ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បញ្ជាក់​ជូន​សាធារណជន​ថា ថវិកា​រដ្ឋ​ដែល​បុគ្គល ឡាយ សំណាង អតីត​មន្រ្តី​សង្គមកិច្ច​ផ្នែក​ហិរញ្ញវត្ថុ បាន​កិបកេង​ប្រមាណ ៤០ ម៉ឺន​ដុល្លារ​នោះ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ដែល​រដ្ឋ​កំពុង​ផ្តល់​ជូន​ដល់​ជន​ក្រីក្រ​នោះទេ​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចុះ​ថ្ងៃទី​១៣ ខែ​មករា បាន​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​បុគ្គល ឡាយ សំណាង អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ ២០២៣ គឺ​បាន​កិបកេង​យក​ថវិកា​រដ្ឋ​ឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដោយ​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ថវិការដ្ឋ​ដែល​បុគ្គល ឡាយ សំណាង បាន​កិបកេង​យក​នេះ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ជំនួយសង្គម​ជា​សាច់ប្រាក់ ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ឧបត្ថម្ភ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដូចជា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ​អាយុ​ក្រោម ២ឆ្នាំ​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​កូវីដ១៩ កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​អំឡុងពេល​បិទ​ខ្ទប់​ក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយរង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ រង​ហានិភ័យ​ដែល​រង​ផល​ប៉ះពាល់​ទឹកជំនន់​នោះឡើយ»។


ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​នេះ ក្រសួង​សង្គមកិច្ច បាន​រៀបចំ​ក្រុម​ការងារ​ដើម្បី​ត្រួត​ពិនិត្យ​លើ​ភាព​មិនប្រក្រតី​នេះ និង​តម្រូវ​ឱ្យ​បុគ្គល ឡាយ សំណាង សងប្រាក់​មក​ក្រសួង​វិញ ប៉ុន្តែ​បុគ្គល​រូបនេះ ព្យាយាម​គេចវេះ និង​ពន្យារ​ពេល​ដោះ​ស្រាយ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​ថវិកា​រដ្ឋ​ទាំងអស់​នោះ​មក​សង​វិញ​នោះ​ឡើយ។

ពាក់ព័ន្ធ​ករណី​នេះ ក្រសួង​សង្គមកិច្ច បាន​ចាត់​វិធានការ​ខាង​វិន័យ​រដ្ឋបាល និង​បាន​ស្នើឱ្យ​មេធាវី​ប្រចាំ​ក្រសួង​រៀបចំ​កសាង​ពាក្យ​បណ្តឹង​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។


លោក ឡាយ សំណាង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើការ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ ២០២៣ ពាក់ព័ន្ធ​កិបកេង​ថវិកា​រដ្ឋ​ចំនួន ៣៨​ម៉ឺន​ដុល្លារ និង​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ អ្នក​នាំពាក្យ​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ឱ្យ​ដឹង​ថា តំណាង​អយ្យការ បានបើក​ការ​ស៊ើបសួរ​ពីបទ ការ​កេងយក​ផល​ប្រយោជន៍​ដោយ​ខុសច្បាប់ និង​បទ​សម្អាត​ប្រាក់ ដោយ​យោង​មាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម៕