បាត់ដំបងៈ ខេត្តបាត់ដំបង​ជាប់​ជយលាភី​លេខ​​ ១ ខណៈ​ខេត្ត​ ២ ​ផ្សេងទៀត រួមមាន​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​បានជា​ប់​ជយលាភី​ “​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២” ​តាមរយៈ​ការបើក​ឱ្យមាន​ការបោះឆ្នោត​ជា​សាធារណៈ ខណៈ​ការប្រគល់​ពានរង្វាន់ នឹង​ធ្វើឡើង​នៅក្នុង​ខែកុម្ភៈ ខាងមុខ​។​


​ការបោះឆ្នោត​ជា​សាធារណៈ​ត្រូវបាន​ធ្វើឡើង​តាមរយៈ គេហ​ទំព័រ​ផ្លូវការ http://bestcoun-tdowncity.cambodiacleancity.gov.kh/​ចាប់ពី​ថ្ងៃ ទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី ​២ ខែមករា ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​រួម​រវាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍​ដែល​បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ​ចុះ​ថ្ងៃទី​ ១៥ ខែមករា បានឱ្យដឹងថា ជា​លទ្ធផល ទីក្រុង​នៃ​ខេត្ត​ចំនួន​ ៣ បាន​ជាប់​ជយលាភី "​ទីក្រុង​ស្អាត​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ ២០២២" (Best Countdown City of The Year 2022) ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​បំផុត រួមមាន​លេខ​ ១​ ខេត្តបាត់ដំបង លេខ​ ២ ខេត្ត​ព្រះសីហនុ និង​លេខ ​៣ ខេត្តសៀមរាប​។


​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួង​ទេស​ចរណ៍ បាន​សម្តែង​ការចូលរួម​អបអរសាទរ​ចំពោះ​ជយលាភី​ទាំង ៣​ ខាងលើ ខណៈ​ពិធី​ប្រគល់​ពានរង្វាន់​នឹង​ប្រព្រឹត្ត​ទៅក្នុង “​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​” នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ បាន​ថ្លែងថា ក្នុងអំឡុង​​ពេល​បុណ្យចូលឆ្នាំ​សកល ក្រុម​​ការងារ​ខេត្ត​បានរៀបចំ​តុបតែង​លម្អ​ក្រុង ដោយ​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នៅតាម​ទីសាធារណៈ និង​មានការ​ប្រគំ​តន្ដ្រី ការសម្ដែង​សិល្បៈ​ផ្សេងៗ​ជាច្រើន ក៏ដូចជា​មានការ​តាំងពិព័រណ៍​ម្ហូបអាហារ​ផងដែរ​។


​លោក​ថា​៖ «​សំខាន់​គឺ​បងប្អូន​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​គាំទ្រ​តាមរយៈ​ស្គែ​ន QR code របស់​ក្រសួងទេសចរណ៍ ដែល​នេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ហើយ​យើង​នឹង​ខិតខំ​រៀបចំ​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ដោយ​យើង​នឹងមាន​កិច្ចប្រជុំ​បន្ថែមទៀត​»​។​

​ខេត្តបាត់ដំបង មាន​សក្តានុពល​ទេសចរណ៍​ច្រើន រួមមាន​រមណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ទេសចរណ៍​ធម្មជាតិ ផ្ទះ​បុរាណ អគារ​បុរាណ និង​មាន​ម្ហូបអាហារ​សម្បូរបែប ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ចង់ទៅ​លេង​ក​ម្សា​ន្ត​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ​ឡុង ឌី​ម៉​ង់ ថ្លែងថា ជយ​លា​ភី​នេះ​គឺជា​មោទនភាព​មួយ​របស់​ខេត្ត​ព្រះសីហនុ ហើយ​ក្រុម​ការងារ​ខេត្ត​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​រៀបចំ​ក្រុង​ឱ្យ​កាន់តែ​ទាក់​ទាញ ទាំង​ផ្នែក​សោភណភាព អនាម័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​ថា​៖«​ទោះបីជា​យើង​មិនទាន់បាន​លេខ​ ១ ប៉ុន្តែ​យើង​ស្ថិតក្នុង​លេខ ​២ ក៏​ជា​ជយលាភី​ ១​ ដែរ ហើយ​ជា​មោទនភាព​របស់​រដ្ឋបាលខេត្ត និង​សេចក្ដី​រីករាយ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​ផងដែរ​»​។

​លោក​ថា ជយលាភី​នេះ គឺជា​សញ្ញាណ​មួយ ដែល​បង្ហាញឱ្យឃើញថា ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​បាន​និង​កំពុង​វិល​មកកាន់​ខេត្ត​ព្រះសីហនុ​វិញ​ជា​បណ្តើរៗ​។

លោក​ថា​៖ «​ទោះ​ជយលាភី​នេះ​ជា​លក្ខណៈ​ក្នុងស្រុក​ក៏ដោយ ប៉ុន្តែ​បង្ហាញឱ្យឃើញថា ជាការ​​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​អ៊ីចឹង​ជាស​ញ្ញា ១ ​ទៀត ដែល​យើង​ត្រូវតែ​ត្រៀម​បម្រុង​បន្ថែម លើ​កិច្ចការងារ​ផ្សេងៗ​មាន​ទាំង​ការរៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​យន្តការ​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវ​»​។

​លោក​បន្ថែមថា កត្តា​សំខាន់ៗ​នៃ​ការទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ជាពិសេស​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ ២០២២ ដោយសារ​មានការ​អភិវឌ្ឍ​ទីក្រុង​ល្អប្រសើរ ក្នុងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ការតុបតែង​ភ្លើង​លម្អ​ទីក្រុង សួនច្បារ អគារ​សាធារណៈ និង​ឯកជន​ការគ្រប់គ្រង​បរិស្ថាន​អ​នា​​ម័​យ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​សាធារណៈ​ទីក្រុង និង​ឆ្នេរ​បានល្អ​ប្រសើរ​។​

​លោក​ថា​៖ «​ការគ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​ ១៩ បានល្អ​​ប្រសើរ តាមរយៈ​យុទ្ធនា​ការចាក់​សាំង និង​អនុវត្ត​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ការរៀបចំ​ពិព័រណ៍ ការប្រគំ​តន្ត្រី មាន​កោះ ឆ្នេរ​ខ្សាច់​ស រមណីយ​​ដ្ឋា​ន​ធម្មជាតិ​ទាក់ទាញ​ជាច្រើន ជាពិសេស​មាន​ឆ្នេរ​សាធារណៈ​ច្រើន មាន​បន្ទប់ទឹក​សា្អ​ត​ដោយ​មិន​បង់ប្រាក់ និង​អាច​បោះ​តង់​សម្រាក ទើប​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ច្រើន​»​។​

​របាយការណ៍​ក្រសួង​ទេសច​រណ៍ បាន​បង្ហាញថា នា​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ ២០២២ នៅ​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិជាង​ ២ ​លាន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​តំបន់​គោល​ដៅ​នានា​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ​ខេត្តបាត់ដំបង​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១៥៨ ១១០​ នាក់ ខេត្ត​ព្រះសីហនុ ទទួល​អ្នក​ទេសចរ ៣៣៨ ៥៥២​ នាក់ និង​ខេត្តសៀមរាប ទទួលបាន​ចំនួន​ ៣៣៧ ៧៦៩ ​នាក់​៕