ភ្នំពេញៈ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋ​លេខាធិ​ការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុបាន​អះ​អាង​ថា កម្ពុជា​មិន​ទាន់​វ័ណ្ឌក​ដោយ​សារ​បំណុល​សា​ធារណៈ​​ទេ ​ប៉ុន្តែ​អ្វីដែល​ត្រូវ​ព្រួយ​បា​រម្ភ គឺ​បំណុល​ឯក​ជន​ខណៈដែល​រដ្ឋ​កំពុង​បង្កើន​ការ​គ្រប់​គ្រងឱ្យបាន​ល្អ​។​


​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តីពី «​ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣» ​នៅ​ព្រឹក​ថ្ងៃទី​ ២៥​ ខែមករា ឆ្នាំ ​២០២៣ ​លោក​ វ​ង្សី វិស្សុត បាន​លើក​ឡើង​ថា ដោយ​សារតែ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ពី​ធនាគារ​កណ្តាល​នៃ​បណ្តា​ប្រទេស​ធំៗ​ក្នុង​ពិភព​លោក បាន​ធ្វើ​ឱ្យ​បំណុល​ឯក​ជន​កាន់​តែ​ធំដែល​ធ្វើឱ្យ​បន្ទុក​សេវា​បំណុល​របស់​ប្រជា​ជន​ក្នុង​ផ្នែក​វិស័យ​ឯក​ជន​កាន់​តែ​ធ្ងន់​ធ្ងរដោយ​កាល​ពីមុន​អត្រា​ការ​ប្រាក់​ដែល​មាន​ពី ៧​ ទៅ​ ៨​ ភាគ​រយ បាន​ឡើង​ដល់​ ៩ ​ទៅ​ ១០ ​ភាគ​រយ​។​

​ទោះ​ជា​បែប​នេះ​ក្តី ​លោក​បាន​បញ្ជាក់​ថា​៖« យើង​មាន​សង្ឃឹម​ថា អាមេរិក​លែង​ដំឡើង​អត្រា​ការប្រាក់​លឿន​ទៀត​ហើយ ​បើទោះជា​ឡើង ក៏​ក្នុង​កម្រិត​តិច​តួច និង​យឺត​ដែរ​។ ដោយ​សារ​តែ​និន្នា​ការ​នៃ​ការ​ធ្លាក់​ចុះ​នៃ​អតិផរ​ណា​របស់​ពិភព​លោក​»​។​


​លោក​បាន​បន្ថែម​ថា​៖«​ការខ្ចី​ចំពោះ​ថវិកា​ដែល​កម្ពុជា​គ្រោង​ខ្ចី​ពី​បរទេស ​និង​ក្នុង​ស្រុក ​ចំនួន​ ១ ៨០០​ លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២៣ មាន​ទំហំ​មិន​ស្មើ​នឹង ​២០​ ភាគ​រយ​ នៃ​ចំណាយ​សរុប​ឆ្នាំ​ ២០២៣ ​ទេ​។​ ដោយ​ខុសពី​ឆ្នាំ​ ១៩៩៥ ​ដែល​ពេល​នោះ​កម្ពុជា ពឹង​ផ្អែកលើ​ថវិកា​ពី​ខាង​ក្រៅ​រហូត​ដល់ ​៧៥ ​ភាគ​រយ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា ​មាន​ថវិកា​ចំណាយ​ខ្លួន​ឯង​រហូត​ដល់ ​៨៣​ ភាគ​រយ​ ពឹងផ្អែក​ថវិកា​ខាង​ក្រៅ​តែ​ជាង​១៧​ ភាគ​រយ​ប៉ុណ្ណោះ​»​។​

​បើតាម​លោក វ​ង្សី វិស្សុត គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២២ ​កម្ពុ​ជាមាន​បំណុល​សា​ធារណៈ​ចំនួន​ជិត​ ១ ​ម៉ឺន​លាន​ដុល្លារ​ (៩ ៩៧២,​៥៩​ លាន​ដុល្លារ​)​ក្នុងនោះ​បំណុល​ក្រៅ​ប្រទេស ​៩ ៩៥៥,​០៨​ លាន​ដុល្លារ​ និង​បំណុល​ក្នុង​ស្រុក ​តាមរយៈ​ការ​លក់​មូល​ប​ត្រ​បំណុល​មាន​ជិ​ត ២០​ លាន​ដុល្លារ​។​


​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​រូបនេះ​បាន​ឱ្យដឹង​ថា ​បំណុល​សាធារ​​ណៈ​របស់​កម្ពុ​ជា មានក​ម្រិ​ត​ប្រមាណ ​៣៤​ ភាគរយ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប (GDP) ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ាន​គឺ​កម្ពុ​ជាមាន​បំណុល​សាធា​រណៈ​តិច​ជាង​គេ​បង្អស់ បន្ទាប់​ពី​ប្រទេស​ប៊្រុយ​ណេ ដែល​ជា​ប្រទេស​មិន​មាន​ខ្ចី​បំណុល​ពី​បរ​ទេស​ឡើយ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ទិដ្ឋ​ភាព​រួម​នៃ​ការគ្រប់គ្រង​ថវិកា​សេដ្ឋកិច្ច ​បំណុល​របស់​កម្ពុជា​នៅ​តិច​ជាង​គេ​ទាំង​អស់​នៅ​អាស៊ាន​នេះ​បំណុល​សា​ធារ​ណៈ​របស់​កម្ពុជា គឺ​តិច​ជាង​គេ បន្ទាប់ពី​ប៊្រុយ​ណេ ព្រោះ​ប៊្រុយ​ណេ មិន​មាន​ខ្ចីលុយ​គេ​ចាយ​ទេ។​ដោ​យ​ឡែក​បំណុល​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​ក៏​ទាប​ដែរ​ ប្រជា​ជន​យើង​ម្នាក់​ជំពាក់​ប្រមាណ ​៦០០ ​ដុល្លារ ​ខណៈ​នៅ​អាមេរិក​វិញបំណុល​មាន​ជាង​ ១២០​ ទៅ​ ១៣០​ ភាគ​រយ​ នៃGDP»​។​

​លោក​បាន​បន្ថែមថា​ តួលេខ​នេះ​បង្ហាញ​ថា កម្ពុ​ជាមាន​ឯករាជ​ភាព​ខ្លួនឯ​ង ពឹងផ្អែក​ខ្លាំង​ចំណូល​ផ្ទៃក្នុ​ង​របស់​កម្ពុជា ​ពន្ធគយ ​និង​ពន្ធដារ​ ដែល​មាន​ការ​កើន​ឡើង កាត់​បន្ថយ​នៃ​ការ​ពឹង​ផ្អែក​ថវិកា​ពី​បរទេស​។​

​គិត​ត្រឹម​ចុងឆ្នាំ ​២០២២ ​កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធា​រណៈ​ក្រៅ​ប្រទេស​ចំនួន​៩៩៥៥​,០៨​លាន​ដុល្លារ ​ក្នុងនោះ​បំណុល​ប្រទេស​ចិន​ចំនួន ​៤០ ​ភាគរយ​,បំណុល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ២​១​ ភាគរយ​,បំណុល​ទ្វេ​ភាគី​ផ្សេងៗ​ចំនួន​ ២២ ​ភាគ​រយ, បំ​ណុល​ធនាគារ​ពិភព​លោក ៩​ ភាគ​រយ​,បំណុល​មរតក ​ចំនួន​ ៦​ ភាគ​រយ និ​ង​បំណុល​ពហុ​ភាគី​ ២ ​ភាគ​រយ​។​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣ ​នេះ រាជ​រដ្ឋាភិ​បាល​គ្រោង​ចំណាយ​ប្រមាណ​ ៩ ៦០០​ លាន​ដុល្លារ ​ក្នុង​នោះ​ចំណូល​ត្រូវ​រក​​ឱ្យ​បាន​ ៧ ២០០ ​លាន​ដុល្លារ​, ខ្ចី​បំណុល​សាធា​រណៈ​ចំនួន​១ ៨០០​ លាន​ដុល្លារ​ និង​ប្រើ​ប្រាស់​ប្រាក់​សន្សំ​ចំនួន​ ៦០០ ​លាន​ដុល្លារ​៕