ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្តីប្រកាស​បំភ្លឺ​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុងការ​ចាត់វិធានការ​លើ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ កើតចេញពី​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​បណ្តាលឱ្យ​ទារក​អាយុ ២ ខែ​បាត់​បង់ជីវិត និង​មនុស្ស ២ នាក់​ទៀត​រងរបួស​ធ្ងន់ ក្រោយ​សម្រេច​ចោទប្រកាន់​ពី​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ស្លាប់ និង​មាន​របួស​ដល់​អ្នកដទៃ។


លិខិត​ចុះ​ថ្ងៃទី ២៥ មករា របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រោយពី​ទទួលបាន​សំណុំ​រឿងនេះ​ពី​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ និង​ពាក្យបណ្ដឹង​ផ្ទាល់​របស់​ភា​គី​ជនរងគ្រោះ តំណាង​អយ្យការ​បានធ្វើការ​ស៊ើបអង្កេត​ដោយបាន​ស្តាប់​ចម្លើយ​ភាគី​ពាក់ព័ន្ធ និង​បានចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លើ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឈ្មោះ សោម ណូរី​ទីឃា ប៉ុន្តែ​ជននេះ​នៅតែ​មិន​ត្រូវបាន​នាំមក​នៅ​ចំពោះមុខ​អយ្យការ​ដើម្បី​ស្តាប់​ចម្លើយ​អំពី​អង្គហេតុ​ខាងលើ។

ក្រោយពី​បាន​ស៊ើបអង្កេត​ចប់សព្វគ្រប់ ព្រមទាំង​បាន​ពិនិត្យ​លើ​ភ័ស្ដុតាង​នានា​ក្នុង​សំណុំរឿង តំណាង អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​លើ​អង្គហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ឈ្មោះ សោម ណូរី​ទីឃា ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ស្លាប់ និង​មាន​របួស​ដល់​អ្នកដទៃ ប្រព្រឹត្ត​នៅ​ចំណុច លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ តាម​បញ្ញត្តិ​មាត្រា ៨៣ និង​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។


កាលពី​ម៉ោង ២ ព្រឹក​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​១ បានកើត​ឡើង​នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ។ ក្នុងនោះ​មាន​យុវជនម្នាក់បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប ១ គ្រឿង ម៉ាក Lexus ក្នុង​ល្បឿន​លឿន និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​យ៉ាង​ពេញទំហឹង ​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ចំនួន ៣ នាក់ បុរស​ជា​អ្នកបើកបរ និង​ស្ត្រី​ជា​ម្តាយ និង​ទារក​អាយុ ២ខែ ផ្លោង​មក​ជាមួយគ្នា​ប្រហែល​ជាង ១០០ ម៉ែត្រ​រងរបួស​ធ្ងន់ និង​កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យផ្សេងៗគ្នា។ ប៉ុន្តែ​ក្រោយមក ទារក ត្រូវបាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ និង​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ រាជធានី​ភ្នំពេញ។

ក្រោយ​កើតហេតុ​នេះ​ភ្លាម សាធារណជន​មួយចំនួន បានបង្ហាញ​ប្រតិកម្ម និង​ទាមទារ​រក​យុត្តិធម៌​ជំនួស​ជនរងគ្រោះ ក្រោយពី​មាន​សាច់ញាតិ​ជនបង្ក បានផ្តល់​សំណង​ចំនួន ២ ៥០០ ដុល្លារ​ទៅ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង និង​ជា​ថ្នូរ​ឱ្យបាន​នៅក្រៅ​ឃុំ។ ប៉ុន្តែ​សំណង​នោះ ត្រូវបាន​ជនរងគ្រោះ ប្រកាស​បដិសេធ ដោយ​អះអាងថា ខ្លួន​ស្មានតែ​ឯកសារ​ផ្ដិតមេដៃ​នេះ គឺជា​ពាក្យបណ្តឹង ដើម្បី​ប្ដឹង​បន្តទៅ​តុលាការ ដោយ​មិនដឹងថា ជា​ឯកសារ​បញ្ចប់រឿង​នោះទេ។


របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​លំនៅ​ផ្ទះ​លេខ ៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែមករា បានបញ្ជាក់​ថា សមត្ថកិច្ច នៅតែ​បន្ត​កិច្ចសហការ ដើម្បី​ស្រាវជ្រាវ​ស្វែងរ​ក​ចាប់ខ្លួន​ជននេះ បើទោះជា​គិត​មក​ត្រឹម​ថ្ងៃទី ២៦ ខែមករា​នេះ នៅ​មិនទាន់​ត្រូវបាន​រកឃើញ បន្ទាប់ពី​សមត្ថកិច្ច បានសម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដោយមាន​លោក ធូ វិ​រៈ ជា​មន្ត្រីនគរបាល​អាវុធជាតិផ្ទុះ ជា​អ្នកធានា។

លោក ផន ផល្លា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ជន​ម្នាក់ បាន​ចូលខ្លួន​ក្នុងការ​រ៉ាប់រង​ក្នុងអំឡុងពេល​មាន​គ្រោះថ្នាក់ បានប្រកាស​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​តាមដាន​ក្នុងករណីនេះ ដោយ​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវមាន​វិធាន​ការឱ្យ​ខាន​តែ​បាន ដើម្បី​ផ្ដល់យុត្តិធម៌​ដល់​ជន​រងគ្រោះ។

លោកថ្លែងថា៖‍ «តើតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការអ្វីបន្តទៀតដែរ សម្រាប់​ជនបង្កដែលរឹងក្បាល ឈ្លើយប្រមាថអាយុជីវិតគេដោយមិនខ្លាចរអានឹងច្បាប់រូបនេះ ដែលសូម្បីតែចេញដីកាហើយ ក៏​ជន​នេះ មិនត្រូវបានសមត្ថកិច្ចនាំខ្លួនបាននៅឡើយ។ តាមរយៈការមិនចូលខ្លួន ឬអាចនាំខ្លួននេះ សរបញ្ជាក់ឱ្យឃើញ​ថា ជននេះ គឺពិតជាល្មើសច្បាប់ ហើយមានបំណងមិនទទួលខុសត្រូវនឹងទង្វើរបស់ខ្លួន»។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យ​កន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ គឺអ្នកបើកបរ​រថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៥៣ មិល្លីក្រាម ក្នុង ១ លីត្រខ្យល់។

មាត្រា ៨៣ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ​ប្បញ្ញត្តិ​ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,​៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង​ ១ លីត្រឈាមឡើងទៅ បណ្តាលឱ្យមាន របួស​ច្រើន​នាក់ អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១៥ លានរៀល។

ចំណែកមាត្រា ៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទ​ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុង ១ ​លីត្រឈាមឡើងទៅ អំពើល្មើសខាងលើនេះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ១០ លាន រៀល ទៅ ២៥ លានរៀល៕