
សកម្មភាពបើករណ្ដៅកំណាយស្រាវជ្រាវនៅតំបន់អង្គរកាលពីថ្ងៃទី១៨ មករា ។ រូបថត ANA
សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃបានបើករណ្ដៅកំណាយស្រាវជ្រាវចំនួន ២០ រណ្តៅ នៅបរិវេណផ្នែកខាងលិចប្រាសាទអង្គរវត្ត ដោយរកឃើញមានខឿនវិហារនៃព្រះពុទ្ធសាសនាថេរវាទធ្វើពីថ្មបាយក្រៀម ដើម្បីស្វែងយល់ពីការប្រែប្រួលនៃរចនាសម្ព័ន្ធក្នុងតំបន់អង្គរ។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការស្រាវជ្រាវនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើកំណាយស្រាវជ្រាវពីការវិវត្តស្តីពី«ការគោរពពុទ្ធសាសនាថេរវាទ»។
ការស្រាវជ្រាវនេះផ្តោតលើការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះតាំងពីសម័យមុនអង្គររហូតមកទល់សម័យកណ្តាលថា មានការផ្លាស់ប្តូរដូចម្តេចខ្លះនាពេលដែល«វត្ត»មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរបស់សហគមន៍។
អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា បានថ្លែងថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃធ្វើកំណាយស្រាវជ្រាវនេះដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។
លោកថា ដូច្នេះដើម្បីឆ្លើយតបនឹងគោលបំណងខាងលើនេះបានជាក្រុមការងារស្រាវជ្រាវបើករណ្តៅកំណាយចំនួន២០រណ្តៅទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។
លោក ទិន ទីណា បានបញ្ជាក់ថា៖ «ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឱ្យយើងយល់ពីសហគមន៍មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួនដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសានាថេរវាទវិញ ការធ្លាក់ចុះអំណាចកណ្តាលរបស់អង្គរ ការផ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ)និងការវិលត្រឡប់នៃអំណាចកណ្តាលមួយរយៈខ្លីនៅសតវត្សរ៍ទី១៦នៃព្រះមហាក្សត្រសម័យលង្វែក»។
លោកបានបន្ថែមថា នៅឆ្នាំ២០១៩-២០២០ ក្រុមស្រាវជ្រាវទាំង២ស្ថាប័នក៏បានធ្វើកំណាយស្រាវជ្រាវនៅគោកដូនប៉ុក គោកបាក់ និងគោកគង់ នៅតំបន់វត្តអធ្វា នៅគោករកា និងគោកព្រៃអម្ពិលកើត នៅតំបន់វត្តចេតិយ និងនៅគោកព្រៃអម្ពិលលិចក្នុងតំបន់វត្តព្រៃផ្តៅដើម្បីប្រមូលទិន្នន័យពីសហគមន៍មនុស្សរស់នៅក្នុងតំបន់ជនបទរាជធានីអង្គរ។
ក្រៅពីនេះការធ្វើកំណាយនេះធ្វើឡើងក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុង និងការផ្លាស់ប្ដូរវិទ្យាសាស្ត្រផងដែរ មានន័យថា គឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។ នេះបើតាម លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ។
លោកបានពន្យល់ថា ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះទាក់ទងនឹងទេសភាព(ស្ថានដីទូទៅ)ថាតើដីដែលមនុស្សធ្លាប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗមានដូចជា ការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញសាសនាមកគោរពពុទ្ធសាសនាមហាយាននិងពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣ តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ?
មួយវិញទៀត លោកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពលរដ្ឋធ្លាប់ដឹងតៗគ្នាគឺការផ្លាស់ប្តូររាជធានីអង្គរថាតើវាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា?
សូមបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញមកពីសាកលវិទ្យាល័យHawaiនៃសហរដ្ឋអាមេរិកបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន២០រណ្តៅ។
បើតាមអាជ្ញាធរជាតិអប្សរានៅតាមរណ្តៅកំណាយទាំងនោះគេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទធ្វើពីថ្មបាយក្រៀមដែលមានបង្គោលសីមាធ្វើពីថ្មភក់នៅព័ទ្ធជុំវិញជា៨ទិសព្រមទាំងរកឃើញបំណែកកុលាលភាជន៍និងកម្ទេចធ្យូងដែលមនុស្សបុរាណបានប្រើប្រាស់ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធន៍ រកចម្លើយទិន្នន័យបាននៅពេលខាងមុខ។
ចាប់តាំងពីអំឡុងឆ្នាំ២០១៣មក ក្រុមការងារស្រាវជ្រាវធ្លាប់បានធ្វើកំណាយនៅបរិវេណទួលខាងកើតនៃប្រាសាទអង្គរវត្តដោយគេបានរកឃើញសម្បកក្រូចថ្លុង គ្រាប់ស្រូវ និងគ្រាប់កប្បាសដែលបន្សល់ទុកពីសម័យបុរាណប្រើប្រាស់៕