ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​និង ADB នឹង​ជួយ​ធ្វើ​ធារាសាស្ដ្រ ២ កន្លែង​នៅ​បាត់ដំបង​

Content image - Phnom Penh Post
លោកសុខ លូ​​ ក្នុងសន្និសីទសារព័ត៌មានពីថ្ងៃទី ២៤ មករា។ ហុង មិនា

ភ្នំពេញៈ ដៃគូ​អភិវឌ្ឍន៍​ចំនួន​ ២ ​គឺ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹង​ចូលមក​ខេត្តបាត់ដំបង​ដើម្បី​ជួយ​ធ្វើ​សំណង់​ធារាសាស្ត្រ​ចំនួន​ ២ ​កន្លែង​ធំៗ នៅ​ស្រុក​គាស់​​ក្រឡ និង​ស្រុក​រតនមណ្ឌល លើ​ផ្ទៃដី​សរុប​ជាង​៤​ម៉ឺន​ហិកតា សំដៅ​ធានា​ដល់​ការស្រោចស្រព​ដំណាំ​កសិកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។

​នេះ​ជាការ​លើកឡើង​របស់ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​ស្តីពី​ភាពជោគជ័យ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំកន្លងមក​របស់រ​ដ្ឋ​​បាល​ខេត្តបាត់ដំបង​ ​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី ថ្ងៃទី​ ២៤ ខែមករា​។

​លោក​បានឱ្យដឹងថា គម្រោង​សំណង់​ធារាសាស្ត្រ​ចំនួន ​២ ​ថ្មី​នេះ ទី​១ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD ធ្វើ​នៅ​ស្រុក​គាស់ក្រឡ​លើ​ផ្ទៃដី ២០ ០០០ ​ហិកតា និង​ទី​២ ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហការ​ជាមួយ​ធនាគារ​ចិន​ដែល​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាង​​ក្រោម​ទំនប់​សេក​សក​ជាង ​១០ ​គីឡូម៉ែត្រ ហៅថា​សំណង់​ស្ទាក់​ទឹក​ថ្វាក​ក្នុងស្រុក​រតនមណ្ឌល ។ យ៉ាងណាក៏ដោយ លោក​ឡុង ផលគុណ មិនបាន​បញ្ជាក់ថា​គម្រោង​ទាំង ​២ ​នេះ​នឹងត្រូវ​ចំណាយ​ប្រាក់​ចំនួន​ប៉ុន្មាន​នោះទេ​។

​លោក​ថា​ ៖«​យើង​ធ្វើ​ហ្នឹង​គឺ​ធ្វើ​ទាំង​ទ្វារ​ទឹក និង​ផ្លូវ​គមនាគមន៍ វា​បាន​២​ចំណែក ហើយ​ថ្វាក​នេះ​មាន​តួនាទី​ ២ ​យ៉ាង គឺ​ទី ១ ស្រោច​​ស្រព​តំបន់​ខ្ពង់រាប យើង​ហៅ​ពាក្យ​សាមញ្ញ​ថា​ដី​ដឺ​។ ដី​ដឺ​ហ្នឹង​គឺ​ថ្វាក​នៅ​ពីលើ​តែម្តង អ៊ីចឹង​កាលណា​យើង​ស្ទាក់​ទឹក​វា​រុញ​ទឹក​មក​ផ្នែក​ខាងលើ​តែម្តង ផ្ទៃដី​ហ្នឹង​ជាង ២០ ៥០០ ​ហិកតា ទី​២ គឺ​នាំ​ទឹក​ពីលើ​ចាក់​ចូល​អាង​កំពីងពួយ​»​។

​លោក ឡុង ផលគុណ បញ្ជាក់ថា បើ​ការធ្វើ​សំណង់​ស្ទាក់​ទឹក​ថ្វាក​នេះ​បាន​ជោគជ័យ នឹង​ឆ្លើយ​​តប​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ មានន័យថា ខេត្តបាត់ដំបង​នឹង​លែង​បារម្ភ​ពី​ការខ្វះ​ទឹក​ប្រើប្រាស់ ដោយ​ធ្វើឱ្យ​ភាព​​អវិជ្ជមាន​កាន់តែ​តូច​ទៅៗ​។

លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​ទី​រួម​ខេត្ត ឬ​ក្រុង​បាត់ដំបង​នឹង​ឃើញ​មាន​ប្រព័ន្ធធារាសាស្ត្រ​ ១​ ដែល​គ្រប់គ្រង​លើ​ផ្ទៃដី​ជាង ​៦ ​ម៉ឺន​ហិកតា នោះ​គឺ​សំណង់​កាត់​ស្ទឹង​ចំនួន​ ៤ ដែល​អាចជួយ​ស្តុក​ទឹក​ធ្វើជា​ពាងទឹក​ផង ជា​សំណង់​បង្វែរ​យក​ទឹក​ផង ដើម្បី​ស្រោច​​ស្រព​ដំណាំ​ស្រូវ​រាប់ម៉ឺន​ហិកតា ក៏ដូចជា​ដំណាំ​រួមផ្សំ​ផ្សេងៗ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ពី​គ្រោះធម្មជាតិ​។​

​លោក​បាន​បន្ថែមថា ក្រៅពីនេះ​ខេត្តបាត់ដំបង​ក៏​នៅមាន​សំណង់​ធារាសាស្ត្រ​ស្ទឹង​សង្កែ​ផងដែរ​។ ក្នុង​ប្រព័ន្ធ​ស្ទឹង​សង្កែ​មាន​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​ចំនួន​៣ ដូចជា ទំនប់​ពហុ​បំណង​សេក​សក ទំនប់​ស្ទាក់​ទឹក​ក​ង្ហ​ត់ និង​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ដែល​អាច​ផ្គត់ផ្គង់​ដំណាំ​កសិកម្ម​ជាច្រើន​ម៉ឺន​ហិកតា ក្នុងស្រុក​បាណន់ រតន​​មណ្ឌល មោងឫស្សី គាស់ក្រឡ ស្រុក​ឯក​ភ្នំ និង​ក្រុង​បាត់ដំបង ។​

​លោក​ថា​៖ «​សំណង់​សាលា​តា​អន​យើង​ទើប​បញ្ចប់​នៅពេល​ថ្មីៗ​នេះ​ទេ គឺ​នៅ​ថ្ងៃទី ​១៦ ខែ​៩ សំណង់​នេះ​មាន​តួនាទី​មិន​ត្រឹមតែ​ធ្វើ​ស្រូវប្រាំង​វស្សា​ទេ គឺជា​តំបន់​ទេសចរណ៍​ ១ ​ទៀត ហើយ​កែប្រែ​តំបន់​នេះ​ទៅជា​តំបន់ ​១​ដែលមាន​បរិស្ថាន​បៃតង​។​កាលណា​យើង​ស្តុក​ទឹកបាន​ច្រើន​គឺមាន​ប្រយោជន៍​សម្រាប់​មច្ឆជាតិ​ថែមទៀត​»​។​

​លោក ឡុង ផលគុណ បាន​បន្តទៀតថា ខេត្តបាត់ដំបង​មាន​ទឹកធំ​សំខាន់​ ១ ​ទៀត​ គឺ​អាង​កំពីង​​ពួយ​ដែល​សាង​ឡើង​នៅ​សម័យ​ប៉ុល ពត ឆ្នាំ​១៩៧៧ ដោយ​កម្លាំង​យុវជន ប៉ុន្តែ​ឥឡូវនេះ​ខេត្ត​បានធ្វើ​ឱ្យមាន​ភាពល្អប្រសើ​រ​ឡើង ដោយ​អាច​ស្តុក​ទឹក​រហូត​បាន​ ១៧០​ លាន​ម៉ែត្រគុប​។ ជាក់ស្តែង​នៅ​ឆ្ នាំ​២០២២ មន្ត្រី​ជំនាញ​បាន​តម្កល់ទុក​ទឹក​ពេញ​ហើយ​អនុញ្ញាតឱ្យ​ពលរដ្ឋ​បង្កបង្កើនផល​រហូតដល់ ២៨ ៥០០​ ហិកតា​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងថា បាត់ដំបង​ជា​ខេត្ត​១​ដែល​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម ដោយសារ​មាន​ប្រព័ន្ធ​ធា​រាស្ត្រ​ខ្លាំង ពោលគឺ​ដោយសារ​មានទឹក​តែម្តង បើ​គ្មាន​ទឹក​ទេ កសិកម្ម​ដំណាំ​ដាំ​ដុះ ឬ​ការធ្វើ​ឧស្សាហកម្ម​ផ្សេងៗ​គឺ​មិនអាច​ធ្វើទៅ​រួច​ឡើយ​។ លោក​ថា​៖ «​នេះ​ជា​សមិទ្ធផល​ធំ​ណាស់ ឧទាហរណ៍​ថា ទំនប់​សាលា​តា​​អន​ ១ ​គឺ​បាន​បម្រើ​វិស័យ​កសិកម្ម​ទាំង​ស្រែប្រាំង​ហើយ​ទាំង​ស្រែវស្សា​ទៀត ហើយ​បម្រើ​ទាំង​វិស័យ​ទេសចរណ៍​»​។

​លោក​អភិបាលខេត្ត បានឱ្យដឹង​ទៀតថា ខេត្តបាត់ដំបង​មាន​ផ្ទៃដី​ដាំ​ដុះ​ជាង ​៤០ ​ម៉ឺន​ហិកតា​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ផលិត​ស្រូវ​បាន​សរុប​ជាង ​៦​ លាន​តោន ហើយ​ក្នុង​ ១ ​ឆ្នាំមាន​អង្ករ​ជាង​ ១០ ​ម៉ឺន​តោន​ចេញទៅ​ក្រៅប្រទេស ដែលមាន​ទាំង​ប្រទេសជិតខាង និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ក៏​ដូច​អាមេរិក​ជាដើម​។ ក្រៅពី​ការនាំចេញ អង្ករ​បាត់ដំបង​ក៏បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ច្រើន ព្រមជាមួយ​គ្នា​នឹង​ការផ្គត់ផ្គង់​ស្រូវ​ផងដែរ​។

​លោក​ថា​៖ «​បងប្អូន​យើង​គាត់​បន្ទាន់​ច្រូតកាត់ ហើយ​ដើម្បី​រក្សា​តម្លៃ​ស្រូវ​គាត់​បាន​នាំ​ចេញទៅ​ប្រទេសជិតខាង មាន​ទាំង​ថៃ និង​វៀតណាម អនាគត​បើ​យើង​ខំ​បង្កើន​ឡស​ម្ងួ​ត រោង​ម៉ាស៊ីន​ដែល​អាច​ស្តុក​ស្រូវ​អង្ករ​បាន​ច្រើន នោះ​យើង​មិនបាន​នាំ​ស្រូវ​ចេញទៅ​ទេ យើង​អាច​ធ្វើជា​អង្ករ​ដើម្បី​បន្ថែម​នូវ​តម្លៃ​ដើម​ជូន​បងប្អូន​ប្រជាកសិករ​យើង​»៕

ព័ត៌មានថ្មីៗ