ក្រចេះ​: ប្ដី​ប្រពន្ធ​បរទេស​ ១ គូ ​ជា​គ្រូពេទ្យ​ជំងឺកុមារ​បម្រើ​ការងារ​រយៈ​ពេល ​៧ ឆ្នាំ​ នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ​ធ្លាប់​បាន​ត្រៀម​ខ្លួន​រួចហើយ​សម្រាប់​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​តាំងពីឆ្នាំ​ ២០១៥ ​ម៉្លេះ។​


​ប៉ុន្ដែ​លោកវេជ្ជ​ប​ណ្ឌិ​ត ប៊ី​ល​ និង​អ្នកស្រី ​ឡូរី​ ហោ​ស​វើត ដែល​មាន​ចិត្ត​ចង់​ជួយ​អស់ពី​សមត្ថ​ភាព​ សម្រាប់ត​ម្រូ​វ​ការ​ថែទាំ​សុខ​ភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ខកខាន​ទៅ​វិញ ដោយ​សារ​តែមើល​ឃើញ​ថា​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ចំពោះ​វិស័យ​សុខាភិ​បាល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​។

​អ្នកស្រី​ឡូរី​ បាន​និយាយ​ថា​៖ «​ខណៈ​យើង​នៅ​ស្ទាក់​ស្ទើរ​ថា ​តើ​ត្រូវ​ស្នាក់​នៅឬ​ត្រូវ​ទៅនោះ ​ប៊ី​ល​ [យើង]​បាន​ពិភាក្សា​ជាមួយ​ឯក​ឧត្តម​ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​សុខ​ភាព​នៅ​ទូទាំង​ប្រទេស​រួម​ទាំង​ខេត្ត​ក្រចេះ​ផង​ដែរ​»​។​

​ពួកគេ​បាន​កំណត់​ថា​ ខេត្ត​ក្រចេះ​ជា​កន្លែង​ធ្វើការ​ដ៏​សំខាន់ ​ទាំង​ដោយ​សារ​តែ​បញ្ហា​ប្រឈម​ផ្នែក​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ដោយ​អាច​បម្រើ​ជា​មជ្ឈ​មណ្ឌល​បញ្ជូន​បន្ដ​សម្រាប់​តំបន់​ជុំវិញ​ដែល​មាន​តម្រូវការ​ធ្ងន់​ធ្ងរ​។​


​បន្ទាប់ពី​ពិភាក្សា​បន្ថែម​ជាមួយ​ដៃគូ​សំខាន់ៗ និង​ម្ចាស់​ជំនួយ​ដែល​ចាប់​អារម្មណ៍​លើ​ការប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែង​ក្នុង​ការ​កែ​លម្អ​សេវា​ថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិ​បាល​ អ្នក​ស្រី​បាន​ឱ្យដឹង​ថា​ មណ្ឌល​ថែទាំ​សុខ​ភាព​កុមារ​ចេនឡា​ ក៏បាន​កកើត​នៅ​ក្នុងឆ្នាំ​ ២០១៧ ​តែ​ម្ដង​។​


​អ្នកស្រី​វេជ្ជ​បណ្ឌិត ​ឡូរី ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ដៃគូ​ស្ថាប​និក​របស់​យើង​រួមទាំង ​Partners for Equity នៅ​អូស្ត្រា​លី​ មូល​និធិ Ptarmigan នៅ​កាណា​ដា​ មូល​និធិ ​Hrothgar​ និង​ Children of Cambodia នៅ​សិង្ហ​បុរី​ ជា​ក្រុម​ស្នូល​ក្នុង​ការ​បង្កើត​ភាព​ជោគ​ជ័យ​នៃ​គំរូ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯក​ជន​»​។​

​មណ្ឌល​ថែទាំ​សុខ​ភាព​កុមារ​ចេនឡា​បាន​ដំណើរ​ការ​នៅ​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា​ ដែល​ពួក​គេ​មិន​សូវ​ទទួល​បាន​​ការថែទាំ​ផ្នែក​វេជ្ជ​សាស្ត្រ​សង្គ្រោះប​ន្ទាន់ ឬ​កិច្ច​ការពារ​និង​ការថែ​ទាំ​កុមារ​ជា​ប្រចាំ​ប៉ុន្មាន​ឡើយ​។​

​អ្នកស្រី ​ឡូរី​ បាន​បន្ដថា​៖ «​សមត្ថភា​ព​របស់​យើង​ក្នុងការ​ផ្តល់​ការ​ថែទាំ​ទារក ​និង​កុមារ​ដែល​មាន​គុណ​ភាព​ខ្ពស់​ក្នុង​ភាពជា​ដៃគូ​ផ្ទាល់​ជាមួយ​មន្ទីរ​ពេទ្យ​បង្អែក​របស់​រាជ​រដ្ឋាភិ​បាល ​គឺ​ពិត​ជា​ល្អ​បំផុត​។ ​យើង​កំពុង​ដំណើរការ​យ៉ាង​ពេញ​លេញ​នៅក្នុង​ខេត្ត​ក្រចេះ​និង​មណ្ឌល​គិរី​ ហើយ​ថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ការ​ងារ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​»​។​

​អ្នកស្រី​បាន​បន្ថែម​ថា​៖ «​កម្រិត​នៃ​ការ​សង្គ្រោះ​បន្ទាន់និ​ង​ការថែទាំ​យ៉ាង​យក​ចិ​ត្ដ​ទុក​ដាក់​របស់​មណ្ឌល​ចេន​ឡា​បាន​ផ្ដល់នូវ​ប​ទពិសោធន៍​ថ្មី​សម្រាប់​ពលរដ្ឋ​សហ​គមន៍​តំបន់​ទាំង​នោះ​។ យើង​បាន​ផ្ដល់​សេវា​កម្ម​ដល់​អ្នកជំងឺ​ជាង ​៧ ​ម៉ឺន​នាក់​មក​ទល់​ពេល​នេះ​ ហើយ​យើង​មាន​បំណង​ពង្រីក​ទៅតាម​ខេត្ត​ផ្សេង​បន្ថែម​ទៀត (​និង​អាច​សូម្បី​តែ​ប្រទេស​ផ្សេង​ទៀត​ផង​)»​។​

​កុមារ​នៅ​តំបន់​ដាច់​ស្រយាល​ត្រូវការ​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ និង​ការព្យា​បាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ពីដំបូង​មុនពេល​ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ធ្ងន់​ធ្ងរ​រួមទាំង​ការកើត​មិន​គ្រប់​ខែ​ ជំងឺ​ឆ្លង​ និង​ជំងឺ​ត្រូពិក​ដូចជា ​ជំងឺគ្រុន​ឈាម​គ្រុន​ពោះវៀន ​មេ​លី​អ៊ីយ៉ូត ​និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ស្ដ្រី​កូន ៤​ នាក់ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពីមាតុ​ប្រទេស​ជាង​ ១​ ទសវត្សរ៍​រូបនេះ​បាន​លើក​ឡើង​ថា​៖ «​តាម​រយៈ​នេះ​ខ្ញុំ​មាន​ន័យថា ​កុមារ​ក្រីក្រ​និង​ជន​ក្រីក្រ​ យើង​ផ្តល់​សេវា​ដែល​មាន​គុណ​ភាព​ខ្ពស់​ថ្មី ហើយ​ខណៈ​កា​រព្យា​បាល​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​មូលនិធិ​សម​ធម៌​សុខភាព​ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​កុមារ​មាន​ធនធាន​គ្រួសារ​មួយ​ចំនួន​ក៏​មក​ទទួល​សេវា​ពី​យើង​ដែរ​នោះ​»​។

​បើ​យោង​តាម​ស្ថាបនិក​មណ្ឌល​ថែទាំ​សុខភាព​កុមារ​ចេន​ឡា​បាន​បង្ហាញ​ថា ​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​គឺ​ត្រូវ​ធានាថា​ កុមារ​មកពី​ភូមិ​ក្រីក្រ​បំផុត​ដែល​មាន​ធន​ធាន​តិច​បំផុត​អាច​ទទួល​បាន​ការ​ថែទាំ​។​

​អង្គការ​វេជ្ជ​សាស្ដ្រ​នេះ​បាន​ និង​កំពុង​ធ្វើការ​ជា​មួយ​អង្គការ​ផ្សេងៗ​គ្នា​ដូចជា​ Happy Cambodian Children និង​អង្គការ​ផ្សេងៗ​ទៀត​ដោយ​មាន​សា​លារៀន​និង​មេភូមិ ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុងការ​នាំយក​សេវា​ថែទាំ​សុខ​ភាព​ទៅ​ដល់​កុមារ​មូល​ដ្ឋាន​។​

​បុគ្គលិក​ពេទ្យ​របស់​ចេន​ឡា​ ពុះពារ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ដើម្បី​ទៅ​ជួប​កុមារ​ដែល​រស់នៅ​ដោយ​គ្មាន​អគ្គិ​សនី​នៅ​ចម្ការ​ និង​ឆ្ងាយ​ពី​ភូមិ​ប្រពៃណី​ជន​ជាតិ​វៀត​ណាម​ដែល​កើត​ក្នុង​ប្រទេស​កម្ពុជា ​និង​មិន​មាន​សញ្ជាតិ​ផ្លូវការ ​ជន​ជាតិ​ដើម​ភាគ​តិច ​ដូចជា​ជនជាតិ​ចាម​ កួយ​ ព្នង​ ដែល​តាម​ប្រពៃ​ណី​មិន​ទទួល​បាន​សេវា​របស់​រដ្ឋាភិ​បាល​ឡើយ។​

​មិន​ត្រឹម​តែ​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ខ្លាំង​ប៉ុណ្ណោះ​ទេ មណ្ឌល​ថែទាំ​សុខ​ភាព​កុមារ​ចេនឡា​ក៏​ជា​មជ្ឈ​មណ្ឌល​សម្រាប់​គ្រូពេទ្យ​កុមារ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​ជួយ​សង្គម​ផង​ដែរ​។​

​វេជ្ជ​បណ្ឌិត​ លុច​ ស្រី​ល័​ក្ខ​ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ដំបូង​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ហើយ​បន្ទាប់​មក​បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​កុមារ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ក្រចេះ ជិត​ស្រុក​កំណើត​នៅ​ស្នួល​។​

​ស្រី​ ល័​ក្ខ​ បាន​ឱ្យដឹង​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​ធ្វើការ​នៅ​មណ្ឌល​សុខ​ភាព​កុមារ​ចេនឡា​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ព្រោះ​កន្លែង​នេះ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើការ​ជា​មួយ​នឹង​ជំនាញ​ចំណង់​ចំណូល​ចិត្ត​និង​ចំណេះ​ដឹង​របស់ខ្ញុំ​។ ចេន​ឡា​តែង​តែ​គាំទ្រ​ខ្ញុំ ​និង​បុគ្គលិក​ផ្សេង​ទៀត​សម្រាប់​អ្វីៗ​ទាំង​អស់​ ដែល​យើង​ត្រូវការ​ដើម្បី​កែ​លម្អ​ការថែ​ទាំ​កុមារ​របស់​យើង​»​។​

​វេជ្ជ​បណ្ឌិត ​រូប​នេះ​បាន​បន្ដថា​៖«​ខ្ញុំ​មាន​មោទន​ភាព​និង​សំណាង​ណាស់​ដែល​បាន​ចេនឡា​ស្ថិត​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ​។ចេន​ឡា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ខេត្ត​និង​ជា​មណ្ឌល​សុខ​ភាព​ដ៏​ល្អ​ទាក់​ទង​នឹង​បច្ចេក​ទេស​និង​បរិយា​កាស​ការ​ងារ​»​។​

​អ្នកស្រី ​ឡូរី ​បាន​និយាយ​ថា​ ទាំង​កង្វះ​បុគ្គលិក​និង​តម្រូវ​ការ​សម្រាប់​ម៉ាស៊ីន​ខ្យល់​បន្ថែម​ទៀត​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​អ្នក​ជំងឺ​ក្នុង​អំឡុង​ពេល​កូ​វីដ១​៩រាតត្បាត​ខ្លាំង​បំផុត​។​ការ​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​សហ​គមន៍​និង​ការផ្តល់​ការ​អប់រំ​ដល់​ពួក​គេ​ក៏​ជា​បញ្ហា​ប្រឈម​ដែល​ពួក​គេ​មិន​ខ្លាច​នឹង​ជម្នះ​។​

​អ្នកស្រី​បន្ថែម​ថា​៖ «​យើង​ជឿ​ជាក់​ថា ​អនាគត​កាន់​តែមាន​កិច្ច​សហ​ប្រតិ​បត្តិការ​ខ្លាំង​ឡើង​រវាង​វិស័យ​រដ្ឋាភិ​បាល​និង​វិស័យ​សប្បុរ​សធម៌​ ដើម្បី​ផ្តល់​ការថែទាំ​សង្គ្រោះ​ជីវិត​ដល់​ទារក​ទើប​នឹង​កើត​និង​កុមារ​កាន់​តែច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ យើង​ជឿថា​ មិន​គួរ​ជា​តួនាទី​របស់​នរណា​ផ្ដាច់​មុខ​ឡើយ​នៅពេ​ល​និយាយ​អំពី​ការ​ជួយ​កុមារ​ដែល​មាន​តម្រូវ​ការ​ជំនួយ​ផ្នែក​វេជ្ជ​សាស្ត្រ​។ ​ចេនឡា​រីក​រាយ​ចំពោះ​តួនាទី​ដ៏​តូច​របស់​យើង​ក្នុង​កិច្ច​សហការ​នេះ​ហើយ​យើង​មាន​ការ​រំភើប​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ចូលរួម​ដ៏​សំខាន់​របស់​រាជ​រដ្ឋាភិ​បាល​»​៕​

​សម្រាប់​ព័ត៌​មាន​លម្អិត​អ្នក​អាច​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក ​@che​nlachi​ldren.cch​ ឬ​គេហ​ទំព័រ​៖ www.c​henla​chi​ldrens.​org/។​