បន្ទាយមានជ័យៈ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាគោកពន្លៃ ក្នុងខេត្តបន្ទាយមានជ័យ អំពាវនាវសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគសម្លៀកបំពាក់ និងសម្ភារសិក្សាដល់កុមារា និងកុមារីជិត ៣០ នាក់ ដែលកំពុងខ្វះខាតខ្លាំងនូវសម្ភារសិក្សា។
កញ្ញា សាវឿន ណារីម ដែលជាគ្រូបង្រៀននៅសាលារៀនគោកពន្លៃនោះ បានឱ្យដឹងថា ស្ថានភាពសិស្សានុសិស្ស ដែលមកសិក្សានៅសាលានេះ គឺពួកគាត់ស្ថិតនៅតំបន់ដាច់ស្រយាល ហើយមានជីវភាពក្រីក្រខ្លាំង បើទោះបីជាក្រុមគ្រួសាររបស់ពួកគាត់ទទួលបានបណ្ណក្រីក្រពីរាជរដ្ឋាភិបាលក៏ដោយ។ កញ្ញាលើកឡើងថា ក្នុងចំណោមសិស្សសរុបជាង ៥០០ នាក់ ដែលមកសិក្សានៅសាលាបឋមនេះ គឺសិស្សដែលខ្វះខាតសម្ភារសិក្សាមានជិត៣០នាក់ ដោយសារក្រុមគ្រួសាររបស់ពួកគាត់បានធ្វើចំណាកស្រុកទៅប្រទេសថៃ។ អ្នកខ្លះទៀតរស់នៅជាមួយជីដូន ហើយចំណែកអ្នកផ្សេងទៀតជាក្មេងកំព្រាជាដើម។
បើតាមអ្នកគ្រូបង្រៀនរូបនេះ ស្ថានភាពរបស់កុមារទាំងនោះ មានការខ្វះខាតខ្លាំងលើសម្ភារសិក្សា មិនថា តែឯកសណ្ឋានទៅសាលាទេ សូម្បីសម្លៀកបំពាក់ធម្មតានៅផ្ទះក៏មិនមានគ្រប់គ្រាន់ដែរ ខណៈដែលក្រុមគ្រួសារទាំងនោះកំពុងរស់នៅពឹងផ្អែកលើបណ្ណក្រីក្រ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល។
កញ្ញា សាវឿន ណារីម បញ្ជាក់ថា៖ «ក្រោយពីមើលឃើញបែបនេះ ទើបខ្ញុំមានតែអំពាវនាវលើបណ្ដាញសង្គម ឱ្យដល់បងប្អូនសប្បុរសជនទាំងអស់ដែលមានសម្លៀកបំពាក់កូនៗបងប្អូន ដែលឈប់ប្រើប្រាស់ ចូលរួមចែករំលែកដល់ក្មេងៗ ដែលខ្វះខាតសម្លៀកបំពាក់ និងសម្ភារសិក្សាខ្លាំងសរុបជិត ៣០ នាក់ហ្នឹងដើម្បីជួយកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់»។
កញ្ញាបន្តថា៖ «ហើយយើងក៏បានត្រឹមអំពាវនាវលើបណ្ដាញសង្គម និងពីខាងគ្រូៗនៅក្នុងសាលាហ្នឹងទេ ពីព្រោះយើងក៏មិនទាន់ហ៊ានស្នើសុំដល់អាជ្ញាធរឃុំ ដល់ខាងមន្ទីរអប់រំទេ»។
ទាក់ទិនរឿងនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ចំពោះបញ្ហាដែលកើតឡើងនេះ លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សានេះ គឺពួកគាត់មានទឹកចិត្តក្នុងការជួយទាំងការអប់រំ ថែមទាំងជួយផ្សព្វផ្សាយពីជីវភាពខ្វះខាតរបស់កុមារតូចៗដែលជាក្មេងកំព្រា រស់នៅជាមួយជីដូនជីតា ខណៈឪពុកម្ដាយរបស់ពួកគាត់បានធ្វើចំណាកស្រុកជាដើម។
លោកថា រាជរដ្ឋាភិបាល មានការគិតគូរ និងលើកកម្ពស់ប្រព័ន្ធអប់រំខ្លាំងណាស់ ទើបសព្វថ្ងៃនេះមានការផ្ដល់ជាអាហារូបករណ៍ និងឧបត្ថម្ភជាប្រចាំដល់កម្រិតថ្នាក់បឋម រហូតដល់កម្រិតថ្នាក់មហាវិទ្យាល័យផងដែរ។
លោក លី សារី បញ្ជាក់ថា៖«ដូច្នេះក្នុងពេលលំបាកបែបនេះ យើងនឹងផ្ដល់ជូនតាមរយៈមន្ទីរអប់រំ ឬអាជ្ញាធរមូលដ្ឋាន ក៏ប៉ុន្តែយើងក៏សិក្សាមើលដែរ តើការអំពាវនាវរបស់គាត់ហ្នឹង វាជាការពិតអត់? ពីព្រោះសព្វថ្ងៃនេះគឺយើងគិតគូរណាស់ចំពោះក្មួយៗ ពាក់ព័ន្ធនឹង [ការបន្ត] ការសិក្សា ដោយសារពួកគាត់ជាអ្នកបន្តវេនពីមនុស្សចាស់»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ បានគិតគូរ និងលើកកម្ពស់ប្រព័ន្ធអប់រំខ្លាំងណាស់ ហើយជាទូទៅគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការទៅតាមទិដ្ឋភាពជាក់ស្តែង។
លោក រស់ សុវាចា បញ្ជាក់ថា៖ «ដូច្នេះបើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ ខេត្ត-រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ»។
សូមបញ្ជាក់ថា សាលាបឋមសិក្សាគោកពន្លៃ មានអគារ ៣ ខ្នង ដែលសង់ពីស៊ីម៉ងត៍ ហើយមានកុមារា និងកុមារី ចំនួន ៤ ភូមិ ដែលកំពុងសិក្សានៅសាលាបឋមនេះ។ ចំណែកទីតាំងសាលា ស្ថិតនៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ចំពោះសប្បុរសជនណា ដែលចង់បរិច្ចាគសម្លៀកបំពាក់ចាស់ៗ និងសម្ភារសិក្សាដល់កុមារទាំងនោះ អាចទាក់ទងកញ្ញា សាវឿន ណារីម ដែលជាគ្រូបង្រៀននៅសាលាបឋមនេះផ្ទាល់ ០៨៨ ៤៧៦ ៧៧៤២៕
វីដេអូ៖