កម្ពុជា និងជប៉ុន បាន​ពិភាក្សា​អំពី​មធ្យោបាយ​នានា ក្នុង​ការពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រួមមាន វិស័យ​ពាណិជ្ជ​កម្ម និង​ការវិនិយោគ​ ការកសាង​សន្តិភាព​ ការដោះមីន​ ការអភិវឌ្ឍ​ធនធាន​មនុស្ស សិទ្ធិ​មនុស្ស ទេសចរណ៍ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ដើម្បី​រឹត​ចំណង​ទ្វេ​ភាគី​។


ការពិភាក្សានេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​រវាង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ​លោក ប្រាក់ សុខុន និង​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក UENO Atsushi កាលពី​ថ្ងៃ​ទី១៩ ​ខែមករា​ ឆ្នាំ ២០២៣ ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ។

ប្រភព​ពី​ក្រសួង​ការបរទេស បាន​ឱ្យដឹង​ថា ក្នុង​ជំនួប​នោះ​លោក ប្រាក់ សុខុន មាន​សេចក្តី​រីករាយ​ដែល​កត់សម្គាល់​ឃើញ​ថា មិត្តភាព​និង​កិច្ចសហ​ប្រតិបត្តិការ​ពហុ​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ នៅតែ​រឹងមាំ​ និង​បន្ត​រីកចម្រើន​ ទោះបីជា​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ ក្តី​ ដូច​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការស្ដារ​ពាណិជ្ជកម្ម​ឡើងវិញ​យ៉ាង​រឹងមាំ ជិត​ដល់​កម្រិត​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ ការវិនិយោគ​ដ៏​រឹងមាំ កិច្ចសហ​ប្រតិបត្តិការ​យោធា​ដែល​ត្រូវ​បាន​ពង្រឹង និង​ការបន្ត​ការគាំទ្រ​របស់​ជប៉ុន​នៅ​លើ​គ្រប់​វិស័យ។


នាឱកាសនោះ​ ប្រាក់ សុខុន បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ជប៉ុន ចំពោះ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដែល​បាន​ផ្តល់​មក​កម្ពុជា ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ និង​ការចូលរួម​ចំណែក របស់​ប្រទេស​ជប៉ុន​ក្នុង​ការជួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ តាម​រយៈ​ការផ្តល់​វ៉ាក់សាំង​ចំនួន ១,៣ លាន​ដូស ព្រមទាំង​ឥណទាន​សម្បទាន​ចំនួន ៤១៦ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការស្តារ​ឡើងវិញ​ក្រោយ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩ របស់​កម្ពុជា និង​សម្ភារ​វេជ្ជសាស្ត្រ​ដទៃទៀត​។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ក៏​បាន​កោត​សរសើរ​ចំពោះ​ការឆ្លើយ​តប​ភ្លាមៗ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការគាំទ្រ​ ដល់​គោលដៅ ​«កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥» របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ផងដែរ​។


ប្រភព​ដដែល​បន្ត​ថា៖«ក្នុង​ជំនួប​នោះ ​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​មធ្យោបាយ​នានា ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រួម​មាន វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ​ការកសាង​សន្តិភាព ការដោះមីន​ ការអភិវឌ្ឍ​ធនធាន​មនុស្ស សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​វប្បធម៌ ចំណង​រវាង​ប្រជាជន​និង​ប្រជាជន​ និង​ទេសចរណ៍ ​ជាដើម»។

ភាគី​ទាំង​ពីរ បាន​កត់​សម្គាល់​ដោយ​ក្តី​ពេញ​ចិត្ត​ចំពោះ​ការដំឡើង​ទំនាក់ទំនង​ទ្វេភាគី​ពី “ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​» ទៅ​ជា ​«ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»​ នៅ​ក្នុង​ឆ្នាំនេះ​។

ប្រភព​ពី​ក្រសួង​ការប្រទេស​ បញ្ជាក់​ទៀត​ថា លោក ប្រាក់ សុខុន និងលោក UENO Atsushi ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ផងដែរ អំពី​ការវិវត្ត​ក្នុង​តំបន់ និង​អន្តរ​ជាតិ​នាពេល​បច្ចុប្បន្ន​ ខណៈ​ដែល​ឯក​អគ្គ​រាជទូត បាន​គូស​បញ្ជាក់​អំពី​ការកោតសរសើរ​របស់​ជប៉ុន​ចំពោះ​ការធ្វើ​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២២ របស់​កម្ពុជា​ប្រកប​ដោយ​ជោគជ័យ និង​ការខិតខំ​ប្រឹងប្រែង​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​​អាស៊ាន​ក្នុង​ការជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិលទៅ​រកភាព​ប្រក្រតី​វិញ។

សូម​ជម្រាប​ថា លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ចាប់​ពីថ្ងៃ​ទី២១​ដល់​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ ២០២៣​។

ដំណើរ​ទស្សនកិច្ច​នេះ​លោក ប្រាក់ សុខុន នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​ HAYASHI Yoshimasa ​ដើម្បី​ពិភាក្សា​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី និង​ពហុ​ភាគី ព្រមទាំង​បញ្ហា​តំបន់​ និង​អន្តរ​ជាតិ​ដែល​ជាកង្វល់​រួម​នាពេល​បច្ចុប្បន្ន។

លោក​ប្រាក់ សុខុន ​ក៏នឹង​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ជប់​លៀង ដើម្បី​អបអរសាទរ​ខួប​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ស្ថាន​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ទី​ក្រុងតូក្យូ ​ផងដែរ​៕​