ព្រះសីហនុៈ រដ្ឋបាល​ខេត្តព្រះសីហនុ ​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ ​និង​អ្នកដំណើរ​កម្សាន្ត​នៅ​តាម​ប្រជុំ​កោះ​នានា​ក្នុង​តំបន់​មាត់​សមុទ្រ ​ត្រូវ​ផ្អាក​សកម្មភាព​នេសាទ ​ឬ​ការធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​ជាបណ្ដោះ​អាសន្ន ​ខណៈ​អាកាសធាតុ​ មាន​ខ្យល់​បក់​បោក​ខ្លាំង ​និង​រលក​សមុទ្រ​ធំៗ ​ដែល​អាចបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​ជាយថាហេតុ។


សេចក្ដី​អំពាវនាវ​នេះ ​បានធ្វើ​ឡើង ​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​កាលពី​ថ្ងៃទី២៤ ​ខែមករា ​បាន​ ផ្សព្វផ្សាយ​ថា​ ចាប់​ពី​ថ្ងៃទី​២៥-៣០ ​ខែមករា ​ឆ្នាំ​២០២៣​នេះ ​នៅ​តំបន់​ជួរភ្នំ ​និង​ខ្ពង់រាប ​អាកាសធាតុ ​នឹង​ចុះ​ ត្រជាក់ ​ពី​ចន្លោះ​១៥-១៧អង្សាសេ ​ខណៈ​តំបន់​មាត់​សមុទ្រ ​មាន​ខ្យល់​បក់​បោក​ខ្លាំង ​និង​រលក​សមុទ្រ​ធំៗ​កើត​ឡើង ​ដែល​ទាមទារ​ឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន។

ជាមួយ​គ្នានេះ ​លោក​ គួច ចំរើន ​អភិបាល​ខេត្តព្រះសីហនុ ​បានណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្សព្វផ្សាយ​អំពី​បញ្ហា​អាកាសធាតុ ​ទៅកាន់​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវទឹក​ទៅកាន់​លម្ហ​សមុទ្រ​ និង​ប្រជានេសាទ​ ដែល​កំពុង​ស្ថិត​នៅលើ​លម្ហ​សមុទ្រ ​ដើម្បី​ឱ្យ​ពួកគេ​បានដឹង ​និង​ផ្អាក​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួក​គេ​ជាបណ្ដោះ​អាសន្ន ។


លោក​បញ្ជាក់ថា​៖ «ក្នុង​រយៈពេល​នេះ ​សូម​ប្រជានេសាទ ​និង​អ្នកធ្វើដំណើរ​កម្សាន្ត​តាមទូក​ទៅ​សមុទ្រ ​និង​កោះ​ឆ្នេរ​នានា​ត្រូវ​ផ្អាក​សកម្មភាព​ជាបណ្ដោះ​អាសន្ន ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ​ឬ​ការជាប់គាំង​ណាមួយ​ ដែល​បង្ក ​ដោយ​មហន្ដរាយ​ផ្សេងៗ ​ដែល​បណ្ដាល​មកពី​ការប្រែប្រួល​នៃ​អាកាស​ធាតុ»។

ទន្ទឹម​នឹងនេះ ​លោក​បានជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ​និង​អង្គភាព​ពាក់​ព័ន្ធ ​ត្រូវ​ចាត់​វិធានការ ​តាម​គ្រប់​មធ្យោបាយ​ ដើម្បី​ផ្ដល់​ដំណឹង ​និង​ត្រៀម​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ​ក្នុង​ករណី​មាន​បញ្ហា​គ្រោះ​ថ្នាក់​តាម​ផ្លូវទឹក​កើត​ឡើង​ជាយថាហេតុ ​ជាពិសេស ​ក្រុម​ប្រជានេសាទ​មួយចំនួន ​ដែល​កំពុង​នេសាទ​ក្នុង​លម្ហ​សមុទ្រ​ មុន​ពេល​មាន​ការប្រកាស​ជូនដំណឹង​នេះ៕