ភ្នំពេញៈ ទីផ្សារការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ នៅតែ​ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រយៈពេល​នៃ​ការបម្រើ​ការងារ​នៅ​ទីនោះ ភាគច្រើន​ក្នុង​ចន្លោះ​ពី​ ៤​​ ឆ្នាំ​ដល់​ ៥​ ឆ្នាំ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២៣​ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ប្រកាស​ជ្រើសរើស​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​រយៈពេល​ខ្លី ​(៥ ​ខែ​) ​ក្នុង​វិស័យ​កសិកម្ម​ចំនួន​ ៥០០ ​នាក់ សម្រាប់​ខែមីនា និង​ខែសីហា ​១ ០០០​ នាក់​។​


​ការប្រកាស​ជ្រើសរើស​នេះ​ក៏បាន​ធ្វើឱ្យ​ក្រុមយុវជន​មួយចំនួន​ដែល​កំពុង​រៀន​ភាសា​កូរ៉េ​សម្រាប់​ត្រៀមប្រឡង​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​នោះ​មានការ​សាទរ​ផងដែរ​។​

​យុវជន ម៉ន ភិរម្យ អាយុ​ ២៤ ​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ម្លូ ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​និយាយថា ប្អូន​បាន​រៀន​ចប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ ​២០២០ ហើយ​ប្អូន​ក៏​ចង់​រៀន​បន្តទៅ​សាកលវិទ្យាល័យ​ដែរ តែដោយសារ​មាន​បងប្អូន​ស្រី​ ៥​ នាក់​ទៀត ម្យ៉ាង​គ្រួសារ​ក្រីក្រ​ផង ទើប​មិនអាច​រៀន​បន្តទៀត​បាន​។​កាលណោះ ដោយសារតែ​ជីវភាព​ក្នុង​គ្រួសារ​ជួប​ការលំបាក​បែបនេះហើយ​បាន​ជំរុញ​ឱ្យ​ប្អូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​មិន​ស្របច្បាប់​។


​យុវជន ភិរម្យ បន្តថា កាលពី​នៅ​ប្រទេស​ថៃ រូបគេ​ធ្វើការ​ជា​កម្មករសំណង់ ហើយ​ការងារ​នេះ​ក៏​មិន​ផ្តល់​ជា​ចំណេះ​ជំនាញ​អ្វី​សម្រាប់​ជា​អាជីព​ផ្ទាល់ខ្លួន​ទៅ​អនាគត​បានឡើយ ពោលគឺ​បានត្រឹមតែ​មួយ​រស់ៗ​ប៉ុណ្ណោះ​។ ដោយសារតែ​បែប​នេះហើយ​ទើប​លោក​សម្រេចចិត្ត​ឈប់​ពី​ការងារ​សំណង់ ហើយ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ប៉ុន្តែ​ពេលនេះ​លោក​គិតថា​នឹង​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ម្តង ព្រោះ​ការងារ​នៅ​ប្រទេស​កូរ៉េ​មានតម្លៃ​ពលកម្ម​ខ្ពស់ ដែល​អាច​សន្សំ​ប្រា​ក់បាន​ខ្លះ​ជួយ​ដល់​ឪពុកម្តាយ​។​

​យុវជន ភិរម្យ បាន​និយាយ​បន្តថា​៖ «​គោលបំណង​ខ្ញុំ​ទៅ​ប្រទេស​កូរ៉េ គឺ​ដើម្បី​ចង់​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរ​ជាង​នេះ ពីព្រោះ​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​ គឺ​ខ្ញុំ​អត់​សន្សំ​លុយ​បានទេ ហើយក៏​មិនអាច​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​ខ្ញុំ​បានល្អ​ដែរ​។​ខ្ញុំ​កំពុង​រៀន​ភាសា​កូរ៉េ​នៅ​ទី​រួម​ខេត្តពោធិ៍សាត់​ដើម្បី​ប្រឡង​ទៅ​ប្រទេស​កូរ៉េ​ហើយ​ខ្ញុំ​ចង់​ធ្វើ​ផ្នែក​កសិកម្ម​»​។​


​ដោយឡែក​យុវតី ឈ្មោះ មាន សម្ផស្ស អាយុ ២៣ ​ឆ្នាំ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​និយាយថា នាង​ទើបតែ​ប្រឡង​ចប់​ថ្នាក់​ទី​១២ ​កន្លងមក​ថ្មីៗ​នេះ តែ​នាង​មិនបាន​រៀន​បន្តទៅ​សាកលវិទ្យាល័យ​ទេ នាង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​ឪពុកម្តាយ​។ នាង​កំពុង​រៀន​ភាសា​កូរ៉េ​នៅ​សាលា​ឈ្មោះ​កា​ប៊ែ​ង ក្នុង​ទី​រួម​ខេត្តកំពង់ឆ្នាំង​។​

​កញ្ញា សម្ផស្ស បាន​បន្តថា នាង​ទើប​រៀន​ភាសា​កូរ៉េ​បានតែ​ ១ ​ខែ​ទេ ហើយក៏​បានឃើញ​សេចក្តីប្រកាស​ព័ត៌មាន​នៅក្នុង​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ់ៈ​ដែរ គឺ​ត្រូវការ​ជ្រើស​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រយៈ​ខ្លី​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ ៥​ ខែ​ផ្នែក​កសិកម្ម​។​

​ការងារ​រយៈពេល​ខ្លី​នេះ​ប្រសិនបើ​នាង​បាន​ទៅ ក៏​ល្អ​ដែរ ដើម្បី​ជា​បទពិសោធន៍​ផង និង​ដើម្បី​បាន​ប្រាក់ខែ​សម្រាប់​ទុក​ធ្វើជា​ដើមទុន​ខ្លះ​ពេល​នាង​ប្រឡង​ភាសា​កូរ៉េ​លើក​ក្រោយៗ​ទៀត​។​

​កញ្ញា សម្ផស្ស បញ្ជាក់ថា​៖ «​ខ្ញុំ​ទៅ​ប្រទេស​កូរ៉េ គឺ​ចង់​រកលុយ​ជួយ​ម្តាយ​ឪពុក​ខ្ញុំ​។ ខ្ញុំ​មាន​សាច់ញាតិ​ខ្ញុំ​កំពុង​នៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​ប្រាក់ខែ​ច្រើន​។ សាច់ញាតិ​ខ្ញុំ​គាត់​ធ្វើការ​នៅ​កូរ៉េ​បាន​ ១ ​ខែ ជាង ​២​ ពាន់​ដុល្លារ ផ្នែក​ឧស្សាហកម្ម តែ​ខ្ញុំ​ចង់​ធ្វើការ​ផ្នែក​កសិកម្ម​តាម​កម្លាំង​របស់ខ្ញុំ​»​។​

​ពាក់ព័ន្ធ​សាលាបង្រៀន​ភាសា​កូរ៉េ​វិញ លោក​ឌុ​ច ភ​ត្រា ជា​អ្នកគ្រប់គ្រង​នៅ​សាលា​ភាសា​កូរ៉េ​យីហោ​កា​ប៊ែ​ង​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សាលា​របស់លោក​បានចាប់ផ្តើម​ដំណើរការ​បង្រៀន​តាំងពី​ឆ្នាំ​ ២០០៨​ មក​ម្ល៉េះ រហូតដល់​ពេលនេះ​។​ចំពោះ​យុវជន​ដែល​មក​រៀន​ភាសា​កូរ៉េ​នៅ​សាលា​របស់លោក​គឺមាន​អ្នកខ្លះ​មកពី​ទីជនបទ​ឆ្ងាយៗ និង​ខ្លះទៀត​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​តែម្តង​។​

​លោក​បានឱ្យដឹងថា សាលា​របស់លោក​ក៏មាន​បន្ទប់​សម្រាប់​ឱ្យ​អ្នក​ដែល​នៅ​តំបន់​ឆ្ងាយៗ​ពី​ទី​រួម​ខេត្ត​មក​ស្នាក់នៅ​រៀនសូត្រ​ដែរ​។ ពាក់ព័ន្ធ​នឹង​ការសិក្សា​ភាសា​វិញ គឺ​ខាង​សាលា​បាន​សម្រួល​ដល់​សិស្ស​ទាំង​ការសិក្សា ទាំង​ការ​ស្នាក់នៅ ​១ ​ចប់​តែម្តង​។ ចំពោះ​ចំនួន​ក្រុមយុវជន​ដែល​មក​រៀន​នៅ​សាលា​របស់លោក​ក្នុង​ ១​ ឆ្នាំៗ​មាន​សិស្ស​ប្រហែល​ជាង ២០០​ នាក់​។​

​លោក​ថ្លែងថា​៖ «​ខាង​សាលា​ខ្ញុំ​មានតែ​ខិតខំ​បង្ហាត់បង្រៀន​ដល់​សិស្សៗ​ហើយ​ពួកគេ​ក៏​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ និង​ស្តាប់​ការពន្យល់​របស់​គ្រូ​ដែរ​។ យើង​មានតែ​ជនជាតិខ្មែរ​បង្រៀន​ភាសា​កូរ៉េ តែ​ពួកគាត់​មានបទពិសោធន៍​​បង្រៀន​ល្អ ហើយ​សិស្ស​ចេញពី​សាលា​ខ្ញុំ​ភាគច្រើន​ប្រឡង​ជាប់​បាន​ទៅ​ប្រទេស​កូរ៉េ ភាគច្រើន​»​។​

​ដោយឡែក​លោក ហុង ដា​វុ​ធ នាយករង​នៃ​សាលា​ឧត្តមភាព​ដែលមាន​ទីតាំង​ស្ថិតនៅ​គីឡូម៉ែត្រ​លេខ​ ៦ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ដែរ​ថា ចំពោះ​ស្ថានភាព​យុវជន​សិក្សា​ភាសា​កូរ៉េ​នេះ​គឺ​លោក​​បានកត់សម្គាល់​ឃើញថា កាលពីមុន​មាន​ករណី​ជំងឺ​កូ​វីដ ​១៩ គឺ​ចំនួន​យុវជន​រៀន​ភាសា​កូរ៉េ​មាន​ច្រើនជាង ​៥០០ ​នាក់​ក្នុង​ ១ ​ថ្ងៃៗ​។ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយចុះ​ច្រើន​ពេល​មាន​ជំងឺ​កូ​វីដ​រាតត្បាត​ខ្លាំង​ព្រោះ​សិស្ស​មិនបាន​មក​រៀន​ផ្ទាល់​។​

​ក៏ប៉ុន្តែ​ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​ធូរស្រាល ហើយ​ម្យ៉ាង​ក្រសួង​ការងារ​បាន​បើក​ដំណើរ​ការឱ្យ​ពលករ​ប្រឡង​សមត្ថភាព​ភាសា​កូរ៉េ​ឡើងវិញ​មក ចំនួន​យុវជន​ដែល​មក​រៀន​ភាសា​កូរ៉េ​ក៏មាន​កំណើន​ច្រើន​មែនទែន​។ ពិសេស​អំឡុងពេល​ចូលឆ្នាំ​សកល​ដំណាច់ឆ្នាំ​ ២០២២ កន្លងមក​ថ្មីៗ​នេះ​។​

​លោក​ថ្លែងថា​៖ «​តាម​ដែល​ខ្ញុំ​កត់សម្គាល់​គឺ​បុរស​ចូលរៀន​ច្រើនជាង​នារី​។​មូលហេតុ​ដោយសារ​បុរស​គាត់​មាន​ជម្រើស​ការងារ​ធ្ងន់ៗ​ច្រើន​ខាង​ផ្នែក​ឧស្សាហកម្ម ការងារ​សំណង់ ផ្នែក​កសិកម្ម និង​សេវាកម្ម​អ៊ីចឹងទៅ​។​ចំណែក​នារី​វិញ​ក៏មាន​គ្រប់​ការងារ​ដែរ គ្រាន់តែ​ដក​សំណង់​ចេញ​»​។​

​យោង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​ ១៦ ​មករា ឆ្នាំ​ ២០២៣ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើបតែ​ទទួលបាន បានសរសេរថា នៅ​ឆ្នាំ​ ២០២៣​ នេះ គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ជ្រើសរើស​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​តាម​រដូវ​កាល​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​។​

​ចំពោះ​ការងារ​ផ្នែក​កសិកម្ម​នេះ​មាន ដាំ​ដុះ​ដំណាំ ប៉េងប៉ោះ ម្ទេស ទំពាំងបាយជូរ សារី និង​មាន​ការងារ​ចិញ្ចឹមសត្វ គោ ជ្រូក មាន់​នៅតាម​បណ្តា​ក្រុង​ស្រុក នៃ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​រយៈពេល ​៥ ​ខែ តាម​កម្មវិធី​ពលករ​រដូវ​កាល​បរទេស ​(Foreign Seasonal Workers)​។​លើក​ទី ​១ ​យក​ប្រមាណ​ ៥០០​ នាក់​នៅក្នុង​ខែមីនា និង​លើក​ទី​២ ចំនួន​ ១ ០០០​ នាក់​នៅក្នុង​ខែសីហា​។​កម្មវិធី​នេះ​ជាការ​បំពេញបន្ថែម​លើ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ ​(EPS) ហើយ​អាទិភាព​ត្រូវ​បានផ្តល់​បងប្អូន​ដែល​ចេះ​ភាសា​កូរ៉េ និង​ធ្លាក់​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ​(EPSTOPIK)​ កន្លងមក​។​

​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា​ «​ពលករ​ដែល​បាន​ចប់​ការងារ​ ៥​ ខែ ​ពេល​វិលត្រឡប់​មកវិញ នឹងត្រូវ​បានផ្តល់​អាទិភាព​ទៅ​ប្រកបការងារ​នៅ​ក្រុង​ស្រុក​មួយ​ផ្សេងទៀត​ដែល​នៅតែមាន​តម្រូវការ​។ ដូច្នេះ​ជា​រៀងរាល់ឆ្នាំ​ពលករ​ម្នាក់​អាចធ្វើ​ការ​បាន​ចំនួន​ ១០​ ខែ​។ ទន្ទឹមនឹងនេះ មុនពេល​ចេញដំណើរ ពលករ​ក៏​អាចដាក់​ពាក្យ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ​(EPSTOPIK) ដើម្បី​ត្រៀម​មក​ប្រឡង​តេស្ដ​ភាសា​កូរ៉េ​វិញ នៅពេលដែល​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ​(HRDKorea)​ កំណត់​កាលបរិច្ឆេទ​នៃ​ការប្រឡង​ពិតប្រាកដ​»​។​

​ពាក់ព័ន្ធ​នឹង​ចំនួន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ ២០២២​ កន្លងមកនេះ និង​អំពី​ការជ្រើសរើស​ពលករ​ធ្វើការ​រយៈពេល​ខ្លី​នៅ​ប្រទេស​កូរ៉េ​នេះ ​ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ខាង​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានទេ ប៉ុន្តែ​បើ​យោងតាម លោកស្រី ជ្រឹង​បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា បើ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២២ កន្លងមកនេះ ពលករ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​ប្រមាណ ៤៩ ៧៣៨ ​នាក់ ​(​ស្រី​ ១១ ៨៣៩​ នាក់​)​។

​លោកស្រី​ថ្លែងថា​៖ «​យើង​ត្រូវ​ទទួលស្គាល់ថា ទីផ្សារការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ជា​ទីផ្សារការងារ​ល្អ ជម្រើស​ល្អ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​»​។​

​លោកស្រីឯកអគ្គរាជទូត​ថ្លែងថា​៖ «​លើសពីនេះ ពលករ​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍ បាន​ចូលរួមចំណែក​ជួយ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​គ្រួសារ​របស់គាត់​។ ពលករ​ទទួលបាន​ជំនាញ ចំណេះដឹង ធនធាន និង​បទពិសោធន៍​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់​របស់​ប្រទេស​កូរ៉េ​ដែលជា​ប្រទេស​ជឿនលឿន មាន​បច្ចេកទេស​ទំនើប​»៕​