
ភ្នំពេញៈ ទិន្នផលស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងឆ្នាំចុងក្រោយនេះកើនឡើងគួរឱ្យកត់សម្គាល់ ហើយចំនួនស្រូវដែលបានលក់ចេញក្នុងឆ្នាំ២០២២មានចំនួន ១ ២៣៨ តោន ដែលកើនឡើងចំនួន ២២៥ តោន។ នេះបើយោងតាមអង្គការសន្សំម្លប់ព្រៃ។
គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបាននិងកំពុងពង្រីកខ្លួនទៅកាន់តំបន់គោលដៅបន្ថែមទៀតជាបន្តបន្ទាប់។ ដោយសារការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក៏ដូចជាបុគ្គលិករបស់អង្គការសន្សំម្លប់ព្រៃទៅលើបច្ចេកទេសដាំដុះនានា បានជំរុញឱ្យទិន្នផលនៅតាមតំបន់គោលដៅមួយចំនួនមានការកើនឡើង។
ក្រុមការងារសន្សំម្លប់ព្រៃនៅតាមតំបន់គោលដៅនីមួយៗកំពុងធ្វើការគណនាទៅលើទិន្នផលសរុបប្រចាំឆ្នាំ២០២២។ ក្នុងនោះផងដែរ កសិករគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ បានសម្រេចលក់ចេញនូវទិន្នផលស្រូវមួយចំនួនក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារទូទៅពី៤០% ទៅ៧០%។ ចំនួនស្រូវដែលបានលក់ចេញក្នុងឆ្នាំ២០២២ គឺមានចំនួន១ ២៣៨តោន ដែលជាការកើនឡើងចំនួន២២៥តោន បើធៀបទៅទិន្នផលស្រូវលក់ចេញក្នុងឆ្នាំ២០២១។ នេះយោងតាមអង្គការដដែលនេះ។
ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ គឺជាគម្រោងដែលតម្រូវឱ្យកសិករចូលរួមក្នុងគម្រោងផលិតស្រូវ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ធនធានព្រៃឈើ សត្វព្រៃ និងមិនទន្ទ្រានដីព្រៃនោះជាដើម។
ក្នុងពិធីអបអរទិវាប្រជាកសិករដែលបានធ្វើឡើងកាលពីខែធ្នូកន្លងមក ក៏មានការផ្សព្វផ្សាយសមិទ្ធផលគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃនៅភូមិគោលដៅនិងផែនការពង្រីកបន្ទាប់ លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងការគាំទ្រពីភាគីពាក់ព័ន្ធ ក៏ដូចជាចែករំលែកបទពិសោធន៍កន្លងមក និងការប្រមូលមតិយោបល់ពីអ្នកចូលរួមសម្រាប់ការពិភាក្សាផងដែរ៕
