​ភ្នំពេញៈ ក្រសួងការបរទេស​ជ​ប៉ុន​បានបង្ហាញ​ក្តីសង្ឃឹម​ថា ចំណេះដឹង និង​បទពិសោធន៍​របស់​ប្រទេស​ជប៉ុន​ក្នុង​ការដោះមីន​ដែល​ទទួលបាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​ការបង្ហាញ​ក្តីសង្ឃឹម​នេះ ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី​ ២៣ ខែមករា រវាង​លោក Endo Kazuya អគ្គនាយក​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួងការបរទេស​ជ​ប៉ុន និង​លោក Stanislav Kulykivsky ប្រធាន​ផ្នែក​ជំនួយ​បច្ចេកទេស​អន្តរជាតិ​នៃ​អង្គភាព​ផ្តល់​សេវាកម្ម​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន (SESU) និង​សមាជិក SESU ដទៃទៀត​។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ជប៉ុន បញ្ជាក់​នា​ថ្ងៃទី​ ២៣ ខែមករា​ថា​៖ «​លោក Endo បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក SESU ទៅកាន់​ប្រទេស​ជប៉ុន​ហើយ​បាន​សម្តែង​ក្តី​សង្ឃឹមថា ចំណេះដឹង និង​បទពិសោធន៍​របស់​ប្រទេស​ជប៉ុន ក្នុងការ​ដោះមីន​ដែល​ទទួលបាន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អ៊ុយ​ក្រែ​ន​»​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​លោក Kulykivsky បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ជំនួយ​របស់​ជប៉ុន​ចំពោះ​អ៊ុយ​ក្រែ​ន ហើយ​លោក Endo បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុងការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ សមាជិក SESU បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ការដោះមីន​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​កំពុង​អនុវត្ត​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ដោយមាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ JICA វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយ​:​ពេល​ ៥ ​ថ្ងៃ​ សម្រាប់​អ្នក​បោសសម្អាត​មីន​នៃ​អង្គភាព SESU ត្រូវបាន​បិទ​បញ្ចប់​កាលពី​សប្តាហ៍​មុន​នៅ​ប្រទេស​កម្ពុជា​។


JICA បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ២៣ ​មករា​ថា មន្ត្រី​ដោះមីន​អ៊ុយ​ក្រែ​ន ត្រូវបាន​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ឧបករណ៍​ទំនើប​សម្រាប់​បោសសម្អាត​មីន​របស់​ប្រទេស​ជប៉ុន ក៏ដូចជា​ការចែករំលែក​ចំណេះដឹង​ដ៏​សម្បូរបែប​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(CMAC)​ ទាក់ទង​នឹង​ការដោះមីន​។


សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង JICA និង CMAC ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​ ២៤ ខែមករា បានឱ្យដឹងថា ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២ គ្រាប់មីន​ជាច្រើន​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (UXO)​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ERW)​ ត្រូវបាន​បន្សល់ទុក​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​កំពុង​បង្ក​ឱ្យ​ជន​ស៊ីវិល​ស្លាប់បាត់​បង់ជីវិត និង​កំពុង​ក្លាយជា​ឧបសគ្គ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​ចង់​វិលត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​បន្តថា ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គឺជា​បញ្ហា​មនុស្សធម៌ ដែល​ទាមទារ​ឱ្យមាន​វិធានការ​ជាបន្ទាន់ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ការស្តារ​មុខងារ​ទីក្រុង និង​ដី​កសិកម្ម​ឡើងវិញ​។ កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន ទាមទារ​ឱ្យ មានការ​តស៊ូ និង​ការអត់ធ្មត់ ព្រោះ​វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​សុវត្ថិភាព និង​ស្តារ​ជីវភាព​ឡើងវិញ​៕​