​ក្រសួងការពារជាតិ ថ្កោលទោស​លោក​ ឡុង សុគន្ធា​រៈ ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ផ្កាយ​ ៣​ ក្លែងបន្លំ ប្រើស​ម្តីវាយប្រហារ​ថ្នាក់ដឹកនាំ​

Content image - Phnom Penh Post
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រសួងការពារជាតិ និងរូបលោក ឡុង សុគន្ធារៈ។ រូប​ ក្រសួងការពារជាតិ

ភ្នំពេញៈ ក្រសួងការពារជាតិ ថ្កោលទោស​អ្នកធ្វើ​អត្ថាធិប្បាយ តាម​បណ្តាញ​សង្គម លោក​ ឡុង សុគន្ធា​រៈ ដែល​ក្រសួង​អះអាងថា បាន​ក្លែងបន្លំ​ឯកសណ្ឋាន​យោធា និង​ឋានន្តរស័ក្ដិ​នាយទាហានជាន់ខ្ពស់​កម្ពុ​ជា ហើយ​ចេញ​វីដេអូ​ប្រមាថ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​លោក ​ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃទៀត​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ ឈុំ សុជាត អំពាវនាវ​ដល់​ «​ជនរួមជាតិ​»​ ទាំងអស់ កុំ​ចែកចាយ​បន្ត​នូវ​វីដេអូ របស់​អ្នកធ្វើ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​រូបនេះ ដែល​ក្រសួងការពារជាតិ ហៅថា «​បុគ្គល​ពាល​ក្រៅសង្គម​» និង​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ ដើម្បី​ផ្តន្ទាទោស​លោក ​ឡុង សុគន្ធា​រៈ តាមផ្លូវ​ច្បាប់​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ នា​ថ្ងៃទី ​២៣ ខែមករាថា​៖ «​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​បុគ្គល ឡុង សុគន្ធា​រៈ ដែល​បាន​ក្លែងបន្លំ​ឯកសណ្ឋាន​យោធា និង​ឋានន្តរស័ក្ដិ​នាយទាហានជាន់ខ្ពស់​កម្ពុ​ជា ហើយ​ចេញ​វីដេអូ​ប្រមាថ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត​»​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លើកឡើងថា ​«​ទង្វើ​» របស់លោក​ ឡុង សុគន្ធា​រៈ តាមរយៈ​ការ​ញុះញង់ ការ​គ្រង​ឯកសណ្ឋាន​យោធា ដោយ​ខុសច្បាប់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ន្តិ​សុខ និង​សេចក្តីថ្លៃថ្នូរ របស់​កងយោធពល​ខេមរភូមិន្ទ គឺជា​អំពើ​ល្មើសច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត មិនអាច​លើកលែង​ឱ្យបាន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិបាន​បញ្ជាក់ថា​៖ «​សូម​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា ដែល​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ និង​សូម​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សុខសន្តិភាព​ប្រទេស​កម្ពុជា ដោយ​មិនឱ្យ​ជន​ណាមួយ​មក​រំលោភបំពាន​បានឡើយ​»​។​

​ជាមួយគ្នានេះដែរ លោក​ ហ៊ុន ម៉ា​នី តំណាងរាស្ត្រ ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក ហ៊ុន ម៉ា​ណែ​ត បានចេញ​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​នេះ​ជាការ​ប្រមាថ ដែល​មិនអាច​ទទួលយកបាន​។ ក្នុងនាម​ជា​ប្អូន ពាក្យសម្តី​ដ៏​ព្រហើន គ្មាន​មូលដ្ឋាន និង​អសុរោះ​នេះ​បាន​ប៉ះពាល់​មកដល់​អារម្មណ៍ និង​មនោសញ្ចេតនា​ខ្ញុំ​ផ្ទាល់ ដែលជា​សមាជិកគ្រួសារ​តែមួយ​»​។

​លោក​ ហ៊ុន ម៉ា​នី ដែល​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) បាន​សរសេរ​បន្តថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់​លើ​ជនខិលខូច​ម្នាក់នេះ ដែល​ហ៊ាន​យក​ឯកសណ្ឋាន​យោធា មក​ពាក់​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​ពាក្យពេចន៍​គ្មាន​មូលដ្ឋាន ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​កិត្តិយស​បុគ្គល​ផង និង​កិត្តិយស​នៃ​ស្ថាប័ន​ជាតិ​នៃ​យើង​ផង​»​។​

​លោក ​ឡុង សុគន្ធា​រៈ ដែល​ទំនងជា​រស់​នៅឯ​ក្រៅប្រទេស បានចេញ​វីដេអូ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​នេះ នា​ថ្ងៃទី​ ២៤ ខែមករា ដោយ​ថ្លែងថា នៅក្នុង​វីដេអូ ដែល​លោក​បាន​ផ្សាយ​ផ្ទាល់ ​(Live) កាលពី​លើក​មុន​នោះ លោក​ប្រកាសថា លោក​បាន​ទិញ​ឯកសណ្ឋាន​យោធា​នេះ​ពី​ផ្សារ​។ ប៉ុន្តែ មិនបាន​និយាយ​តាំងខ្លួន ជា​ឧ​ត្ត​ម​សេនីយ៍ ដែល មាន​អត្តលេខ​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​នោះទេ​។ លោក​ថា ក្នុង​វីដេអូ ដែល​លោក​បាន​ផ្សាយ​ផ្ទាល់​នេះ គឺ​លោក​ចង់​បញ្ចេញ​ប្រតិកម្ម​រិះគន់​លោក ​ហ៊ុន សែន និង​លោក​ហ៊ុន ម៉ា​ណែ​ត​។​

​លោក​បញ្ជាក់ថា​៖ «​បើ​ខ្ញុំ​និយាយ​នៅក្នុង​វីដេអូ​ហ្នឹង ក្នុងនាម​ខ្ញុំ​ជា​កងយោធពល​ខេមរភូមិន្ទ នោះ​ទើប​ខ្ញុំ​វា​ខុស ពីព្រោះ​ខ្ញុំ​ក្លែងបន្លំ​ខ្លួន​ជា​កងយោធពល​ខេមរភូមិន្ទ​។ តែ​ខ្ញុំ​អត់​មាន​និយាយថា ខ្ញុំ​ជា​កងយោធពល​ខេមរភូមិន្ទ​ទេ គ្រាន់​ខ្ញុំ​ថា ផ្កាយ​ ៣ ​នេះ គឺ​ផ្កាយ​ដែល​កើតឡើង​ដោយសារ​ញើស​ឈាម​របស់ខ្ញុំ គឺ​ខ្ញុំ​ប្រឹង​រកលុយ​យកទៅ​ទិញ​អាហ្នឹង​មក​ពាក់​»​។​

​ក្រៅពី​ការ​បង្ហោះ​វីដេអូ នៅ​ថ្ងៃទី​ ២៤ ខែមករា នេះ លោក​ ឡុង សុគន្ធា​រៈ ក៏បាន​សរសេរ​ជា​សារ​ទៀតថា​៖ «​ឆ្លើយតប សម្តេច ទៀ បាញ់ [​រដ្ឋមន្ត្រី​] ក្រសួងការពារជាតិ ខ្ញុំ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ បង្ហាញ​ជំហរ​ការពារជាតិ និង​ប្រជាពលរដ្ឋ​។ សូមកុំ​អគតិ ប្រើប្រាស់​ស្ថាប័ន​ជាតិ ការពារ​គ្រួសារ និង​បក្ខពួក​»​។​

​លោក​ ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ មិនអាច​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​បានទេ នៅ​ថ្ងៃទី ​២៤ ខែមករា​។​

​លោក​ យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាពប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការបកស្រាយ​ទៅវិញទៅមក គឺជា​មធ្យោបាយ​មួយ​ក្នុងសង្គម​ប្រជាធិបតេយ្យ​រដ្ឋ​។ ទោះបីយ៉ាងណា ការប្រើប្រាស់​វោហារសាស្ត្រ នៃ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កន្លងមក ក៏​ធ្វើឱ្យ​មានការ​ប្រេះស្រាំ ធ្វើឱ្យមាន​ការរើសអើង ធ្វើឱ្យមាន​និន្នាការ​នយោបាយ និង​ក៏​ធ្វើឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា​។ ទាំងអស់នេះ​អាចជា​បច្ច័យ​មិនល្អ សម្រាប់​គោលដៅ​នៃ​ការ​ង្រួ​ប​បង្រួម​ជាតិ សាមគ្គីភាព​ជាតិ ក៏ដូចជា​សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ទាំងអស់នេះ​ខ្ញុំ​យល់ថា គួរតែមាន​ការធ្វើការ​ពន្យល់ ការ​សម្រប សម្រួល​ណាមួយ កុំឱ្យ​មានការ​ប្រើប្រាស់​វោហារសាស្ត្រ ដែល​ធ្វើឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា ឬក៏​ធ្វើឱ្យមាន​ការយល់ច្រឡំ​ពាក់ព័ន្ធ​ព័ត៌មាន​ផ្សេងៗ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភាកម្ពុជាយល់ថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​ក្នុង​ការបន្លំ​ឯកសណ្ឋាន​ជាម​ន្ត្រី​យោធា និង​ការ​ជេរប្រទេច​ក្រោម​ហេតុផល​តស៊ូ​មតិ ដែលជា​រឿង​អសីលធម៌​សង្គម​មួយ ហើយ​ថែមទាំង​ល្មើសច្បាប់​ទៅទៀត​។​

​លោក ​ឈ​ត ប៊ុន​ថង គូសបញ្ជាក់ថា​៖ «​ប្រទេស​សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គេ​យក​ច្បាប់​ជា​គោល អំពើ​ទាំងអស់​ត្រូវ​ស្ថិតក្រោម​ច្បាប់ ហើយ​ក្រៅពី​ច្បាប់​គ្រប់គ្រង​ដោយ​សីលធម៌​សង្គម​។ បើ​បុគ្គល​ណា ឬ​អង្គភាព​ណា​ធ្វើ​មិន​ត្រឹមត្រូវ​តាមច្បាប់​ត្រូវមាន​ទោសទណ្ឌ​មិន​ថា​រាស្ត្រ មិន​ថា​មន្ត្រី​»​។​

​លោក​បន្តថា​៖ «​ការតស៊ូ​មតិ​នៅតែ​ធ្វើ ប៉ុន្តែ​យើង​ប្តូរ​វិធី​ធ្វើ​ដោយនិយាយ​ដោយ​ពីរោះពិសា មាន​តឹកតាង ហេតុផល ទ្រឹស្តី​ទស្សនវិជ្ជា ចៀសវាង​ការ​ជេរប្រទេច​គ្នា​»៕

ព័ត៌មានថ្មីៗ