ភ្នំពេញៈ ​កម្ពុជា​សម្រេច​បង្កើត​ស្ថាប័ន​ផ្សព្វផ្សាយ​អប់រំ​កម្ពុជា ​(EBC)​ ក្រោម​ជំនួយ​ប្រទេស​កូរ៉េខាងត្បូង ​ក្នុងន័យ​ធ្វើ​ទំនើបកម្ម​មធ្យោ​បាយ​អប់​រំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ ដែល​បាន​ឆ្លងកាត់​ការសាកល្បង​ ដោយ​ជោគជ័យ​លើ​ការបង្កើត​មាតិកា ​និង​បង្រៀន​ដល់​សិស្ស​សាលារៀន​មួយ ហើយ​ស្ថាប័ន​នេះ​មាន​គម្រោង​ពង្រីក​ឱ្យដល់​សាលារៀន​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ចូលរួម​កែប្រែ​វិស័យ​អប់រំ​កម្ពុជា​ឱ្យ​ឈាន​ទៅមុខ មានគុណ​ភាព ​និង​សម្បូរបែប​។​


នៅ​ថ្ងៃទី ​២៣ ​ខែមករា​ ឆ្នាំ​២០២៣ ​តាមរយៈ​កិច្ចប្រជុំ ​រវាង​ក្រសួង​ចំនួន​៤ ​ដោយ​មាន​លោក ​សុខ ពុទ្ធិវុធ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ជា​អ្នកដឹកនាំ ​និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ​ជា​តំណាង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​ក្រសួង​ព័ត៌មាន ​បាន​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​គម្រោង​បង្កើត​ស្ថាប័ន​ផ្សព្វផ្សាយ​អប់រំ​កម្ពុជា ​ក្នុង​ន័យ​ធ្វើ​ទំនើបកម្ម​មធ្យោបាយ​អប់រំ​នៅ​កម្ពុជា ​ស្របតាម​សម័យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​និង​ឌីជីថល​។​

លោក​ សុខ ពុទ្ធិវុធ ​លើកឡើងថា​៖«គម្រោង​បង្កើត​ស្ថាប័ន​ផ្សព្វផ្សាយ​អប់រំ​កម្ពុជា ​(EBC) ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ជាពិសេស ​ការដកពិសោធន៍ ​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ១៩ ​ហើយ​ជា​ដំណើរការ​ពន្លឿន​ផ្នែក​អប់រំ​តាមរយៈ​ឌីជីថល ​និង​អភិវឌ្ឍន៍​វិស័យ​អប់រំ ​និង​បណ្តុះបណ្តាល​ផ្សេងៗ​នៅ​កម្ពុជា»។​

លោក​បាន​បន្ថែមថា ​គម្រោង​នេះ ​ក៏​ជា​សកម្មភាព​អាទិភាព​មួយ​ផងដែរ ​ក្នុង​ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល ​ពី​ឆ្នាំ​២០២១ ​ដល់​ឆ្នាំ​២០៣៥ ​និង​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល ​ពី​ឆ្នាំ​២០២២ ​ដល់​ឆ្នាំ​២០៣៥ ​ដើម្បី​កសាង​ពលរដ្ឋ​ឌីជីថល​ប្រកប​ដោយ​ការរួម​បញ្ចូល​គ្នា។​

បន្ទាប់ពី​ពិភាក្សា​រវាង​ក្រសួង​ទាំង​៤ ​លោក ​សុខ ពុទ្ធិវុធ ​បាន​វាយតម្លៃ​ខ្ពស់​ពី​ភាពជោគជ័យ​នៃ​វឌ្ឍនភាព​នៃ​គម្រោង ​EBC ជុំវិញ​លទ្ធផល​នៃ​ការដាក់​សាកល្បង​លើ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សិស្សា​នុសិស្ស ​នៃ​វិទ្យាល័យ ​ហ៊ុន សែន​ សេរីភាព​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា ​នឹង​ពង្រីក​គម្រោង​នេះ​ សម្រាប់​ក្របខ័ណ្ឌ​សាលារៀន​នៅ​ទូទាំង​ប្រទេស ​នៅពេល​អនាគត​ដ៏​ខ្លី។​


តាមរយៈ​របាយការណ៍ ​បច្ចុប្បន្ន EBC ​បាន​ផលិត​វីដេអូ​មាតិកា​អប់រំ​ជាច្រើន​ប្រភេទ​បាន​ចំនួន​៤ ៩៥៤​ភាគ ​ក្នុងនោះ​មាន​វីដេអូ​បង្រៀន​កម្មវិធី​ថ្នាក់​ទី៧ ​ដល់​ថ្នាក់​ទី១២ ​និង​កំពុង​អនុវត្ត​គម្រោង​សាកល្បង​សម្រាប់​សិក្សា​តាម​អ៊ីនធឺណិត​ជាមួយ​វិទ្យា​ល័យ​ហ៊ុន សែន ​សេរីភាព ​(ក្រុង​តាខ្មៅ) ​ដែល​មាន​សិស្ស​សរុប​ជាង​៥ ០០០​នាក់។

EBC ​បានរៀបចំ​បន្ទប់​ចំនួន​ ២ ​ដែល​បំពាក់​ដោយ​កុំព្យូទ័រ​យួរដៃ​ ២៥​គ្រឿង ​ថេប​ប្លេត​ ២៥​គ្រឿង ​និង​សម្ភារ​ចាំបាច់​មួយចំនួន​ ព្រមទាំង​ដំឡើង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្តល់​សេវា​អ៊ីនធឺណិត​គ្របដណ្តប់​បរិវេណ​សាលា​ទាំង​មូល។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ ​អប់រំ ​និង​ទេសចរណ៍ ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោក ឈត ​ប៊ុនថង ​លើកឡើងថា​ គម្រោង​នៃ​ការពង្រីក ​និង​អភិវឌ្ឍ​ការអប់រំ ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ និង​បរិបទ​សព្វថ្ងៃ​ក្នុង​ដំណាក់កាល​កូវីដ១៩ ​ដែល​ហាក់​មិនទាន់​ធូរស្បើយ​ពី​ពិភពលោក ​ជាមួយ​នឹង​ស្ថានការណ៍​សកល​កំពុង​ទំនោរវិវឌ្ឍ​ទៅក្នុង​ពិភព​ឌីជីថល​នេះ​ទៅ​ហើយ​។​

លោក​ថ្លែងថា​៖ «ជាការសង្កេត​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ​កម្ពុជា​យើង​បាន​វិវឌ្ឍ​ខ្លួន​ជា​សន្សឹមៗ​ទៅហើយ ​ជាពិសេស​នៅ​អំឡុង​សម័យ​កូវីដ១៩​នេះ ​ដែល​វា​បាន​ជួយ​ជំរុញ​ឱ្យ​ការត្រៀម​ខ្លួន​របស់​កម្ពុជា​ក្នុង​វិស័យ​អប់រំ​ឌីជីថល​នេះ ​កាន់តែ​ប្រញាប់​ប្រញាល់​ថែម​ទៀត​ផង»។​

ជាមួយ​គ្នានេះ ​លោក​ ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ជាតិ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការងារ​បណ្តុះបណ្តាល​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ លោក​បញ្ជាក់ថា​ នេះ​ជាការ​វិនិយោគ​រយៈពេល​វែង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ​ឱ្យសម្រេច​បាន​ និង​ចូលរួម​យ៉ាងសកម្ម ​ក្នុង​គោល​នយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​ជាតិ​ ក្នុង​ពេល​អនាគត ​ហើយ​វា​បង្ក​ភាពងាយ​ស្រួល​ផង​។​

លោក​ក៏បាន​លើក​ទឹកចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​រដ្ឋាភិបាល ​បន្ត​កិច្ចខិតខំ​ក្នុង​ដំណើរ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ ដើម្បីឱ្យ​ពលរដ្ឋ​ខ្មែរ​ និង​ធនធាន​មនុស្ស​កាន់តែ​មាន​ចំណេះដឹង ​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​។ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​បន្ត​បង្កើន​កិច្ចវិនិយោគ​លើ​ការអប់រំ​លើ​ផ្នែក​នេះ ​តួយ៉ាង​ការបង្កើត​មាតិកា​មេរៀន​តាម​ប្រព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែ​សម្បូរ​បែប ​និង​ភាព​ទាក់ទាញ​។​

EBC គឺជា​គម្រោង​រួមគ្នា​រវាង​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ព័ត៌មាន ​ដោយ​ទទួលបាន​គាំទ្រ​ជា​ជំនួយ​ឥតសំណង​ពី​ក្រសួង​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​គមនាគមន៍ ​និង ​ព័ត៌មាន​ (MSIT) ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ​និង ​អនុវត្ត​ដោយ​ស្ថានីយ​ផ្សព្វផ្សាយ​អប់រំ​កូរ៉េ ​(EBS)​។

គម្រោង​នេះ​បាន​និង​កំពុង​ផលិត​មាតិកា​អប់រំ​ឌីជីថល ​អភិវឌ្ឍ​ថ្នាល​គ្រប់គ្រង​មាតិកា​ឌីជីថល ​និង​ថ្នាល​អប់រំ​បណ្តុះបណ្តាល ​ដើម្បី​ចូលរួម​ចំណែក​ជំរុញ​វិស័យ​អប់រំ​ប្រកប​ដោយ​គុណភាព ​បាន​ទូលំទូលាយ​ដល់​លោកគ្រូ ​អ្នកគ្រូ ​និង​សិស្សានុសិស្ស​ទូទាំង​ប្រទេស​។​

មួយរយៈ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ពី​គោលជំហរ​ពង្រឹង​ចំណេះដឹង​ផ្នែក​ឌីជីថល ​ដើម្បី​ពង្រឹង​កម្រិត​គុណភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​ឱ្យ​ឆ្លើយតប​នឹង​ស្ថានការណ៍​វិវឌ្ឍន៍​របស់​សកលលោក​។ ជាក់ស្តែង ​នៅ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២២-២០២៣ ​កាលពី​ដើមឆ្នាំ​២០២៣ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក៏បាន​ស្នើឱ្យ​ក្រសួង​អប់រំ ​គាំទ្រ​ដល់​ការអប់រំ​តាមបែប​ឌីជីថល​នេះ​ផង​ដែរ៕