​ភ្នំពេញៈ ដំណើរការ​ក្រុម​ការ​​ងារ​បច្ចេកទេស​អន្តរក្រសួង​តាក់​​តែង​គោលនយោបាយ​លុបបំបាត់​អេដស៍​នៅ​ឆ្នាំ​ ២០២៥ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​ ២០២៣-២០២៨ ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រកាស​ដាក់ឱ្យ​ដំណើរការ នា​ព្រឹក​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២៣​។​


​ការប្រកាស​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​និង​មានការ​ចូលរួម​ពី​មន្ត្រី សមាជិក និង​ទីប្រឹក្សា​ក្រុម​​ការងារ​បច្ចេកទេស​អន្តរក្រសួង ក្រុមការងារ​ស្នូល​មកពី​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ​។​

​លោក អៀង មូលី បាន​លើក​​ឡើង​ថា ក្រុមការងារ​របស់​រា​ជរ​ដ្ឋា​​ភិ​បាល និង​ក្រុមការងារ​ស្នូល​របស់​អេដស៍​គឺជា​ការប្រមូល​ធនធាន​បញ្ញាញាណ​ដើម្បី​តាក់តែង​គោល​​នយោបាយ​លុបបំបាត់​អេដស៍ នៅ​ឆ្នាំ​ ២០២៥ និង​ធានា​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ ​២០២៣-២០២៨​។


​លោក​ថា​៖ «​កម្ពុជា​យើង​បានសម្រេច​គោលដៅ ​៩៥៩៥៩៥ ទី​២ និង​ទី​៣ ​ហើយ នៅតែ​គោលដៅ​ទី​១​ ប៉ុណ្ណោះ​។ ចំពោះ​គោលដៅ ​៩៥ ​ទី​១ ​ដែល​យើង​នៅ​មិនទាន់​សម្រេចបាន យើង​ត្រូវ​បង្កើន​កម្មវិធី​បង្ការ និង​វាយតម្លៃថា ​តើ​កម្មវិធី​ដែល​កំពុងដំណើរការ​ស​ម​ស្រប​នឹង​សភាព​​ការណ៍​ជាក់ស្តែង​ហើយ​ឬ​នៅ​, បង្កើត​កម្មវិធី​បង្ការ​អាចធ្វើ​ន​វា​​នុ​វត្ត​ន៍​យ៉ាងដូចម្តេច​? តាម​យន្តការ​អ្វីខ្លះ​? ពេលណា​អនុវត្ត​?»​។​

​មួយវិញទៀត លោក​ក៏បាន​ជំរុញឱ្យមាន​ការស្វែងរក​អ្នក​​បាត់​មុខ​ជាង ១០ ០០០ ​នាក់ និង​ទប់ស្កាត់​កុំឱ្យ​អ្នកជំងឺ​បោះបង់​ការព្យាបាល និង​ថែទាំ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក អៀង មូលី ក៏បាន​បញ្ជាក់ដែរថា ពី​ឆ្នាំ ​២០២៣ ​ដល់​ ២០៣០ ថវិកាជាតិ​ ៥ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដោយ​មិន​គិតពី​ថវិកា​សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា​មូលនិធិ​សកល ព្រម​​ទាំង​ថវិកា​ ៨០​ លាន​រៀល និង ​៦០ ​លាន​រៀល​សម្រាប់​រាជធានី​-ខេត្ត​ចំនួន​ ១៥ នឹងត្រូវ​ផ្តល់ឱ្យ​ដើម្បី​ចំណាយ​លើ​ការងារ​អេដស៍​។


​ទន្ទឹមនឹងនោះ ពី​ឆ្នាំ​ ២០២៣ ដល់​២០៣០ ថវិកា​មូលនិធិ​សកល​ក្នុង​រង្វង់ ​១៣ ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​មិន​គិតពី​ជំនួយ​ដែល​បានមកពី USAIDS ក៏​នឹងត្រូវ​ផ្តល់​ជា​ជំនួយ​លើ​ការងារ​អេដស៍​ផងដែរ​។​

​យោងតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានឱ្យដឹងថា ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច សិក្សា និង​រៀបចំ​គោល​​នយោបាយ​, សិក្សា និង​វិភាគ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការឆ្លើយ​​តប​អេដស៍​, សិក្សា និង​វិភាគ​អំពី​ប្រព័ន្ធ​ជាតិ ចំណុច​ខ្វះខាត លើកសំណើ​កែសម្រួល​។​

​ក្រុមការងារ​នឹងសិក្សា និង​វិភាគ​ពី​តួនាទី​របស់​សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហ​​គម​ន៍​ប្រជាជន​គន្លឹះ អ្នក​ផ្ទុក​​មេរោគ​អេដស៍​ក្នុងការ​ឆ្លើយតប និង​លុបបំបាត់​អេដស៍​, សិក្សា និង​វិភាគ​ពី​តម្រូវការ​ហិរញ្ញវត្ថុ​, ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ប្រមូល​ធាតុ​ចូលក្នុង​ការតាក់តែង​គោលនយោបាយ​, ពិនិត្យ​ជាប្រចាំ​លើ​ភាពចាំបាច់ នៃ​ការកែ​​លម្អ​គោលនយោបាយ និង​រាយ​​ការណ៍​ជូន អាជ្ញាធរ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោលនយោបាយ​។​

​ប្រធាន​កាកបាទក្រហមកម្ពុជា​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើង​នា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កាលពី​ថ្ងៃទី​ ១ ​ធ្នូ ឆ្នាំ ​២០២២ ដោយបាន​បង្ហាញ​ពី​មោទនភាព​ដែល​រាជ​​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ការរីក​​រាលដាល​មេរោគ​ឆ្លង​នានា រួម​​ទាំង​មេរោគ​អេដស៍​បានល្អ​ផងដែរ និង​បាន​អំពាវនាវ​ដល់​ជន​ រួម​ជាតិ​ទាំងអស់​ចូលរួម​ដើម្បី​សម្រេចបាន​ការបញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ ​២០២៥៕