ស្ថាប័នរដ្ឋាភិបាល និងគម្រោងអច្ឆរិយមេគង្គ នៅថ្ងៃទី ១៣ ខែមករានេះ បានរៀបចំពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គ និងទន្លេសាប សរុបជាង ៥ ពាន់ក្បាល ចូលទន្លេវិញ ដើម្បីទុកឱ្យវាបានបន្តពូជ និងអាចបង្កើនចំនួនត្រីកម្រ។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា រួមជាមួយ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោក ហាស់ សារ៉េត បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុមុខ រាជធានីភ្នំពេញ។
ត្រីប្រភេទកម្រជាច្រើនប្រភេទដែលត្រូវបានលែងនោះរួមមាន ត្រីរាជធំចំនួន ២ក្បាល ត្រីគល់រាំង និងត្រីប្រាធំសរុបចំនួន ៥០០២ ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។
នាពិធីនោះ លោក នេត្រ ភក្ត្រា និងលោក ហាស់ សារ៉េត បានថ្លែងស្រដៀងគ្នា ដោយបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។
ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា៖«ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ»។
សូមជម្រាបថា ត្រីរាជមួយក្បាលទម្ងន់ ៤៦ គីឡូក្រាម ដែលមានប្រវែង ១៥៧ ស.ម ត្រូវបានអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក ដោយឧបករណ៍ម៉ាញ់ ស្ថិតនៅក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោមកិច្ចសហការជាមួយអ្នកនេសាទ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយនៃទន្លេមេគង្គ បានពាក់ស្លាកសញ្ញាក្នុងគោលបំណងសិក្សាតាមដានការបម្លាស់ទី ជាពិសេសលើការអភិរក្សប្រភេទត្រីកម្រនេះ ហើយត្រីរាជដែលចាប់បាននេះត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ។
ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។
គួរជម្រាបដែរថា ប្រភេទត្រីធំៗដូចជាត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ពោព្រុយ និងត្រីត្រសក់ដែលជាប្រភេទត្រីជិតផុតពូជ បានចាប់ផ្តើមបម្លាស់ទីចេញពីបឹងទន្លេសាប នាចុងខែតុលារហូតដល់ខែធ្នូ ដោយឆ្លងកាត់ទន្លេសាប រួចឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង។
ជាមួយគ្នានេះដែរ ក្រុមការងារជលផល បានធ្វើការផ្សព្វផ្សាយ និងសំណូមដល់ប្រជានេសាទមេត្តាចូលរួម និងផ្តល់ព័ត៌មានដល់រដ្ឋបាលជលផលក្នុងការចូលរួមអភិរក្សប្រភេទត្រីកម្រនេះ៕