យបា​ន​នូវ​សូន្យ​គ្រាប់​មីន​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៥ ​ផង​ដែរ​។

​លោក​ថ្លែង​ថា​៖«​សម្ទុះ​នៃ​ការ​ចូល​រួមចំណែក​ជា​ថវិកា​ពី​ស្ថាប័ន​ឯក​ជន ​អ្នកជំនួញ​ធំៗរហូត​ដល់​មន្ត្រីរាជ​កា​រ អ្នករក​ទទួល​ទាន​ក​ម្រិ​ត​មធ្យម ​និង​ក្រោម​មធ្យម បាន​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ទៀត​នូវ​កម្លាំង​សាមគ្គី​ភាព​ក្នុង​នាម​ជា​ខ្មែរ​ដែល​យក​ចិត្តទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិ​ភ័យ​ដោយ​សារ​គ្រាប់​មីន​»​។

​តាម​រយៈ​ការ​អំពាវនា​វ​នេះ ថវិកា​ជាង​១៨​លាន​ដុល្លារ ​ត្រូវ​បាន​ប្រើប្រា​ស់​សម្រាប់​បោស​សម្អាត​ផ្ទៃដី​ប្រមាណ៩៤​គីឡូម៉ែត្រ​ការ៉េ​ស្ថិត​ក្នុង​ខេត្ត​កំពត តាកែវ ស្វាយ​រៀង កំពង់​ចាម កំពង់​ឆ្នាំង ត្បូង​ឃ្មុំ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ស្ពឺ​៕