ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ផ្តោតលើការចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចតាមរយៈការប្រមូលចំណូលពីការបង្កើតពូជស្រូវដែលទទួលបានជោគជ័យ។
លោកថ្លែងថា៖ «ការស្រាវជ្រាវរបស់យើងត្រូវផ្អែកទៅលើប្រសិទ្ធភាពសេដ្ឋកិច្ច ប្រសិនជាមានប្រសិទ្ធភាពសេដ្ឋកិច្ចយើងពន្យល់ឱ្យគេឃើញថា ជាប្រសិទ្ធភាពសេដ្ឋកិច្ចនរណាក៏ធ្វើដែរ ណាស់តែយើងនិយាយតែប្រសិទ្ធភាពបច្ចេកទេស ប៉ុន្តែចុងក្រោយទម្រាំផលិតបានវេទនាជាងគេធ្វើធម្មតា»។
លោក ឌិត ទីណា បានថ្លែងបែបនេះ នៅពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។
លោកលើកឡើងថា ការធ្វើការងារតែជាមួយដៃគូអភិវឌ្ឍន៍ដែលជាម្ចាស់ជំនួយ និងធ្វើតែក្នុងក្របខ័ណ្ឌរដ្ឋ ទោះបីធ្វើ១០ឆ្នាំទៀតក៏នៅតែមិនមានអ្វីលេចធ្លោថ្មីដែរ។ លោកបានលើកជាឧទាហរណ៍ថា បើរាប់ចាប់ពីពេលនេះទៅថ្ងៃមុខ៥ឆ្នាំទៀត អាចបង្កើតបានពូជស្រូវថ្មីចំនួន ៥ ទៀតសួរថា តើមានអ្វីកែប្រែឱ្យមានការធ្វើលើសពីនេះដែរឬទេ? នោះប្រាកដជាអត់មានអ្វីលើសពីនេះ ប៉ុន្តែសកម្មភាពការងារនៅតែធ្វើដដែលៗ។
លោករដ្ឋមន្ត្រីកសិកម្មបានលើកឡើងទៀតថា តាមរយៈធនធានមនុស្ស បច្ចេកទេស និងសមិទ្ធផលផ្សេងៗដែលអ្នកវិទ្យាសាស្ត្រនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានធ្វើដោយជោគជ័យ និងកំពុងបន្តធ្វើទៀតនោះ លោកមានជំនឿជឿជាក់ថា វិទ្យាស្ថានមានលទ្ធភាពក្នុងការធ្វើការងារជាដៃគូ ជាមួយក្រុមហ៊ុនផ្សេងៗក្នុងវិស័យកសិកម្ម ដើម្បីរកចំណូលដោយខ្លួនឯងបាន។
លោកបញ្ជាក់ថា៖ «នៅពេលដែលមានចំណូលខ្លួនឯងហើយវាអត់មានការពិបាកទេ រឿងការប្រកួតប្រជែង មិនចាំបាច់រកមន្ត្រីរាជការចូលមកប្រើក្របខ័ណ្ឌដើម្បីទាក់ទាញយកមកធ្វើទេ»។
លោក ឌិត ទីណា ប្រាប់ទៅថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាថា ត្រូវធ្វើគម្រោងឱ្យបានច្បាស់ជុំវិញការថែរក្សាពូជដំណាំកសិកម្ម ដោយបញ្ជាក់ពីតម្រូវការចំៗ អំពីហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ហើយគម្រោងដែលធ្វើហើយត្រូវតែមាននិរន្តរភាពសេដ្ឋកិច្ច។
លោក អន ឈួន អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានឱ្យដឹងថា នៅចុងឆ្នាំ ២០២២ កន្លងទៅ ក្រសួងកសិកម្មតាមរយៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបញ្ចេញពូជស្រូវថ្មី ១ ប្រភេទដែលជាប្រភេទស្រូវស្រាលក្រអូបមិនប្រកាន់រដូវមានឈ្មោះថា ពូជចំប៉ីស ៧០ ដែលលេខ ៧០ នេះ តំណាងឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីខួបលើកទី ៧០។
លោកប្រាប់ថា ពូជចំប៉ីស ៧០ បានឆ្លងកាត់ការបង្កាត់ចេញពីផ្ការំដួលជាមួយនឹងពូជ CNI90-24 ដែលធ្វើការជ្រើសរើសចាប់តាំងពីពេលបង្កាត់រហូតដល់បញ្ចេញនេះត្រូវចំណាយពេល ៩ ឆ្នាំ ពោលគឺបង្កាត់តាំងពីឆ្នាំ ២០១៣។ ពូជស្រូវនេះជាពូជដែលដាំដុះបានផលក្នុងរយៈពេលខ្លីចន្លោះពេល ៩០ ទៅ ៩៥ ថ្ងៃដែលអំណោយផលដល់កសិករ ក្នុងការកាត់បន្ថយការចំណាយដូចជាបូមទឹក និងការប្រើប្រាស់ជីទាបជាងពូជដែលមានអាយុកាលវែង ហេតុនេះមានផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់កសិករផងដែរ។
អ្នកវិទ្យាសាស្ត្ររូបនេះ ឱ្យដឹងទៀតថា បច្ចុប្បន្នវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កំពុងធ្វើពូជគ្រឹះនៃស្រូវពូជចំប៉ីស ៧០ ដើម្បីផ្គត់ផ្គង់ទៅសហគមន៍ ដែលសហគមន៍អាចពិនិត្យធ្វើជាពូជចំណាត់ថ្នាក់ក្រោមនេះទៀត ដូចជាពូជចុះបញ្ជី និងពូជអនុញ្ញាតវិញ្ញាបនបត្របន្តបន្ទាប់ទៀត។
លោកបានបញ្ជាក់ថា៖ «នៅពេលយើងពិនិត្យពូជគ្រឹះហើយ យើងនឹងផ្គត់ផ្គង់ពូជគ្រឹះនេះ ទៅសហគមន៍ផលិតពូជបន្តទៀត ហើយខាងសហគមន៍ គាត់ផលិតជាទ្រង់ទ្រាយធំ បន្ទាប់មកបានចេញពីសហគមន៍ហ្នឹងបានកសិករយកទៅផលិតជាអង្ករយើងហៅថា ជាស្រូវចំណី ព្រោះយើងអត់អាចយកពូជគ្រឹះ ទៅផលិតជាអង្ករបានទេ»។
លោក អន ឈួន បញ្ជាក់ថា ពូជចំប៉ីស ៧០ អាចធ្វើបានពី ២ ទៅ ៣ ដងក្នុង ១ ឆ្នាំ។ តាមរយៈខ្សែចង្វាក់ផលិតកម្មពូជស្រូវក្រអូបនេះ គឺអាចផ្គត់ផ្គង់បានពេញ ១ ឆ្នាំ ប៉ុន្តែរសជាតិ ចំប៉ីស ៧០ មិនអាចដូចឬល្អជាងផ្ការំដួលបាននោះទេ តែទោះយ៉ាងណាពូជស្រូវនេះមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រូវសែនក្រអូប។ ការដាំដុះពូជស្រូវថ្មីនេះ ប្រជាកសិករអាចទទួលបានទិន្នផលប្រមាណពី ៤ តោន ទៅ ៤ តោនកន្លះក្នុង ១ ហិកតា។ លោកបញ្ជាក់បន្ថែមថា ការដាំដុះពូជស្រូវនេះនៅក្នុងបរិស្ថានផ្សេងៗគ្នាគឺមិនមានការប្រែប្រួលខ្លាំងទេ ពោលគឺធន់នឹងអាកាសធាតុ៕
វីដេអូ៖