​ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ​ស្នើឱ្យ​រដ្ឋបាល​រាជ​ធានី​ខេត្ត ក្រុង ស្រុក ធ្វើការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​រាជ​ការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ច​សន្យា តាមរយៈ​រៀបចំ​ការ​ប្រ​ឡង​ប្រជែង​ជ្រើសរើស​សិស្ស​និស្សិត និង​មន្ត្រីរាជការ ដោយ​ធានាឱ្យមាន​តម្លាភាព និង​គណ​​នេ​យ្យ​ភាព​ខ្ពស់​ផ្អែកលើ​គោល​ការណ៍​គុណា​ធិបតេយ្យ ព្រម​ទាំង​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​ជា​ជនពិការ​ភាព និង​ជា​ស្ត្រី​។​


​លោក ​ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ បានឱ្យដឹង​តាមរយៈ​លិខិត ជម្រាប​ជូនទៅ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ថា​៖​ «​ករណី​ចាំបាច់​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក​អាចធ្វើ​សំណើសុំ​កិច្ចសហការ​មក​ក្រសួង​មុខងារ​សាធារណៈ យ៉ាងយូរ​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​ ២០២៣ ដើម្បី​រៀបចំ​ការប្រឡងប្រជែង​ជំនួស​។ ការរៀបចំ​ប្រឡង​​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ត្រូវអនុវត្ត​តាមបែប​បទ​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។​

​ក្នុង​លិខិត​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ១១ ខែមករា​នេះ លោក ព្រំ សុខា បានឱ្យដឹង​ទៀតថា ចំពោះ​ការ​ជ្រើស​រើស​មន្ត្រី​ជាប់កិច្ចសន្យា តាម​រយៈ​ការប្រឡងប្រជែង (​វិ​ញ្ញា​សា​សរសេរ ឬ​សម្ភាស​ផ្ទាល់មាត់​)​ ត្រូវគោរព​តាម​គោលការណ៍​និង​លក្ខខណ្ឌ​ដូចជា​៖ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងតិច​ ១ ​សប្តាហ៍ ដើម្បី​ផ្ញើជូន​មក​មន្ទីរ​មុខងារសាធារណៈ និង​ចម្លងជូន​មក​ក្រសួង​មុខងារសាធារណៈ​។


បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ ព្រមទាំង​មាន​អាយុ​យ៉ាងតិច​ ១៨ ឆ្នាំ និង​ត្រូវបំពេញ​ការងារ​សម្រាប់​រយៈពេល​យ៉ាងតិច ៣ ខែ និង​យ៉ាងច្រើន ១២ ​ខែ ក្នុង​ឆ្នាំ​នីមួយៗ​។ ពេល​ចូល​បម្រើ​ការងារ​ត្រូវបំពេញ​ប្រវត្តិរូប និង​របប​ស្វ័យ​ប្រកាស ដែល​ត្រូវបាន​ធានា​អះអាង និង​បញ្ជាក់ ពី​ការប្រើប្រាស់​ជាក់ស្ដែង​ពី​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​។ ជាមួយគ្នា​នោះ ត្រូវ​រៀបចំ​ដីកា​បញ្ចូល​ការប្រើប្រាស់​មន្ត្រី​ជាប់​​កិច្ចសន្យា​តាម​តម្រូវការ​ជាក់​ស្ដែង​នៅក្នុង​រចនាសម្ព័ន្ធ របស់​សាមី​អង្គភាព ដើម្បី​ផ្ញើជូន​មក​មន្ទីរ​មុខងារសាធារណៈ និង​ចម្លងជូន​មក​ក្រសួង​មុខងារ​សាធារណៈ​។

​លោក​បញ្ជាក់ថា​៖ «​ករណី​មាន​បម្រែបម្រួល​តួលេខ​មន្ត្រី​ជាប់កិច្ចសន្យា​ខុសពី​តារាង​ឧ​បសម្ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបែងចែក​ការប្រើ​ប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មុខងារសាធារណៈ ត្រូវ​ស្នើសុំ ទិដ្ឋាការ​ទទួលស្គាល់​ពី​ក្រសួង​មុខងារសាធារណៈ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​»​។


​លោក ឌី រ៉ា​ដូ អភិបាលរង​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី ​១១ ខែមករា ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​មិនទាន់​បានរៀបចំ​ការប្រឡង​ជ្រើសរើស​នៅឡើយ​ទេ លិខិតផ្លូវការ​ពី​ក្រសួង​មុខងារសាធារណៈ​ក៏​នៅ​មិនទាន់​បានទទួល​ផងដែរ​។ នៅពេល​ទទួលបាន​លិខិត​ផ្លូវ​ការ​ពី​ក្រសួង​ក្នុងការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​នេះ ខេត្ត​នឹង​ពិនិត្យមើល​ជាក់ស្តែង ហើយនឹង​រៀបចំ​ការប្រឡង​ឱ្យបាន​ត្រឹមត្រូវ និង​ធានា​គុណ​ភាព​ពិតប្រាកដ​។

​លោក​ថ្លែងថា​៖ «​ជា​គោល​ការណ៍​យើង​មិន​រើសអើង​ទេ ទាំង​ស្ត្រី ទាំង​ជនពិការ​ដែល​មក​ដាក់​ពាក្យ​។ កន្លងមក​សាលា​ខេត្ត​យើង​បានប្រកាស​ឱ្យចូល​ប្រឡង​មាន​បុរស និង​ស្ត្រី​ដែល​បាន​ជាប់​ដោយឡែក បេក្ខភាព​ជា​ជនពិការ​ដូច​អត់​មាន​ក្នុង​ខេត្ត​យើង​។ ហើយ​គុណភាព​ការប្រឡង គឺ​ខ្ញុំ​ធានា​អះអាងថា ពិតជា​ជាប់​ដោយ​សមត្ថ​ភាព​ពិតប្រាកដ​»​។

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​នៅ​ថ្ងៃទី ​១១ ខែមករា​នេះ ថា បន្ទាប់ពី​បានទទួល​លិខិត​ពី​ក្រសួង​មុខងារសាធារណៈ រដ្ឋបាលខេត្ត​កំពុង​រៀបចំ​ធ្វើ​ផែនការ​ក្នុងការ​រៀបចំ​ការប្រឡង ដោយមាន​ការ​សម្របសម្រួល​ពី​មន្ទីរ​មុខងារ​សាធារណៈ​។ ការជ្រើសរើស​មន្ត្រី​ថ្មី​មក​បម្រើការ​នៅតែ​មានការ​ចាំបាច់​ព្រោះ​បច្ចុប្បន្ន​ចំនួន​មន្ត្រី​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នៅឡើយ​៕