ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឬ CMAC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នាថ្ងៃទី ១៦ ខែមករា បានប្រកាសបើកវគ្គហ្វឹកហ្វឺនពីបច្ចេកវិទ្យាបោសសម្អាតគ្រាប់មីនដល់មន្ត្រីជំនាញអ៊ុយក្រែន ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង។
លោកហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ និងលោក Nozomu Yamashita ប្រធាននាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាព នៅទីស្នាក់ការ JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រមទាំងលោក Vladyslav Fedortsov តំណាងមជ្ឈមណ្ឌលអន្តរតំបន់បោសសម្អាតមីនមនុស្សធម៌ និងការឆ្លើយតបគ្រាអាសន្ន (SESU) បានធ្វើជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ន សម្រាប់ប្រទេសអ៊ុយក្រែនដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈ JICA។
លោក ហេង រតនា ថ្លែងក្នុងពិធីនេះថា ទោះបីជាសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាបានបញ្ចប់តាំងពីចុងឆ្នាំ ១៩៩៨ ក៏ដោយ ប៉ុន្តែកេរដំណែលនៃសង្គ្រាមបានបន្សល់ទុកនូវសោកនាដកម្ម ការបែកបាក់គ្រួសារ និងសហគមន៍ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសបន្សល់ទុកនូវសំណល់ជាតិផ្ទុះពីសង្គ្រាមដូចជាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ដែលជាឃាតករលាក់មុខនៅរាយប៉ាយពាសពេញប្រទេសកម្ពុជា និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជន និងរដ្ឋាភិបាល។
លោកថ្លែងថា៖ «ខ្ញុំបាទសូមគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ[ហ៊ុន សែន] ដែលបានអនុញ្ញាតឱ្យអង្គភាពស៊ីម៉ាក់ផ្តល់ការហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសថ្នាក់ដឹកនាំទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការបង្កើតវគ្គហ្វឹកហ្វឺននេះ»។
គួរបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានពិភាក្សា និងឯកភាពគ្នាដោយប្តេជ្ញាចិត្តក្នុងការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅអ៊ុយក្រែន។
ក្រោយការប្តេជ្ញាចិត្តនៃមេដឹកនាំនៃប្រទេសទាំង ២ អង្គភាព CMAC នឹងរៀបចំការហ្វឹកហ្វឺនជូនមន្ត្រីជំនាញសកម្មភាពមីននៃអង្គភាព SESU នៅកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២៣ លើការប្រើប្រាស់សម្ភារបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន។
ស៊ីម៉ាក់បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៣ ខែមករា ថា បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមានបំណងវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញ។
ស៊ីម៉ាក់បញ្ជាក់ថា កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់ និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា និងដី សម្រាប់ធ្វើកសិកម្ម។
ស៊ីម៉ាក់បន្តថា កិច្ចការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខសុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់៕