ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ ១៩ ​ថ្មី ​ចំនួន​ ២ នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជាសះ​ស្បើយ​ថ្មី ​៣ នាក់ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទៀត​ឡើយ។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃទី២៥ ​ខែមករា​នេះ ​បានឱ្យដឹង​ថា ​ក្រសួង​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ថ្មី ​ចំនួន​២នាក់​បន្ថែម​ទៀត ​ដែល​សុទ្ធតែ​ប្រភេទ​អូមីក្រុង​ទាំង​អស់។ អ្នក​ទាំង២​នាក់​នេះ ​មាន​ម្នាក់​ត្រូវ​បានរក​ឃើញ​ក្នុង​ករណី​ស្នើសុំ​វិញ្ញាបនបត្រ​ចេញទៅ​ក្រៅ​ប្រទេស ​និង​ម្នាក់ទៀត​ ជា​ករណី​នាំចូល​មកពី​ក្រៅ​ប្រទេស។​ ក្រសួង​បញ្ជាក់ថា ​របាយការណ៍​ថ្ងៃនេះ ​មាន​អ្នកជា​សះ​ស្បើយ​ថ្មី ​ចំនួន​៣នាក់ ​និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​២៥ ​ខែមករា​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​មាន​ចំនួន ​១៣៨ ៦៧៩នាក់ ​ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​១៣៥ ៦១៤នាក់ ​និង​ករណី​ស្លាប់​សរុប ​៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ​២១ ២៤៣នាក់ ​និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​មាន​១៦ ៨៥២នាក់​៕