រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទថា សហគមន៍ជនបទរីកចម្រើនជួយកាត់បន្ថយចំណាកស្រុក ឬឆ្លងដែនទៅប្រទេសដទៃ

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានថ្លែងថា សហគមន៍ជនបទរីកចម្រើន ជាផ្នែកមួយចូលរួមកាត់បន្ថយការធ្វើចំណាកស្រុក។ ក្រសួងក៏បានប្រកាសប្តេជ្ញាក្នុងការសម្រេចឱ្យបានវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបាន ១០០ ភាគរយ ក្នុងពេលខាងមុខ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួងបានកំណត់យកគោលដៅយុទ្ធសាស្ត្រចំនួន ៤ គឺការអភិវឌ្ឍហេដ្ឋារូបវ័ន្ត និងគមនាគមន៍ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ការធ្វើប្រព្រឹត្តិកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
លោករដ្ឋមន្ត្រីបានបន្តថា ជាលទ្ធផល ដែលទទួលបានតាមរយៈផែនការយុទ្ធសាស្ត្រទាំងនេះ បានចូលរួមផ្លាស់ប្តូរកត្តាជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទឱ្យកាន់តែប្រសើរ ហើយនាំឱ្យពលរដ្ឋនៅតាមជនបទ មានឱកាសប្រកបមុខរបរបន្ថែម និងការផ្តល់សេវាកម្មឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រាក់ចំណូល ក្រៅតែពីមុខរបរធ្វើស្រែចម្ការ។
លោកបញ្ជាក់ថា៖ «សកម្មភាពនានា ដែលរួមមាន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបឋមខាងកសិកម្ម សិប្បកម្ម សេវាកម្មតូចតាច និងមុខរបរដទៃ បង្កឱ្យគ្រួសារនីមួយៗទទួលបានប្រាក់ចំណូលបន្ថែម និងបង្កើតបានសុខដុមរមនាក្នុងសង្គមជនបទ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ទីក្រុង ឬឆ្លងដែនដោយប្រថុយប្រថានទៅប្រទេសដទៃ»។
លោក អ៊ុក រ៉ាប៊ុន បានថ្លែងថា៖ «តំបន់ជនបទចាប់ផ្តើមមានលំនៅឋានសមរម្យក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលមានអត្រាគ្របដណ្តប់ដល់ជាង៨០ភាគរយ នៅទូទាំងប្រទេស ខណៈផ្លូវគមនាគមន៍កាន់តែប្រសើរជាងមុន»។
លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «កត្តាទាំងនេះ បាននិងកំពុងផ្លាស់ប្តូរជីវភាពរស់នៅ និងសុខភាពប្រជាជន ឈានទៅជាជនបទ ដែលមានភាពស៊ីវិល័យ។ និយាយជារួម ផ្លូវជនបទ គឺជាឆ្អឹងខ្នងសំខាន់មួយ ដែលមិនអាចខ្វះបាន ដែលបាននិងកំពុងបម្រើការងារអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិទាំងមូល»។
ជាមួយគ្នានេះ លោក អ៊ុក រ៉ាប៊ុន ក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ ត្រូវរួមគ្នាបន្ថែមទៀត ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យជនបទកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលតាមការរំពឹងទុក ដោយធ្វើយ៉ាងណា សម្រេចឱ្យបានវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបាន ១០០ ភាគរយ។
របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រកាសក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួង បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ គឺការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល សម្រេចបាន ១០០ភាគរយ ក្នុងខេត្តចំនួន ៣ ខណៈខេត្តគោលដៅចំនួន ៣ ទៀត គ្រោងនឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ ២០២៣ នេះ។
ចំណែកភូមិដែលទទួលបានសេវាកម្មទឹកស្អាត សម្រាប់ប្រើប្រាស់ សរុបមានចំនួន ១១ ៥៩២ ភូមិ ក្នុងឃុំ ១ ១៥៦ និង ៤៩ ស្រុកនៅទូទាំងប្រទេស។ ក្រសួងបានរៀបចំឯកសារគតិយុត្តមួយចំនួនលើវិស័យផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទ ដោយធ្វើយ៉ាងណាឱ្យបានគ្រប់ខ្នងផ្ទះ ១០០ ភាគរយ ក្នុងពេលខាងមុខ។ នេះបើតាមរបាយការណ៍របស់ក្រសួង។
លោកសួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលអានរបាយការណ៍ក្នុងឱកាសនោះ បាននិយាយថា ក្រសួងសម្រេចបានសមិទ្ធផលធំៗជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាតិ។
លោកបញ្ជាក់ថា ក្រសួងបានរៀបចំផែនការវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដោយទទួលបានគម្រោងវិនិយោគសរុបចំនួន ២៥ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៥៦៦ ៥៩១ លានរៀល សម្រាប់រយៈពេល ៣ ឆ្នាំនេះ។
លោកបានបញ្ជាក់ថា៖ «គម្រោងកំពុងដំណើរការ គឺមានចំនួន ១០ គម្រោង មានទឹកប្រាក់សរុបចំនួន ៣៧៥ ៧១ ១លានរៀល សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ និងទឹកប្រាក់ចំនួន ៥០៨ ០៣៨ លានរៀល សម្រាប់ឆ្នាំ ២០២២។ គម្រោងវិនិយោគសាធារណៈក្រោមជំនួយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ទាំងទ្វេ និងពហុភាគី បានជួយជំរុញការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានសម្ទុះយ៉ាងលឿន និងលើកកម្រិតជីវភាពរស់នៅតាមតំបន់ជនបទឱ្យបានល្អប្រសើរឡើងជាបន្តបន្ទាប់»។
លោក សួស គង់ បានឱ្យដឹងដែរថា សម្រាប់ផែនការឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ក្រសួង ក៏បានបូកបញ្ចូលថវិកាមូលធនជាមួយថវិកាចរន្ត ដោយរក្សាបានគម្លាតកម្មវិធីថវិកាប្រចាំឆ្នាំ និងផែនការថវិកា ៣ ឆ្នាំ បានក្នុងអត្រា ៨ ភាគរយ ដែលឆ្លើយតបនឹងស្ថានភាពគោលនយោបាយជាតិ ដែលបានកំណត់ក្នុងរង្វង់ ១០ ភាគរយ៕