បន្ទាយ​មាន​ជ័យៈ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សង្គម​កិច្ច​​ អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា បាន​ឱ្យដឹង​ថា​ ដំណើរ​ការសា​ងសង់​​មជ្ឈ​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ​​ដើម្បី​ទុក​បម្រើ​ផល​ប្រយោ​ជន៍​ដល់​ពល​ករ​ចំណាក​ស្រុក​ពិសេស​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ព្រម​ទាំង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​ពល​ករ​រហូត​មក​ទល់​ពេល​នេះ​សម្រេច​បាន​ជាង​៣៣​ភាគ​រយ​ហើយ​។​​


រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​ លោក ញ៉ឹក វណ្ណា​រ៉ា បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃទី​១៦ ​ខែមករា ​ឆ្នាំ​២០២៣​ថា រូប​លោក​និងមន្ត្រី​ជំនាញ​របស់​ក្រសួង​ព្រម​ទាំង​ឯក​អគ្គរា​ជទូត​ថៃ​ប្រចាំ​កម្ពុជា​និង​សហ​ការីបាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​សំចត​ស្តារ​នីតិ​សម្បទា​ជន​រងគ្រោះ​​ប៉ោយ​ប៉ែត ​​កាល​ពី​សប្ដាហ៍​មុន​។​

​លោក​បាន​ថ្លែង​ថា៖«​បច្ចុប្បន្ន​សម្រេច​ការ​សាង​សង់​បាន​ជាង​៣៣​ភា​គរយ​ហើយ​។​មជ្ឈ​មណ្ឌល​សំចត​ប៉ោយ​ប៉ែត​នេះ គឺ​មាន​អត្ថ​ប្រយោជ​ន៍​ដើម្បី​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក ​ជា​ពិសេស​​បង្កើន​​ផាសុក​ភាព​ និង​សុវត្ថិ​ភាព​​បន្ថែម​ទៀត​។ម្យ៉ាង​ទៀត​ក្រុម​កា​រងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​សាងស​ង់ និង​ពិនិត្យ​កន្លែង​ផលប៉ះពា​ល់ ដើម្បី​​សម្របស​ម្រួល​រក​ដំណោះ​ស្រាយ​ផង​ដែរ ​ធ្វើ​យ៉ាង​ណាព​ន្លឿ​ន​គម្រោង​នេះ​ឱ្យ​បញ្ចប់​តាម​ផែន​ការ​គ្រោងទុក​»​។​


​លោក​រដ្ឋ​លេ​ខាធិការ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាង​សង់​នោះ​ភាគី​ថៃ​ក៏បាន​ទទួល​យក​សំណើ​សុំ​ការ​បណ្ដុះប​ណ្ដាល​មន្ត្រី​ជំនាញ​កម្ពុជា​សម្រាប់​បម្រើ​ការងារ​ ដែលនឹង​អនុវត្ត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ រយៈ​ពេល​៦​ខែ ដោយ​គិត​ចាប់ពី​ខែ​មីនា រហូត​ដល់​ខែ​សីហា ​ឆ្នាំ​២០២៣​។​

​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់​មជ្ឈ​មណ្ឌល​សំចត​ប៉ោយ​ប៉ែត​នេះ ​លោក ​ឆឺ​ត​កៀត អាត់​ថា​កន (Cherdkiat ATTHAKOR) ឯក​អគ្គរាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​សាង​សង់​មណ្ឌល​នេះ​នឹង​រួម​ចំណែកជួយ​ដល់​ជន​រង​គ្រោះឱ្យមាន​សង្ឃឹម​ក្នុង​ជីវិត​សា​ជាថ្មី ដោយ​មាន​ការផ្ដ​ល់​ជំនាញ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​។​


ទន្ទឹម​គ្នានេះ​ លោក​ក៏បាន​គាំទ្រនិង​ជំរុញ​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ឱ្យ​សម្រេច​ជោគជ័យ​ ដោយលោករំពឹង​ថា នៅ​ពេល​មជ្ឈម​ណ្ឌលនេះ​សាង​សង់​រួចនឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ជនរងគ្រោះ​​ដោយ​អំពើ​ជួញដូ​រ​មនុស្ស​​ទៀតផង​​។​

​តាម​របាយ​ការណ៍​របស់​ក្រសួង​សង្គម​កិច្ច​បាន​បង្ហាញ​ថា ម​ជ្ឈមណ្ឌល​សំចត​ប៉ោយ​ប៉ែត​នេះបាន​ចាប់ផ្ដើ​ម​បើក​ការដ្ឋា​ន​សាង​សង់​កាល​ថ្ងៃទី​១៥ ​សីហា ឆ្នាំ​២០២២ ​ដែល​គិត​មក​ទល់​ថ្ងៃទី​១០ ​ខែមករា ឆ្នាំ​២០២៣ ​សម្រេច​បាន​លទ្ធ​ផល​ចំនួន​៣៣,១៨ភាគរយ​នៃ​គម្រោង​​ទាំងមូល​។​មជ្ឈមណ្ឌល​នេះ​គ្រោង​នឹង​បញ្ចប់​ការសា​ងសង់ឱ្យរួច​​ជា​ស្ថាពរ​នៅ​អំឡុង​ដើម​ខែ​សីហា ​ឆ្នាំ​២០២៣ ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង​២,៣​លាន​ដុល្លារ​អាមេរិក​។​

​​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អ​តីតយុទ្ធ​ជន និង​យុវនីតិ​សម្បទា​ ធ្លាប់បាន​​លើក​ឡើ​ង​ដែរ​ថា កា​របង្កើត​មណ្ឌល​សំចតសម្រាប់​ជួយ​ជនរ​ងគ្រោះ​ពី​ការ​ជួញ​ដូរ​ឆ្លង​ដែន​នៅ​តាម​ច្រក​ព្រំដែន​​ពិតជា​មាន​សារៈ​សំខាន់​ណាស់​និង​បាន​ចូល​រួម​ចំណែក​ការងារ​សង្គម​កិច្ច​ក្នុងការ​ទទួល​មើល​ការខុស​ត្រូវ​លើ​ជន​ងាយរ​គ្រោះ​។ទន្ទឹម​គ្នានេះ​មជ្ឈ​មណ្ឌល​នេះក៏​នឹង​រួម​ចំណែក​ជួយ​ប្រជា​ពលរដ្ឋ​ ពិសេស​អ្នក​ឆ្លង​ដែន​ខុសច្បា​ប់​ដែល​អាជ្ញា​ធរ​ថៃ​ចាប់​បញ្ជូន​

ត្រឡប់​មក​វិញ​ ​ឱ្យមាន​កន្លែង​ស្នាក់​នៅ​បានល្អ​ប្រសើរ ​សមរ​ម្យ និង​មាន​សុខ​សុវត្ថិ​ភាព​ជាង​មុន​៕