ភ្នំពេញៈ​ គ្រូ​ជំនាញ​នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) កំពុង​ហ្វឹក​ហ្វឺន​ដល់​​មន្ត្រី​ជំនាញ​អ៊ុយ​ក្រែ​ន ១៥ ​នាក់ លើ​បច្ចេក​វិទ្យា​ឧប​ករណ៍​បោស​សម្អាត​មីន និង​ការប្រើ​ប្រាស់​ម៉ាស៊ីន​រាវ​មីន​ប្រភេទ ALIS នៅ​វិទ្យា​ស្ថាន​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​សកម្ម​ភាព​កំចាត់​មីន​អង្គ​ភាព ​CMAC​។ នេះ​បើ​តាម​លោក ​ហេង ​រតនា អគ្គ​នាយក​​ CMAC ។


​លោក ហេង ​រតនា ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ​ខែមករា​ថា ក្នុង​ចំណោម​គ្រូ​ជំនាញ​នៃ​អង្គភាព​CMAC​នៅ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​គ្រូ​បង្គោល​៣រូប ​រួ​មមាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុង សុគន្ធារ័ត្ន លោ​កស្រី រិ​ទ្ធិ​ស័ក្តិ និង លោក​ សេក ធា​រិ​ទ្ធិ សុទ្ធតែជា​​អតីត​និស្សិត​វិស្វ​ករ​ ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាល​ពី​ជាង​២៥​ឆ្នាំ​មុន​។

​លោក​បញ្ជាក់​ថា​៖«​អ្នក​ទាំង​៣​មាន​តួរ​នាទី​ជា​គ្រូ​បង្គោល​ និង​ជា​អ្នក​ជួយ​សម្រប​សម្រួល​ក្នុង​វគ្គ​ហ្វឹក​ហ្វឹ​ន​នេះ​ដោយ​ពួក​លោក​អាច​ប្រើ​ប្រាស់​ភាសា​អ៊ុយ​ក្រែ​ន​បាន ដូច​នេះ​នាំឱ្យ​សមត្ថ​ភាព​និង​លទ្ធភាព​បង្រៀន​កាន់​តែ​មាន​ភាព​ងា​យស្រួល និង​រលូន​ផងដែរ​»​។​


​លោក​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ប្រាប់​ថា ​ក្រុម​ជំនាញ​ការ​ក្នុង​វិស័យ​មីន​នៃ​ប្រទេស​ អ៊ុយ​ក្រែ​ន ចំនួន​១៥​នាក់​នេះ​មក​ទទួល​ការ​បណ្ដុះ​បណ្ដាល​លើ​វិស័យ​បោស​សម្អាត​មីន​ពី​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​ ចាប់ពី​ថ្ងៃទី១៥ ​ដល់​ថ្ងៃទី ​២១​ ខែមករា​ ឆ្នាំ ២០២៣ នៅ​វិទ្យាស្ថា​ន​បច្ចេ​កទេស​កំចាត់​មីន ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំព​ង់ឆ្នាំង ។​

​លោក​បាន​បញ្ជាក់ថា​​៖«​ឆ្លងតាម​ការប​ណ្តុះប​ណ្ដាល​របស់​គ្រូបង្វឹក​ដ៏​ជំនាញ​របស់​យើង ក្រុម​ជំនាញ​ការ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំង​១៥​នាក់ បា​នបង្ហាញ​ពី​ចំណាប់អា​រម្មណ៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បទពិ​សោធន៍​និង​បច្ចេក​ទេស​ដែល​គ្រូ​ប​ង្ហឹ​ក​ដ៏​ជំនាញ​របស់​យើង​បាន​ផ្ដល់​ឱ្យ​»​។​


​លោក​ហេង រតនា បាន​ឱ្យដឹង​ថា ក្នុងការ​រៀបចំ​វគ្គ​ហ្វឹក​ហ្វឺន​សកម្ម​ភាព​កំចាត់​មីន​មនុស្សធម៌ ជូ​ន​ដល់​មន្ត្រី​ជំនាញ​បោសស​ម្អាត​មីន​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ​រាជរដ្ឋាភិ​បាល ​កម្ពុជា ​បាន​សហ​ការ​ជាមួយ​រដ្ឋាភិ​បាល​ជប៉ុន​បានផ្ដ​ល់​ការគាំទ្រ ​ដល់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មី​ន​កម្ពុជា​។ លោក​ថា បញ្ហា​គ្រាប់មី​ន និង​គ្រាប់​យុទ្ធភណ្ឌ​​មិនទាន់​ផ្ទុះ​ដោយសារ​​សង្គ្រាម​នៅលើ​ទឹកដី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​និង​កំពុង​បង្ក​គ្រោះថ្នា​ក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល ហើ​យក៏​ជា​ឧបសគ្គ​ចំពោះ​ប្រជា​ពល​រដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ​។

​លោក​បញ្ជាក់​ថា​៖«​កិច្ចការ​បោសស​ម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ដ៏​ចាំបាច់​និង​បន្ទាន់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ និង​គាំទ្រ​ដល់​ដំណើរ​ការ​ស្តារ​ឡើងវិ​ញ​នូវ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នានា ​និង​ដី​សម្រាប់​ធ្វើ​កសិកម្ម​ជា​ដើម​»​។

​បើតាម​លោក ហេង រតនា ​ក្រៅពី​ទទួល​ការ​បណ្ដុះប​ណ្ដាល​បច្ចេក​ទេសបោស​សម្អាត​មីន ក្រុម​ប្រតិភូ ​និង ជំនាញ​ការ​លើ​វិស័យ​មីន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏បាន​ចូលរួម​ទស្សន​កិច្ច​សិក្សា​ផ្លាស់ប្ដូរ​បច្ចេក​ទេស ​ជាមួយ​មន្ត្រី​ផ្នែក​បោស​សម្អាត​មីន​នៅលើ​ទីលាន​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​បាត់ដំ​បង និង​ខេត្តសៀ​មរាប​ផ​ងដែរ​។ យ៉ាង​ណាក៏​ដោយ CMAC បាន​ត្រៀម​រួចជាស្រេ​ច​ក្នុង​ការប​ញ្ជូន​គ្រូបង្វឹក​ផ្នែក​បច្ចេ​កទេស បោស​សម្អាតចំនួន ៣ ទៅ៥​នាក់ ទៅ​ចូលរួម​ហ្វឹក​ហ្វឺន​កងក​ម្លាំង​បោស​សម្អាត​មីន​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖«​ការត្រៀម​បញ្ជូន​គ្រូបង្វឹក​បច្ចេក​ទេស​ដោះមីន​យើង ដើម្បី​ទៅ​ចូលរួម​ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​ដោះមីន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ គឺ​មិន​ស្ថិតក្រោ​ម​ឆត្រ​របស់​អង្គការ​សហប្រ​ជាជាតិ​នោះទេ តែ​ក្រោម​កិច្ចចរចារ​សម្រប​សម្រួល​ត្រីភាគី​រវាង កម្ពុជា ​ជប៉ុន និង អ៊ុយ​ក្រែ​ន​»​។​

​លោក ណូ​​ស៊ូ​ម៉ុ យ៉ាម៉ា​ស្សី​តាក់ ​ប្រធាន​នាយ​កដ្ឋាន​អភិបា​លកិច្ច និង​កសាង​សន្តិភាព​ប្រចាំ​ការិយា​ល័យ​ចៃ​កា​ទីក្រុង​តូ​ក្យូ ថ្លែង​ក្នុង​​ពិធី​បើក​វគ្គ​បណ្តុះប​ណ្តាល​បច្ចេក​វិទ្យា​ឧបករណ៍​បោសស​ម្អាត​មីន​ដល់​អង្គភាព​ផ្តល់​សេវា​កម្ម​រដ្ឋ​ក្នុង​គ្រាអា​សន្ន​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​វិទ្យា​ស្ថាន​ហ្វឹកហ្វឺន​បច្ចេកទេស​សកម្ម​ភាព​កំចាត់​មីន អង្គភាព​CMAC កាលពី​ថ្ងៃទី ១៦ ខែមករា​ថា បទ​ពិសោធន៍​ដែល​ប្រទេស​ជប៉ុន​ធ្លាប់​ឆ្លង​ក្នុង​សង្គ្រាម​កាលពី ៧៨​ឆ្នាំ​កន្លង​ទៅ បានធ្វើ​ឱ្យ​ប្រទេស​នេះ​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​បោ​សម្អាត​សំណល់​យុទ្ធភ​ណ្ឌ​សង្គ្រាម​ដែល​នៅ​សេសសល់​ និង​បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ឱ្យ​ក្នុង​វិស័យ​បោសស​ម្អាត​មីន ​ព្រមទាំង​បាន​ជួយ​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសា​រ​សោក​នា​ដកម្មនេះ​ផងដែរ​​។

អង្គភាព​CMAC គឺជា​ស្ថាប័ន​ជំនាញ និង​ជា​ដៃគូ​ដែល​អាច​ផ្តល់​ការហ្វឹកហ្វឺ​ន​ដល់​ប្រទេស​ដទៃ​ ជាក់​ស្តែង​ថ្ងៃនេះ​អ្នកឯកទេស​CMAC​នឹង​ចាប់ផ្តើ​ម​ហ្វឹកហ្វឺន​ដល់​អ្នក​អ្នក​បោស​សម្អាត​មីន​អ៊ុយ​ក្រែ​ន​ជាដើម​។

​ក្នុង​ជំនួប​តាម​ទូរ​ស័ព្ទ​លើក​ដំបូង​ជាមួយ ​ប្រធានា​ធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេន​ស្គី កាលពី​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានប​ញ្ជាក់​ប្រាប់​លោក​ប្រធានា​ធិប​តី​អ៊ុយ​ក្រែ​ន​ថា តាម​រយៈ​កិច្ច​សហកា​រ​ជាមួយ​ប្រទេស​ជប៉ុន ​កម្ពុជា​ត្រៀមខ្លួ​ន​ជាស្រេ​ច ក្នុងការ​បញ្ជូន​អ្នកដោះ​មីន​របស់​កម្ពុជា ទៅ​ជួយ​បណ្តុះប​ណ្តាល​ដល់​អ្នក​ដោះមី​ន​របស់​អ៊ុយ​ក្រែ​ន តាម​ពេល​វេលា​សម​ស្រប​។ ជាការ​ឆ្លើយ​តប លោក​ប្រធា​នាធិប​តី ហ្ស៊ែ​ល​ឡិន​ស្គី បាន​ថ្លែ​ងអំ​ណរគុណ និង​ស្វាគ​មន៍​ចំពោះ​កម្ពុជា ដែល​មាន​បំណង​ផ្តល់​ជំនួយ​ខាង​ដោះ​មីន​នេះ​៕