ភ្នំពេញៈ ​សមាគម​និស្សិត​ខ្មែរ​ស្តីពី​អាហា​រូប​ករណ៍​រដ្ឋាភិ​បាល​សហ​ព័ន្ធរុស្ស៊ី​បាន​ប្រកាស​ជូន​ដំណឹង​ផ្តល់​អាហា​រូបករណ៍​ចំនួន ​៤០​ កន្លែង​ នៅ​ឆ្នាំ​ ២០២៣-២០២៤​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា និង​សេចក្តីជូនដំណឹង​របស់​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​។ អាហារូបករណ៍​នេះ​សម្រាប់​សិស្ស និស្សិត​កម្ពុជា មក​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី មាន​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​ជំនាញ​ឯកទេស (Specialist) និង​ថ្នាក់បណ្ឌិត​។ ការដាក់​អាហារូបករណ៍​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​


យោងតាម​លិខិត​ដដែល ក្នុងចំណោម​អាហារូបករណ៍​ទាំង​ ៤០ ​កន្លែង ការផ្តល់​ ១​ កន្លែង​ សម្រាប់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើ​ជំនាញ​សិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ភាពយន្ត និង ៦​ កន្លែង​សម្រាប់​ការសិក្សា​ជំនាញ​នុយក្លេអ៊ែរ​ស៊ីវិល និង​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​៣៣​កន្លែង​ផ្សេងទៀត សម្រាប់​ការសិក្សា​ជំនាញ​ទូទៅ ដូចជា ពេទ្យ វិស្វកម្ម​អគ្គិសនី វិស្វកម្ម​យន្តហោះ វិស្វកម្ម​មេកានិច សំណង់​ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនង​អន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង បច្ចេកវិទ្យា​ព័ត៌មាន (IT) ច្បាប់ បរិស្ថាន កសិកម្ម ជាដើម​។​

​នៅពេល​បច្ចុប្បន្ន និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​លើ​ជំនាញ​ផ្សេងៗ​នៅ​សហព័ន្ធរុស្ស៊ី​មាន​ចំនួន​ ៧៧ ​នាក់ ប្រុស ៥៨​ នាក់ ស្រី​ ១៩​ នាក់​។ នេះ​បើ​យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​។​

និស្សិត​ស្រី​អាហារូបករណ៍​រដ្ឋាភិបាល​រុស្ស៊ី​នៃ​ឆ្នាំ​សិក្សា ​២០២២-២០២៣ ឈ្មោះ វ៉ន វណ្ណរ័ត្ន ដែល​កំពុង​សិក្សា និង​ស្នាក់នៅ​ទីក្រុង Saint Petersburg បាន​និយាយ​ក្នុង​វីដេអូ​ចែករំលែក​១​ឃ្លី​ប​ថា ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​មាន​ ៣​ដំណាក់កាល​សំខាន់ៗ ដូចជា ការបង្កើត​ ឬ​ចុះឈ្មោះ​គណនី​ឱ្យបាន​មុន​ថ្ងៃទី ​២០ ខែកុម្ភៈ និង​ការរៀបចំ​និង​ដាក់​ឯកសារ​ពាក់ព័ន្ធ​នានា​រាប់​តាំងពី​លិខិតឆ្លងដែន រហូតដល់​ព្រឹ​ត្ត​ប​ត្រ​ពិន្ទុ​ពាក់ព័ន្ធ​ដែល​តម្រូវ ហើយ​រាល់​ឯកសារ​ទាំងអស់​ត្រូវយក​ទៅ​បកប្រែ​នៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។ ក្រៅពីនោះ គ្រួសារ​របស់​អ្នក​ជាប់​អាហារូបករណ៍​ត្រូវ​ត្រៀម​ចំ​ណោ​យ​ចន្លោះ​ពី​ ២០០​ ទៅ​ ៣០០​ ដុល្លារ​ ក្នុង ​១ ​ខែ ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​។


យោងតាម​ការបញ្ជាក់រ​បស់​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ភ្នំពេញ សហព័ន្ធរុស្ស៊ី​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មនុស្សធម៌ ដោយ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ មក មាន​និស្សិត​ខ្មែរ​ជាង ៨ ០០០ ​នាក់ បានបញ្ចប់​ការសិក្សា​នៅ​សហព័ន្ធរុស្ស៊ី​៕