តាកែវៈ ​ប្រធាន​ម​ជ្ឈ​ម​ណ្ឋ​ល​សួនសត្វ​ភ្នំ​តា​ម៉ៅ លោក ញឹក រតន​ពេជ្រ បាន​ឱ្យដឹង​ថា ដើមឈើ​ប្រណីត​ដែល​ដាំ​ដុះ​នៅ​សួន​ភូត​គាម «​ភ្នំ​តា​ម៉ៅ​»​ ដុះ​លូត​លាស់​ល្អ​ជាង​ ៩០ ​ភាគរយ ​ហើយ​បច្ចុប្បន្ន​នេះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​នោះ​បាន​នាំគ្នា​ទៅ​លម្ហែ​កម្សាន្ត​ស្រូប​ខ្យល់​អាកាស​ល្អ​រាប់រយ​នាក់​នៅ​រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក​ ដោយ​សារ​ទីនោះ​មានទេសភា​ព​ស្អាត​ មាន​ដាំ​ស្មៅ​លម្អ​ មាន​ដើម​ឈើ​និង​ស្រះ​ទឹក​ស្អាត​។


​ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ​ខែមករា​ លោក​ ញឹក រតន​ពេជ្រ​ បាន​បញ្ជាក់​ថា​៖«​ទេស​ភាព​ស្អាត​មាន​ដាំ​ស្មៅ​នៅ​កន្លែង​ស្រះ​ទឹក មាន​ដើម​ឈើ ​មាន​ខ្យល់​អាកាស​ត្រជាក់​ល្អ ​ស្រឡះ​មុខ​ស្រឡះ​មាត់​ ពលរដ្ឋ​ចូល​ចិត្ត​នាំ​គ្នា​មក​លេង​កម្សាន្ត​ ប៉ុន្តែ​ភាគ​ច្រើន​មក​តែ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​សៅរ៍-​អាទិត្យ​ទេ ថ្ងៃ​ចន្ទ​ដល់​សុក្រ​ មិន​សូវ​មាន​អ្នក​មក​លេង​ទេ​»​។​

​លោក​ប្រធាន​ម​ជ្ឈ​ម​ណ្ឋ​ល​សួន​សត្វ​ភ្នំ​តា​ម៉ៅ​បាន​ឱ្យដឹង​ថាសួន​ភូតគាម«​ភ្នំ​តា​ម៉ៅ​»បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​លេង​កម្សាន្ត​តាំងពី​ឈូស​ឆាយ​និង​រៀបចំ​រួច​រាល់​ម្ល៉េះ ប៉ុន្តែ​ជាការ​កត់​សម្គាល់​ដំបូង​មិន​សូវមាន​អ្នក​ចូល​ទៅលេង​កម្សាន្ត​ទេ​។ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពល​រដ្ឋ​មាន​ចំនួន​ច្រើន​បាន​ចូល​មក​លែង​កម្សាន្ត​ តែ​មិន​ទាន់​ដល់​រា​ប់ពាន់​នាក់​នោះទេ​។ លោក​ថា ពលរដ្ឋ​អាច​មក​អង្គុយ​លេង​ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង៥​ល្ងាច ប៉ុ​ន្តែ​យ៉ាង​ណា អ្នក​មើលថែ​ទីតាំង​តំបន់​នោះបាន​អនុញ្ញាត​នៅ​លេង​កម្សាន្ត​រហូត​ដល់ម៉ោ​ង៧​-៨​យប់​ផង​ដែរ​។


​លោក​ញឹក រតន​ពេជ្រ ​ប្រាប់​ថា ថ្វីបើ​មាន​ប្រជាព​លរដ្ឋ​មក​លេង​កម្សាន្ត​និង​មាន​អ្នក​លក់​ដូរ​អីវ៉ាន់និង​ចំណី​អាហារ​ផ្សេងៗ​ក៏ដោយ ប៉ុន្តែ​ទីតាំង​នេះ​នៅ​មិន​ទាន់​រៀបចំ​ឱ្យ​ក្លាយ​ទៅជា​រមណីយ​ដ្ឋាន​មាន​សេវា​កម្ម​បម្រើ​ដល់​សេចក្តី​ត្រូវការ​​រ​បស់ភ្ញៀ​ទេសចរ​នៅ​ឡើយ​ទេ​។យ៉ាង​ណាក៏​ដោយតំ​បន់​នេះ​កំពុង​ស្ថិត​ក្នុងការ​សិក្សា​ថា ​តើ​ត្រូវ​រៀប​ចំ​ធ្វើយ៉ាង​ណា​ខ្លះ ឆ្លើយ​តប​ការចង់​បាន​របស់​ភ្ញៀវ​ទេសចរ​។

​លោក​ ញ៉ែម សេរី​រតនា ប្រជា​ពលរដ្ឋ​ដែល​បាន​ទៅលេង​កម្សាន្ត​នៅ​ទីតាំង​សួន​ភូត​គាម«​ភ្នំ​តា​ម៉ៅ​» ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​នេះ​ពិត​ជាមាន​ទេសភា​ព​ស្អាត​និង​ខ្យល់​អាកាស​ល្អ​គួរឱ្យ​ចង់​មក​អង្គុយ​លេង​លម្ហែ​កម្សាន្ត​ពិត​ប្រាកដ​មែន​។ក្រោយ​សម្រាក​ការងារ​រូប​លោក​ផ្ទាល់​បាន​នាំ​ក្រុម​គ្រួសារ​មក​ល​ម្អែ​កម្សាន្ត​រយៈ​ពេល​ខ្លី​នៅ​ពេល​ល្ងាច​ជា​ញឹក​ញាប់។ យ៉ាង​ណា​លោក ​ញ៉ែម សេរី​រតនា​ បាន​សម្តែង​ការ​បារម្ភ​ថា ​នៅ​ទី​នេះអាច​នឹង​ស្អាត​តែ​ដំបូង ​ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​អាច​នឹង​មាន​ពោរ​ពេញ​ដោយ​សំរាម​ប្រសិន​បើ​ពលរដ្ឋ​មិន​នាំគ្នា​ចូលរួម​ថែ​រក្សា​បរិ​ស្ថាន​ដោយ​បោះ​សំរាម​ចោល​ក្នុង​ធុង​។


​លោក​ថ្លែង​ថា​៖«​ទីនេះ​ជា​កន្លែង​ល្អ​ស្អាត​មាន​ទេស​ភាព ​វាល​ស្មៅ ស្រះ​ទឹក​ ជាពិសេស​ពេល​ល្ងាច​ថ្ងៃ​រៀប​លិច​មើល​ទៅ​ធ្វើឱ្យ​អារម្មណ៍​យើង​ស្រស់​ស្រាយ​បាត់​ទុក្ខ​កង្វល់​ ប៉ុន្តែ​ទីនេះ​មាន​អ្នក​លក់​ដូរនិង​អ្នក​ចូល​ទស្ស​នា​ច្រើន​ដែល​អ្នកខ្លះ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល អ៊ីចឹង​បន្តិច​ទៀត​អាច​មាន​សំរាម​ច្រើន​»​។

​ពាក់​ព័ន្ធ​បញ្ហា​សំរាម​នេះ លោក ញឹក រតន​ពេជ្រ បាន​បញ្ជាក់​ថា នៅ​ទីតាំង​នេះ​មាន​រៀប​ចំ​ទុក​ដាក់​ឱ្យមាន​ធុង​សំរាម​ចំនួន​១០០ ដើម្បី​ពល​រដ្ឋ​អាច​ទុក​ដាក់​សំរាម​មាន​របៀប​រៀប​រយ​និង​ងាយ​ស្រួល​ដល់​ភ្នាក់​ងារ​ប្រមូល​សំរាម​អាចធ្វើ​ការ​សម្អាត​ទីតាំង​បាន​ល្អនិ​ង​មិន​ធ្វើឱ្យ​ខូច​បរិ​ស្ថាន​។នៅ​ពេល​ថ្ងៃ​មាន​អ្នករក្សា​អនាម័យ​បោស​សម្អាត​ទីធ្លា​៧​នាក់​និង​នៅ​ពេល​យប់​មាន៤​នាក់​នៅ​មើលថែ​អនាម័យ​ផង​និង​ថែរក្សា​ស្រោច​ទឹក​ដើម​ឈើ​ផង​។ជា​ពិសេស​ក្រោយ​ថ្ងៃ​អាទិត្យ​អ្នក​យាម​នៅ​ទីតាំង​នេះ​បាន​ធ្វើ​ការប្រ​មូល​សំរាម​ដែល​ពលរដ្ឋ​បោះ​ចោល​ពាស​វាល​ពាស​កាល​ដាក់​ក្នុង​ធុង​មិន​ឱ្យ​នៅ​រាយ​ប៉ាយ​ឡើយ​។

​លោក​ថ្លែងថា​៖«​ភាគ​ច្រើន​ពលរដ្ឋ​បាន​បោះ​សំរាម​ចោល​ក្នុង​ធុង​ហើយ ​ប៉ុន្តែ​ភាគតិច​ក៏​នៅមាន​អ្នក​បោះ​ចោល​ពាស​វាល​ពាស​កាល​មិន​ទាន់​បាន​១០០​ភាគ​រយ​ដាក់​ក្នុង​ធុង​ទាំងអ​ស់​ទេ​។​ អ៊ីចឹង​យើង​ក៏​ចេះតែ​អំពា​វនា​វប្រាប់​ណែនាំ​ជា​បន្ត​បន្ទាប់​ឱ្យ​ពួក​គាត់​ទុក​ដាក់​សំរាម​ក្នុង​ធុង​ស្រ​ណុក​យើង​ប្រមូល​»​។

សួន​ភូត​គាម«​ភ្នំ​តា​ម៉ៅ​»ឧទ្យាន​សួន​សត្វ និង​ព្រៃ​ការពារ​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ ត្រូវ​បាន​ព្រះមហា​ក្សត្រ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​នៅ​ថ្ងៃទី ១៩ ​ខែសីហា​ ឆ្នាំ​២០២២ ​ត្រាស់​បង្គាប់​ឱ្យ​បង្កើត​ឡើង​ក្នុង​គោល​ដៅ​ដើម្បី​ធានា​នូវនិរន្តរ​ភាព​នៃ​ការថែ​រក្សា ​អភិរក្ស​ព្រៃ​ឈើ ​និង​សត្វ​ព្រៃ ​ការ​សង្គ្រោះ ព្យា​បាល ស្តារ​លទ្ធ​ភាព​សត្វ​ព្រៃ អប់រំ ផ្សព្វ​ផ្សាយ ការ​សិក្សា​ស្រាវ​ជ្រាវ និង​សេវា​ទេស​ចរណ៍​។

​នៅ​ទីនោះ​ត្រូវ​បាន​បែង​ចែក​ជា៣​តំបន់​ ទី១តំបន់​ព្រៃ​ការ​ពារ​សម្រាប់​ស្តារ​លទ្ធ​ភាព​សត្វ​ព្រៃជា​តំបន់​សម្រាប់​ធានា​ការធ្វើ​វិបុល​កម្ម​សត្វ​ព្រៃ ការ​អភិរក្ស​និង​ការអ​ភិវឌ្ឍ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្ត​រភាព​ដែល​មាន​ផ្ទៃដី​ទំហំ​ ១ ០២១(​​មួយ​ពាន់ម្ភៃ​មួយ​)ហិក​តា​។ ទី២​តំបន់​សួន​ភូត​គាម​ឈើ​ប្រណីត​ភ្នំ​តា​ម៉ៅជា​តំបន់​សម្រាប់​ធានា​ថែរក្សា​កូន​ឈើនិ​ង​អភិវឌ្ឍ​ជា​សួន​ភូត​គាម​មាន​ពូជ​ឈើ​ប្រណីត និង​សោភ​ណភា​ពដែល​មាន​ផ្ទៃដី​ទំហំ​៥៣០(​ប្រាំ​រយ​សាម​សិប​)ហិកតា​និង​ទី៣​តំបន់​ឧទ្យាន​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ជា​តំបន់​សម្រាប់​ថែរក្សា​សត្វ​ព្រៃ ព្យា​បាល សង្គ្រោះ​សត្វ​ព្រៃ អប់រំ​ផ្សព្វ​ផ្សាយ ​និង​បម្រើសេ​វា​ទេស​ចរណ៍​ដែល​មាន​ផ្ទៃដី​ទំហំ៤៧៤(​បួន​រយ​ចិត​សិប​បួន​)ហិក​តា​៕

វីដេអូ៖