​ត្បូងឃ្មុំៈ​ គណបក្ស​ប្រជាជន​​កម្ពុជា​ (CPP)​ នៅ​ខេត្ត​ត្បូងឃ្មុំ ប្តឹង​លោក​ គង់ គាំ ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ដោយ​ទាម​ទារជំងឺចិត្ត ចំនួន ៥០ ម៉ឺន​ដុល្លារ​អាមេរិក​។ គណបក្ស​នេះ​អះអាងថា សារ​នយោបាយ​របស់លោក​ គង់ គាំ ថ្មីៗ​នេះ​មាន​គោលបំណង​ញុះញង់ និង​បង្កឱ្យមាន​ភាពវឹកវរ ចលា​ច​ល និង​អសន្តិសុខ​សង្គម​។​


​កាលពី​ថ្ងៃទី​ ៩ ខែមករា លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សារ​ព្រមាន​ដល់​គណបក្ស​នយោបាយ ដែល​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជាដោយ​ថា ប្រសិនបើ​គណបក្ស​ណាប​ន្ត​វាយប្រហារ​តទៅទៀត គណបក្ស​របស់លោក​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុងករណី​ចាំបាច់​តាមរយៈ​ផ្លូវច្បាប់​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​លើកឡើង​ដែរ​ថា គណបក្សនយោបាយ​ខ្លះ ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បើក​ការវាយប្រហារ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ថែម​ពីនេះ​លោក​ ហ៊ុន សែន បាន​ថ្លែង​ដោយ​ចំឈ្មោះ និង​បាន​ផ្តាំ​ទៅ​លោក​គង់ គាំ ឱ្យ​បញ្ឈប់​ការវាយប្រហារ​មកលើ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។


​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ដាស់តឿន​ជាការ​ព្រមាន​បន្ថែម​។ អ្នកឯង​សាកមើល៍​! ហ៊ុន សែន ហ៊ាន​វ៉ៃខ្នោះ​ចំពោះ​ជន​ក្បត់ ដែលមាន​ភ័ស្តុតាង​គ្រប់គ្រាន់​នៅ​ម៉ោង​ ១២​ យប់​។ ហ៊ុន សែន គឺ​មិន​ខ្លាច​អ្វី​ទាំងអស់ ទាក់ទង​នឹង​រឿង​ថែរក្សា​សន្ដិភាព​»​។​

​លោក​ថា​៖ «​ខ្ញុំ​សុំ​ព្រមាន​អ្នកឯង កុំឱ្យ​សោះ កុំ​។ អ្នកឯង​វ៉ៃ ប្រហារ​អី វ៉ៃ​ទៅ​! អ្នកឯង​អួត អ្នកឯង​វ៉ៃ​ទៅ​! អ្នកឯង​វ៉ៃ​គណបក្ស​ប្រជាជន អ្នកឯង​ដឹងថា គេ​ឈឺ​ទេ​»​។​


​ពាក្យបណ្តឹង​គណៈកម្មាធិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​​ត្បូងឃ្មុំ ដែល​តំណាង​ដោយ​លោក​ សេង ជ័យ​វុ​ធ អនុប្រធាន​រុម​ការងារ​យុវជន​គណបក្ស​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់ថា​៖ «​ចំពោះ​សម្ដី របស់​ឈ្មោះ គង់ គាំ ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​ញុះញង់ បង្កឱ្យមាន​ភាពវឹកវ​រ ចលាចល អ​សន្តិ​សុខ​សង្គម​»​។​

​យោងតាម​ពាក្យបណ្តឹង​នេះ លោក ​គង់ គាំ បាន​ថ្លែង​សារ​នយោបាយ កាលពី​ថ្ងៃទី​ ៧ មករា ក្នុង​វេទិកាសាធារណៈ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្នាក់ការ គណបក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​ ១០ មករា បញ្ជាក់ថា​៖ «​ខ្ញុំបាទ​សុំ​ប្ដឹង និង​ធ្វើ​សំណូមពរ​ចំពោះ​ឯកឧត្តម​ព្រះរាជ​អាជ្ញា ដូចខាងក្រោម​៖​សុំឱ្យ​ពិនិត្យ សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ​ គង់ គាំ តាម​បញ្ញត្តិ នៃ​ក្រម​ព្រហ្មទណ្ឌ​[​និង​] បង្គាប់​ឱ្យឈ្មោះ​គង់ គាំ បង់​សំណង​ជំងឺ​ចិត្ត​ចំនួន USD ៥០០ ០០០ ឱ្យទៅ​គណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​»​។​

​លោក​ គង់ គាំ ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១១ ខែមករា ថា លោក​បានឃើញ​ពាក្យបណ្តឹង​នេះហើយ​។ គណបក្ស​ភ្លើងទៀន និង​មេធាវី​កំពុងតែ​ផ្ទៀងផ្ទាត់​មើល​បញ្ហា​ទាំងអស់នេះ​។ នៅក្នុង​វេទិកា​នេះ លោក​បាន​ថ្លែង​ពាក់ព័ន្ធ​ពាក្យស្លោក​«​ផឹកទឹក​ឱ្យ​​នឹក​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​អ្នក​​ដាំ​» ដោយ​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ ខ្ញុំ​មិនបាន​ញុះញង់​អី ឬក៏​មាន​ពាក្យពេចន៍​អី​ធ្ងន់ធ្ងរ​រហូតដល់​ទៅ​ទុច្ចរិត រហូតដល់​ទៅ​ញុះញង់​ឱ្យ​វឹកវរ​ទេ បាទ​!»​។

​លោក​ថា សារ​របស់លោក​ចង់​ប្រាប់​សមាជិក​គណបក្ស​ភ្លើង​ទៀន អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ឱ្យ​ស្គាល់​គណបក្ស​ភ្លើងទៀន​ថា ប្រភព គឺមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ រដ្ឋ​ធម្ម​នុ​ញ្ញ​កម្ពុជា ហើយ​អ្នក​ដាំ គឺ​ «​អ្នកប្រជាធិបតេយ្យ​សេរី​ខ្មែរ​»​។ នៅក្នុង​វេទិកា​នោះ លោក​ក៏បាន​លើកឡើង​ពី​ពាក្យ​ថា «​ចង់​ឈ្នះ​» និង​ពាក្យ «​ចង់​ផ្លាស់ប្តូរ​»​។

​លោក ​គង់ គាំ ពន្យល់ថា​៖ «​ការចង់​ឈ្នះ ការចង់​ផ្លាស់ប្តូរ គ្រាន់តែ​ជា​ទឹកចិត្ត គ្រាន់តែ​ជា​ទ្រឹស្តី ហើយ​ការដែល​គេ​ហៅថា​គោលដៅ​ថា ចង់យក​ឈ្នះ​ប៉ុន្មាន​អាសនៈ​នៅ​មណ្ឌល​ខេត្ត​របស់ខ្លួន ក៏​ជា​ទ្រឹស្តី ក៏​ជា​ទឹកចិត្ត​ដែរ ទាល់តែ​សកម្មជន រចនាសម្ព័ន្ធ​ទាំងអស់ បេក្ខជន​អី យក​គោលនយោបាយ​របស់​គណ​បក្ស​ទៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​និង​ជឿ ហើយ​និង​គាំទ្រ តែប៉ុណ្ណោះ​ទេ បាទ​! ដូច្នេះ គំនិត​ប៉ុណ្ណឹង ដូច​អត់​មានអី​ជា​ទុច្ចរិត​ទេ ហើយ​អត់​មានអី​ជា​ញុះញង់​ឱ្យមាន​ភាពចលាចល​ទេ បាទ​!»​។​

​លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនទាន់​បានដឹង​ពី​ករណី​ប្តឹង​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា បើ​មានការ​រំលោភ និង​ល្មើសច្បាប់​នៅទីណា ទីនោះ​នឹងធ្វើ​ការប្តឹង ព្រោះ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​នៅតាម​បណ្តា​ខេត្ត​និង​ស្រុក​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ មិន​អាចឱ្យ​ជនល្មើស​ចេះតែ​ប្រព្រឹត្ត​បាន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បាន​ផ្សព្វផ្សាយ ក៏​រំឭក​ដាស់តឿន​ហើយ​ថា កុំឱ្យ​មានការ​ព្រហើន​រំលោភ​ដល់​សិទ្ធិ​គណបក្ស​ប្រ​ជា​ជនកម្ពុជា មួលបង្កាច់ ហើយ​និង​ប្រឌិត​រឿង​»​។​

​លោក​ យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការប្ដឹង​ផ្ដល់​គ្នា​របស់​អ្នកនយោបាយ​នឹងធ្វើ​ឱ្យ​ភាព​តានតឹង​ខាង​នយោបាយ​កើតមាន ហើយ​ការ​ប្រេះឆា រវាង​អ្នកគាំទ្រ​ក៏​អាច​កើតមាន​ដែរ​។ អ្នកនយោបាយ​គួរតែមាន​ពេល​វេលា​ជជែក​គ្នា ដើម្បី​រក​ដំណោះ​ស្រាយ និង​កំណត់​ពី​របៀប​ធ្វើ​នយោបាយ ក៏ដូចជា​កំណត់​ពី​របៀប​ឃោសនា ឬក៏​ប្រតិកម្ម ឬក៏​របៀប​រិះគន់​ជាដើម​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង ខ្ញុំ​ថា រឿង​ទាំងអស់នេះ ជា​រឿង​មួយ​សំខាន់ ពីព្រោះថា អ្នក​ន​យោ​បាយ ដែល​យើង​តែង​ឃើញ​កន្លងមក គឺ​ជម្លោះ​ទាស់ទែង​របស់​អ្នកនយោបាយ​ហ្នឹង គឺ​តែងតែ​កើតមាន​ជា​យូរយារ​មកហើយ ហើយ​ចេះតែ​បន្ត​កើតមាន ទោះបីថា ពេល​បោះឆ្នោត ឬក៏​មិន​បោះឆ្នោត​ក៏ដោយ ចេះតែ​កើតមាន​»​។​

​លោក​បន្ថែមថា​៖ «​អ៊ីចឹង ខ្ញុំ​ថា ដើម្បី​កុំឱ្យ​មានការ​ប្ដឹងផ្ដល់​គ្នា អ្នកនយោបាយ​គួរតែ​កំណត់​ពី​គោលការណ៍​រួមមួយ ថា​តើ​កម្រិត ប៉ុនណា​ដែល​វា​ដល់​ពិតាន​ដែល​ត្រូវតែ​ថយចុះ​មកវិញ កុំឱ្យ​មានការ​ទម្លុះ​ដំបូល​តទៅទៀត ដែល​ធ្វើឱ្យ​បែកបាក់​ជាតិ ធ្វើឱ្យ​មានការ​ខាត​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​»​។​

​លោក ​យង់ ពៅ អគ្គលេខា​ធិ​​ការ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការបញ្ចេញ​មតិយោបល់​ក្នុងសង្គម​ប្រជាធិបតេយ្យ គឺជា​ផ្កា​ចម្រុះ​ពណ៌ ដែល​ធ្វើឱ្យ​សង្គម​មាន​លក្ខណៈ​ផូរផង់​នៃ​ប្រជា​ធិបតេយ្យ​។ ការបញ្ចេញមតិ​យោបល់​ដោយ​មុសា ដោយ​បញ្ចើចបញ្ចើ ដោយ​ឆេះ ដោយ​​បង្ក​ចលនា​ឱ្យ​វឹកវរ និង​អ​សន្តិ​សុខ​សង្គម ទើប​មាន​វិធានការ​ផ្លូវច្បាប់ ឬក៏​មានការ​ប្ដឹងផ្ដល់​។​

​លោក​ថា​៖ «​ដោយឡែក ករណី​បណ្ដឹង​លោក​ គង់ គាំ នេះ ទី​ ១ ខ្ញុំ​សូមបញ្ជាក់ថា វា​ជា​សិទ្ធិ​របស់​អ្នកប្ដឹង​។ ទី​ ២ វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។ បើ​តុលា​ការរក​ឃើញថា លោក​ គង់ គាំ ពិត​ជាមាន​អង្គហេតុ​ច្បាស់លាស់ ដែល​គាំទ្រ​ទៅដល់​បណ្ដឹង​ដែលនាំឱ្យ​គាត់​មានទោស​ទណ្ឌ នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​»​។

​លោក ​យង់ ពៅ បាន​បន្ថែមថា​៖ «​ប៉ុន្តែ​បើតាម​ខ្ញុំ​មើលឃើញ​សំណេរ​នៅក្នុង​ពាក្យបណ្ដឹង ហាក់ដូចជា​មិនទាន់មាន​លក្ខ​ខណ្ឌ​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា បង្កឱ្យមាន​ចលាចល​នោះទេ​។ ទោះយ៉ាងណា ខ្ញុំ​អនុលោម​ទៅតាម​អ្នកប្តឹង ម្ចាស់​បណ្តឹង គឺជា​សិទ្ធិ​របស់​ម្ចាស់​បណ្តឹង ហើយ​ការសម្រេច គឺជា​សិទ្ធិ​តុលាការ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​»៕

វីដេអូ៖