កោះកុងៈ ក្រុមការងារ​អភិរក្ស​អណ្តើក​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) និង​រដ្ឋបាល​ជលផល បាន​រកឃើញ​ពងអណ្តើក​ហ្លួង​ចំនួន ​៤ ​សម្បុក ដែលមាន ​៥៤ ​គ្រាប់ នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត ក្បែរ​ស្រះ​បង្កាត់​ពូជ​មួយកន្លែង ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន ខេត្តកោះកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ WCS​។​


​អង្គការ WCS បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​១៩ ខែមករា ថា​៖ «​យោងតាម​រូបភាព​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​បានដាក់​ចាំ​ថត​នៅលើ​ឆ្នេរ​ខ្សាច់​នោះបាន​បង្ហាញថា មាន​អណ្តើ​កមេ​ជាច្រើន​ក្បាល​បាន​ឡើង​ពី​ស្រះ​បង្កាត់​ពូ​ជម​កកាយ​ខ្សាច់​ទម្លាក់​ពង​នៅវេលា​ចន្លោះ​ម៉ោង ៩​យប់​ដល់​ពាក់​ក​ណ្ត​ល​យប់​កាលពី​ថ្ងៃទី​១៦ និង​១៨ ខែមករា ដើម​សប្តាហ៍​កន្លងទៅនេះ​»​។

​នេះ​គឺជា​ឆ្នាំ​ទី​៣​ហើយ​ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​បាន​ពង​នៅក្នុង​មជ្ឈមណ្ឌល​ក្នុងប្រទេស​កម្ពុជា​។


​ក្រុមការងារ​រំពឹងថា​នឹង​រកឃើញ​ពងអណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​នេះ​បន្ថែមទៀត​ក្នុង​រដូវ​ពង​កូន​ឆ្នាំ​២០២៣ នេះ ដែល​ចាប់ផ្តើម​ពី​ខែមករា រហូតដល់​ខែមីនា ខណៈ​កាលពី​ឆ្នាំ​២០២២ ក្រុមការងារ​នេះ​បាន​រកឃើញ​ពងអណ្តើក​ហ្លួង​នៅលើ​ឆ្នេរ​ខ្សាច់​ដដែល​នេះ​ចំនួន​៩​សម្បុក ដែលមាន​ពង​សរុប​ចំនួន​៨១​គ្រាប់ និង​ញាស់​បាន​៣៣​កូន​។

​ការ​បង្កាត់​ពូជ​អណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​គឺជា​គោលដៅ​អភិរក្ស​របស់​អង្គការ WCS និង​រដ្ឋបាល​ជលផល សំដៅ​ស្តារ​ចំនួន​ប្រភេទ​អណ្តើក​ហ្លួង​នេះ​ឱ្យមាន​ច្រើន​នៅក្នុង​ធម្មជាតិ​ឡើងវិញ​។​


​អង្គការ WCS បញ្ជាក់ថា បច្ចុប្បន្ន មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​ខេត្តកោះកុង មាន​អណ្តើក​ហ្លួង​ចំនួន ១៨៤​ក្បាល​។ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ក្រុមការងារ​នេះ​បាន​លែង​អណ្តើក​ហ្លួង​ជំទង់​ចំនួន ១៤៧​ក្បាល​ចូលក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។

​អណ្តើក​ជំទង់ និង​ស្ទើរ​ជំទង់​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ចិញ្ចឹម​ថែទាំ​នៅក្នុង​ស្រះ​បង្កាត់​ពូជ​ចំនួន ៤ ចំណែកឯ​កូនអណ្តើក​តូចៗ​ត្រូវ​បានដាក់​ចិញ្ចឹម​នៅក្នុង​ធុង​ប្លា​ស្ទិ​ក​មុននឹង​ផ្ទេរ​ចូលក្នុង​ស្រះ​បង្កាត់​ពូជ​។​

​អណ្តើក​ហ្លួង មានឈ្មោះ​ជា​ភាសា​អង់គ្លេស ថា Southern River Terrapin និង​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Batagur affinis​។ អណ្តើក​ប្រភេទ​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUC ថា​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​។

​នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​ព្រះរាជក្រឹត្យ​ចាត់​ចំណាត់ថ្នាក់​ប្រភេទ​នេះ​ជា សត្វ​ល្មូ​ន​ជាតិ​តំណាងឱ្យ​ប្រទេស​កម្ពុជា​៕​