ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ណែនាំឱ្យបណ្តាមូលដ្ឋានសុខាភិបាលជាដៃគូទាំងអស់បំពេញកាតព្វកិច្ចបញ្ចូលទិន្នន័យនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្ររបស់សមាជិក ចូលទៅក្នុងប្រព័ន្ធទូទាត់ ឱ្យបានទាន់ពេល ខណៈមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទាំងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព មានជិត ២ ០០០ មូលដ្ឋាន។
សេចក្តីណែនាំរបស់ប.ស.ស.ចុះថ្ងៃទី ២៤ មករា បញ្ជាក់ថា ដើម្បីអភិវឌ្ឍ និងពង្រឹងប្រសិទ្ធភាពនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនមូលដ្ឋានសុខាភិបាល និងសមាជិក ប.ស.ស. តាមខែនីមួយៗឱ្យបានទាន់ពេលវេលា និងដើម្បីពង្រឹងយន្តការត្រួតពិនិត្យ និងតាមដានការចូលប្រើប្រាស់សេវា និងយន្តការដោះស្រាយបញ្ហាផ្សេងៗនៃការចូលប្រើប្រាស់សេវាប្រកបដោយប្រសិទ្ធភាព បេឡាជាតិសន្តិសុខសង្គម នឹងតម្រូវឱ្យមូលដ្ឋានសុខាភិបាលដៃគូទាំងអស់បញ្ចូលទិន្នន័យនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្ររបស់សមាជិក ប.ស.ស. ចូលទៅក្នុងប្រព័ន្ធទូទាត់ថ្លៃសេវា ប.ស.ស. (HSPIS) ប្រចាំថ្ងៃជាកំហិត ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣ តទៅ។
ប.ស.ស.បញ្ជាក់ថា៖ «ក្នុងករណីដែលមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនជាដៃគូ ប.ស.ស.ណាមួយខកខានមិនបានអនុវត្តតាមសេចក្ដីណែនាំនេះ ប.ស.ស. នឹងមិនទទួលខុសត្រូវចំពោះការយឺតយូរក្នុងការទូទាត់សំណងជូនមូលដ្ឋានសុខាភិបាលឡើយ»។
ប.ស.ស. បន្ថែមថា៖ «បេឡាជាតិសន្តិសុខសង្គម សង្ឃឹមយ៉ាងមុតមាំថា មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនជាដៃគូ ប.ស.ស. ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ មករា ថា សេចក្តីណែនាំនេះ គឺគ្រាន់តែចង់ជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់បញ្ចូលទិន្នន័យក្នុងប្រព័ន្ធទូទាត់របស់ ប.ស.ស. ក្រោយពី ប.ស.ស. ទទួលបានការស្នើសុំពីបណ្តាមូលដ្ឋានសុខាភិបាលមួយចំនួន ដែលអះអាងថា ប.ស.ស. បានទូទាត់ថវិកាយឺតយ៉ាវ។ ប៉ុន្តែជាក់ស្តែង ការយឺតយ៉ាវក្នុងការទូទាត់ថវិកាប្រចាំថ្ងៃនេះ គឺបណ្តាលមកពីកំហុសខ្លួនគាត់ដោយផ្ទាល់ ដោយមិនបានបញ្ចូលទិន្នន័យរបស់អ្នកជំងឺឱ្យបានទាន់ពេលវេលា។
លោកថ្លែងថា៖ «កន្លងមកមានមូលដ្ឋានសុខាភិបាលស្ទើរតែគ្រប់មូលដ្ឋានសុខាភិបាលហើយ ដែលគាត់បានអនុវត្តតាមសេចក្តីណែនាំនេះ មានន័យ គាត់បានបញ្ចូលទិន្នន័យឱ្យយើងមែន។ ប៉ុន្តែការបញ្ចូលទិន្នន័យនេះ គឺយឺតមានន័យថា គាត់មិនបានបញ្ចូលទិន្នន័យឱ្យទាន់ពេលវេលាទេ»។
លោកបន្តថា៖ «ហើយនៅពេលមានបញ្ហាទូទាត់សំណងទៅវិញ បែរជាមូលដ្ឋានសុខាភិបាល ប្រតិកម្មថា ប.ស.ស. ទូទាត់ឱ្យគាត់យឺតយូរ។ ដូច្នេះដើម្បីកុំឱ្យមានការរុញដាក់គ្នាទៅវិញទៅមក ទើបយើងចេញសេចក្តីណែនាំនេះ»។
បើតាមលោកហេង សុផាន់ណារិទ្ធ គិតមកដល់បច្ចុប្បន្ន មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. គឺមានប្រមាណជិត ២ ០០០ មូលដ្ឋាន ដោយក្នុងនោះត្រូវបានបែងចែកជា ២ ផ្នែក គឺមានផ្នែកហានិភ័យការងារ មានចំនួន ៣២៦ មូលដ្ឋានសុខាភិបាល។ ក្នុងនោះ មានថ្នាក់ជាតិចំនួន ៥ មូលដ្ឋានសុខាភិបាល កម្រិត CPA ១ CPA ២ និង CPA ៣ មានចំនួន ១២២ មូលដ្ឋាន និងកម្រិតថ្នាក់មណ្ឌលសុខភាពមានចំនួន ១២៣ ព្រមទាំងទាំងគ្លីនិកឯកជនមានចំនួន ៧៦ កន្លែង។
ចំណែកផ្នែកថែទាំសុខភាព គឺបានចុះកិច្ចព្រមព្រៀងជាមួយផ្នែកសុខាភិបាលចំនួន ១ ៥០២ មូលដ្ឋានសុខាភិបាល ក្នុងនោះមានថ្នាក់ជាតិចំនួន ៦ មូលដ្ឋានសុខាភិបាល កម្រិត CPA ១ CPA ២ និង CPA ៣ មានចំនួន ១២៣ មណ្ឌលសុខភាពមានចំនួន ១ ២៤២ មណ្ឌល និងគ្លីនិកឯកជនមានចំនួន ១៣១ កន្លែង ដោយគ្របដណ្តប់ទូទាំងប្រទេស។
ជាមួយគ្នានេះ លោក ហេង សុផាន់ណារិទ្ធ អះអាងថា កាលពីថ្ងៃទី ២៤ មករា គ្រាន់តែក្នុង ១ ថ្ងៃ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវាចំនួន ១១ ៩៨៦ ករណី ក្នុងនោះមានស្ត្រីចំនួន ៩ ១២១ ករណី។ ការបែងចែងការចូលរួមប្រើប្រាស់សេវានេះក្នុងមូលដ្ឋានសាធារណៈ និងឯកជន គឺសេវាឯកជន មានចំនួនអ្នកចូលរួមប្រើប្រាស់ច្រើនជាង។
លោកបញ្ជាក់ថា៖ «ការចូលទៅប្រើប្រាស់សេវានេះនៅមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ គឺមាន ១០ ៩៦៧ ករណី ក្នុងនោះមានស្ត្រីចំនួន ៨ ៧៣៤ ករណី។ រីឯមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូវិញ មានត្រឹមតែ ១ ០១៩ ករណី ក្នុងនោះស្ត្រីមានដល់ទៅ ៣៨៧ ករណី»៕