ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ​សោម ណូរី​ទីឃា ​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បណ្តាលឱ្យ​ទារក​អាយុ ២ ខែ​បាត់​បង់ជីវិត ​និង​មនុស្ស​ ២ នាក់​ទៀត​រងរបួស​ធ្ងន់​ ពី​បទ​បើកបរ​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់ និង​របួស​ដោយ​អចេតនា ​ក្រោយ​តំណាង​អយ្យការ បិទ​បញ្ចប់​ការ​ស៊ើបសួរ។


បើទោះ​ជាបែបណា ​គិត​មក​ត្រឹម​ថ្ងៃទី ១៩ ​ខែមករា​ ជនជាប់ចោទ​មិនទាន់​ត្រូវបាន​ឃាត់ខ្លួន​នៅឡើយ​ទេ ​ក្រោយពី​មាន​ដីកា​នាំខ្លួន​ពី​តុលាការ​ បន្ទាប់ពី​សមត្ថកិច្ច ​បានសម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ​កាលពី​ថ្ងៃទី ៥​ ខែធ្នូ​ ឆ្នាំ ២០២២ ​ដោយ​មាន​លោក​ ធូ វិរៈ ​ជា​មន្ត្រីនគរបាល​អាវុធជាតិ​ផ្ទុះ ​ជា​អ្នក​ធានា។

របាយ​ការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានឱ្យដឹងថា ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​មាន​ឈ្មោះ​ សោម ​ណូរីទីឃា ​ភេទ​ប្រុស​អាយុ ​១៩ ឆ្នាំ ​មាន​លំនៅ​ផ្ទះ​លេខ ៥៣ ​ផ្លូវ​កែវ​ចិន្តា ​ភូមិ ៣ ​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ។


លោក ​ប្លង់ សុផល ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១៨ ​មករា​ថា​ សំណុំ​រឿងនេះ ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​ការស៊ើបសួរ​រួច​ហើយ។ ជន​ជាប់ចោទ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទបើកបរ​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់ ​និង​របួស​ដោយ​អចេតនា ​តាម​មាត្រា​៨៣ ​និង​មាត្រា៨៥ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក។

កាលពី​ម៉ោង ​២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ៥ ​ខែធ្នូ ​ឆ្នាំ ២០២២ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បានកើត​ឡើង​នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ។ ​ក្នុងនោះ​មាន​យុវជន​ ១ រូប​ បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ ១ គ្រឿង ​ម៉ាក​ Lexus ​ក្នុង​ល្បឿន​លឿន ​និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា​យ៉ាង​ពេញ​ទំហឹង​។


ក្នុង​ហេតុការណ៍​នោះ​ បាន​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ចំនួន​ ៣ នាក់ ​បុរសជា​អ្នកបើកបរ ​និង​ស្ត្រី​ជា​ម្តាយ ​និង​ទារក​អា​យុ ២ ខែ​ ផ្លោង​មក​ជាមួយគ្នា​ប្រហែល​ជាង ​១០០ ម៉ែត្រ​រងរបួស​ធ្ងន់ ​និង​កំពុង​ស្ថិត​ក្នុង​ការជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា។ ប៉ុន្តែ​ក្រោយមក ​ទារក ​ត្រូវបាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ ​និង​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ ​រាជធានី​ភ្នំពេញ។

ក្រោយ​កើតហេតុ​នេះ​ភ្លាម ​សាធារណជន​មួយចំនួន ​បានបង្ហាញ​ប្រតិកម្ម ​និង​ទាមទារ​រក​យុត្តិធម៌​ជំនួស​ជន​រងគ្រោះ​ ក្រោយ​ពីមាន​សាច់ញាតិ​ជនបង្ក ​បានផ្តល់​សំណង​ចំនួន​ ២ ៥០០ ដុល្លារ​ទៅ​ជនរងគ្រោះ ​ដើម្បី​បញ្ចប់រឿង ​និង​ជា​ថ្នូរ​ឱ្យ​បាន​នៅក្រៅ​ឃុំ។ ប៉ុន្តែ​សំណង​នោះ ​ត្រូវបាន​ជនរងគ្រោះ​ ប្រកាស​បដិសេធ ​ដោយ​អះអាងថា ​ខ្លួន​ស្មានតែ​ឯកសារ​ផ្ដិត​មេដៃ​នេះ ​គឺជា​ពាក្យបណ្តឹង ​ដើម្បី​ប្ដឹង​បន្តទៅ​តុលាការ ​ដោយ​មិនដឹងថា​ ជា​ឯកសារ​បញ្ចប់រឿង​នោះ​ទេ។

លោក ​សាន សុខ​សីហា ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី ១៩​ មករា​ថា​៖«ទាក់​ទង​នឹង​បញ្ហា​នេះ ​យើង​បានទទួល​ដីកា ​របស់​តុលាការ​ហើយ ​និង​បាន​អនុវត្ត​តាម ​ដើម្បី​ចាប់ខ្លួន​ជនបង្ក។ ប៉ុន្តែ​រហូតមក​ដល់​ពេលនេះ​ សមត្ថកិច្ច​ជំនាញ​យើង​បានធ្វើ​ការសហការ​គ្នា​យ៉ាង​ដុតដៃ​ដុតជើង​កំពុង​ធ្វើការ​ស្រាវជ្រាវ ​ដោយ​មិន​ទាន់​បាន​ជាលទ្ធផល​ក្នុង​ការនាំខ្លួន​ជនសង្ស័យ​យក​មក​ទេ»។

ទោះ​យ៉ាងណា ​លោក ​សាន ​សុខសីហា ​ក៏​មិនទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​ថា ​ជនបង្ក ​ឬ​ជន​ត្រូវ​ចោទ​ បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​ឬក៏​កំពុងស្ថិត​ក្នុង​ប្រទេស​នៅឡើយ ​ដោយ​គ្រាន់តែ​អះអាងថា ​សមត្ថកិច្ច ​នឹង​នៅតែ​បន្ត​ខិតខំ​ស្វែងរក ​ដើម្បី​យក​ជននេះ​ មក​អនុវត្ត​តាមច្បាប់​ឱ្យ​ខាង​តែ​បាន។

មេធាវី​ការពារ​ក្ដី​ជនរងគ្រោះ​ម្នាក់​ ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំនួន​ ៤ រូប ​ដែល​បាន​ចូលខ្លួន​មក​ការពារ​ជូន​ជនរងគ្រោះ​ទាំង​ ៣ នាក់ ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៩ ​មករា ​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ថា ​សហ​មេធាវី ​កំពុង​រៀបចំ​ឯកសារ​ភ័ស្តុតាង​ដាក់ជូន​តុលាការ​បន្ថែម។

ជាមួយ​គ្នានេះ ​លោកស្រី​មេធាវីបាន​អះអាង​ដែរថា ​តំណាង​ភាគី​រងគ្រោះ ​បានដាក់​បណ្តឹង​នៅ​តុលាការ ​ដើម្បី​ទាមទារ​សំណង​ការខូចខាត​ឡើង​វិញ ​និង​ស្នើឱ្យ​តុលាការ​ផ្តន្ទាទោស​ជនបង្ក​តាមច្បាប់​ជា​ធរមាន។

លោកស្រី​បាន​បញ្ជាក់ថា​៖ «[សហ​មេធាវី] ​នឹង​រង់ចាំ​ចំណាត់ការ​បន្ត​របស់​អយ្យការ ​ក្នុង​ការបញ្ជូន​រឿង​ទៅ​ស៊ើបសួរ ​ឬ​ជម្រះ​ភ្លាម​ [ជម្រើស​ក្នុង​ការចោទប្រកាន់​របស់​អយ្យការ]»។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ផ្អែក​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​ការវាស់វែង​ពិនិត្យ​កន្លែង​កើតហេតុ ​និង​ស្លាកស្នាម​យាន ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​បានថា ​មូលហេតុ​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់ ​គឺ​អ្នកបើកបរ​រថយន្ត ​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ​និង​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​មាន​អត្រា​ជាតិ​អាល់កុល​ ០.៥៣ Mg/L ។

មាត្រា ​៨៥​ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចែងថា ​ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា ​មិន​ប្រុងប្រយ័ត្ន ​ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ ​បណ្ដាលឱ្យ​ស្លាប់​អ្នកដទៃ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​១ ឆ្នាំ ​ទៅ ​៣ ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ពី​ ៤ ០០០ ០០០​ (បួន​លាន)រៀល ​ទៅ​ ១៥ ០០០ ០០០​ (ដប់​ប្រាំ​លាន)រៀល ​និង​អាច​ត្រូវ​ផ្តន្ទាទោស ​ដោយ​ទោស​បន្ថែម ​១ ​ឬ​ច្រើន ​ដូច​មានចែង​ក្នុង​មាត្រា​ ៥៣ ​(ប្រភេទ​ទោស​បន្ថែម) ​នៃ​ក្រមព្រហ្ម​ទណ្ឌ។

មាត្រា​ដដែល​នៃច្បាប់​នេះ​ ក៏បាន​ចែង​ដែរ​ថា​ អំពើ​ល្មើស​ខាងលើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ឆ្នាំ ​ទៅ​ ៥ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាប់​ពី ​១០ លាន​ទៅ​ ២៥ លាន​រៀល​ កាលបើ​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ​ឬ​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​ច្រើន​នាក់ ​ឬក៏​រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ក្នុង​គោល​បំណង​គេចវេះ​ពី​ការទទួល​ខុសត្រូវ​ជាដើម​៕

វីដេអូ៖