ភ្នំពេញៈ ​នៅ​​ក្នុង​ជំនួប​​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ (ICRG-JG)​​ កាល​​ថ្ងៃ​ទី​ ១១ ​ខែ​មករា ​ឆ្នាំ​ ២០២៣​ ថ្នាក់​ដឹកនាំ​រាជរដ្ឋា​ភិបាលកម្ពុជា​ ​​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ ចំពោះ​ការ​ប្រយុទ្ធ​​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញ​ប្បទាន​ដល់​ការរីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ​ ។


​​ក្នុង​ជំនួប​ជាមួយ លោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់​ខ្ពស់ផ្នែក​វិភាគ​គោលន​យោបាយ​ នៃ​លេខា​ធិ​ការ​ក្រុម​ការងារ​ហិរ​ញ្ញវ​ត្ថុ (FATF) ដែល​ដឹកនាំ​គណៈ​ប្រតិភូ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ (ICRG-JG)​​ លោក ស ខេង ឧបនា​យក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​បង្ហាញ​​នូវការ​ប្ដេជ្ញា​ចិត្ត និង​ឆន្ទៈ​ដ៏មោះមុត​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្ប​ទាន​ប្រឆាំង​នឹង​ការរីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ។

​​លោក ស ខេង បាន​​​​បន្តថា ចាប់​តាំងពីឆ្នាំ ២០១៩ រហូត​មកដល់​ពេល​នេះ កម្ពុជា​បាន​សម្រេច​​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន​ ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការកសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​បម្រើ​ការងារ​ទាំងនេះ​ និង​ការ​អនុវត្ត​​កិច្ចការ​មួយ​ចំនួន​ដែល​តម្រូវ​ដោយ​ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ។


​បើ​តាម​លោក​ ស ខេង ទន្ទឹម​នឹង​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​បម្រើ​ឱ្យ​កិច្ចការ​ប្រឆាំង​ការសម្អាតប្រាក់​នោះ កម្ពុជា​ក៏បាន​ពិនិត្យ​ និង​កែ​សម្រួល ព្រមទាំង​ពង្រឹង​យន្តការ​​ការងារ​ទាំងនេះ​យ៉ាង​សកម្មផង​ដែរ ទាំង​យន្ដការ​នៅកម្រិត​ថ្នាក់​ជាតិ កម្រិត​នយោបាយ និង​ទាំង​យន្តការ​កម្រិត​បច្ចេក​ទេស ក្នុង​នោះ​បាន​រៀប​ចំជា​អនុគណៈ​កម្មការ​ដែល​មាន​សមត្ថកិច្ច​ទៅ​លើ​កិច្ចការ​ពាក់ព័ន្ធ​ទៅ​តាម​វិស័យ​នៃការ​ទទួល​ខុស​ត្រូវរៀងៗ​ខ្លួន​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទៅ​លើការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​នៃ​ភេរវកម្ម និង​ហិរញ្ញវត្ថុ​ទាន​ដល់​ការរីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ។

លោក ស ខេង បញ្ជាក់​ថា៖ «​កម្ពុជា​ក៏​កំពុងតែ​ខិតខំ​ធ្វើ​យ៉ាងណា​ ដើម្បី​ពង្រឹង​នូវ​យន្តការ​ទាំងនេះ​ព្រម​ទាំង​ពង្រីក​វិសាល​ភាព​នៃ​យន្តការ​ទាំង​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា ធានា​ដល់​ប្រសិទ្ធភាព​ការងារ​ ក៏ដូច​ជានិរន្តរភាព​ការងា​រនេះ»។


រហូត​​មក​ដល់​ពេល​នេះ​ កម្ពុជា​ក៏បាន​ចាត់តាំង​ការផ្សព្វ​ផ្សាយ​បណ្ដុះបណ្ដាល​អំពី​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និងហិរញ្ញប្ប​ទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យនេះ ជា​បន្តបន្ទាប់​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​​ផ្សព្វផ្សាយ​ឱ្យ​មាន​ការយល់ដឹង​ជ្រួត​ជ្រាប​កាន់តែ​ទូលំទូលាយ​ក៏ដូ​ចជាផ្តល់​ការបណ្តុះ​បណ្តាល​ដល់ភាគី​ពាក់ព័ន្ធ ​ដើម្បី​កៀរ​គរ​ការ​គាំទ្រ ​និង​ការចូលរួម​សំដៅ​ធ្វើ​យ៉ាងណា​ចូលរួម​អនុវត្ត​តាម​ច្បាប់​ក៏ដូច​ជា​លិខិត​បទដ្ឋាន​គតិ​យុត្ត ដែល​នៅជា​ធរ​មាន​របស់​កម្ពុជា​។

ក្នុង​ជំនួ​បនោះ លោក​ស្រី ម៉ាលីន វ៉ាន ក៏បាន​ថ្លែង​អំណរ​គុណចំពោះ​ថ្នាក់​ដឹក​នាំ​កម្ពុជា និង​ក្រុមការងា​រ​របស់​គណៈ​កម្មការ​សម្រ​ប​សម្រួល​ថ្នាក់ជាតិ​របស់​កម្ពុជា ចំពោះ​ការ​ស្វាគមន៍ និង​បដិ​សណ្ឋារកិច្ច​យ៉ាង​កក់​ក្តៅ​រាក់​ទាក់ ដល់​គណៈ​ប្រតិភូ​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក​ស្រីក៏បាន​កោតសរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះភាពបើក​ទូលាយ និង​កិច្ច​សហប្រតិ​បត្តិកា​រ ការ​ចូលរួម​យ៉ាង​ល្អប្រសើរ​របស់​កម្ពុជា នៅ​ក្នុង​ដំណើរការ​បំពេញ​ការងារ​របស់​ក្រុម​ការងារ​លោកស្រី​នៅកម្ពុជា។

​លោក ប៉ិច​ ពិសី ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ​​បាន​​ថ្លែង​ថា ​ក្នុង​​​ដំណើរ​​​​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិភាគ​គោល​នយោ​បាយ នៃ​លេខា​ធិ​ការក្រុមការ​ងារហិរញ្ញវត្ថុ (FATF) គឺ​ដើម្បី​ត្រួត​ពិនិត្យ​មើល​នូវ​ការ​អនុវត្ត​អនុសាសន៍​ចាស់​ដែល​បាន​​ដាក់​​កន្លងមក។ តាមរយៈជំនួបថ្មី គេ​ក៏នឹងដាក់​នូវ​អនុសាសន៍​ថ្មី​សម្រាប់​​​ឱ្យ​ភាគី​កម្ពុជា​អនុវត្ត​ផង​ដែ​រ។

លោក ប៉ិច​ ពិសី និយាយថា៖​«រឿង​ដែល​សំខាន់​សម្រាប់កម្ពុជា​​ ប្រសិន​យើង​មាន​ឆន្ទៈ​នយោ​បាយខ្ពស់​ ហើយ​ខ្ញុំ​ក៏បាន​ឃើញ​ពី​ឆន្ទៈខ្ពស់​ពី​នាយករដ្ឋមន្ត្រី​ ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​​ក្នុង​ការ​ធ្វើយ៉ាងណាឱ្យ​កម្ពុជា​អា​ច​មាន​លទ្ធភាព​​​ដកខ្លួន​ចេញ​ពី​​​បញ្ជី​ប្រផេះ​​។ នេះ​ជា​កា​រតាំង​ចិត្ត​ដ៏ល្អ​ ហើយអង្គការ​សង្គម​ស៊ីវិល​មាន​ការ​ស្វាគមន៍​ចំពោះ​​​កា​រតាំងចិត្តនោះ។ អ្វីដែលចាំ​បាច់នោះ ​គឺ​ការ​ជំរុញ​ការ​អនុវត្ត​ទៅ​តាម​​អនុសាសន៍​នីមួយៗ​ដែលផ្តល់​ដោយ FATF ឱ្យ​មាន​ប្រសិទ្ធភាព»។

​បើយោង​តាម​​ការ​ថ្លែង​​របស់​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​​​លោក​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​លោកស្រី ម៉ាលីន បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញា​ចិត្ត​​របស់​កម្ពុជា ហើយ​បាន​លើក​ទឹក​ចិត្ត​កម្ពុជា ​ឱ្យ​នាំមុខ​ប្រទេស​ដទៃ​ទៀត​លើ​វិស័យ​ហិរញ្ញប្បទាន​បៃតង និង​ការ​អភិវឌ្ឍ​បៃតង៕ ​