សៀមរាបៈ ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកជំនាញ​ឥណ្ឌា​សហការគ្នា​ទល់​ទ្រ​ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទ​តាព្រហ្ម ដែល​រហែក​ប្រេះ​ធ្នឹម​នៅ​ចំពាក់​កណ្តាល​ដែល​អាច​នឹងមាន​ហានិភ័យ ដើម្បី​ថែរក្សា​ការពារ​ឱ្យមាន​សុវត្ថិភាព​ឡើងវិញ បន្ទាប់ពី​បាន​បិទ​ចរាចរណ៍​បណ្តោះអាសន្ន។


​អស់​រយៈពេល​ជាង ២ សប្ដាហ៍​មកហើយ​ ដែល​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​តាព្រហ្ម ត្រូវបាន​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ដើម្បី​ទល់​ទ្រថ្ម​ធ្នឹម​ផ្នែក​ខាងកើត ក្នុងការ​ជួយសង្គ្រោះ​ខ្លោងទ្វារ​នេះ ព្រមទាំង​ការពារ​សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរ​ផង។​

​អ្នកអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ឥណ្ឌា-កម្ពុជា​ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​តាព្រហ្ម លោក Sing Sood មាន​ប្រសាសន៍​ថា តាម​អនុសាសន៍​អ្នកជំនាញ​អាយ​ស៊ីស៊ី-អង្គរ នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​កាលពី​នៅ​ចុងឆ្នាំ ២០២២ កន្លង​ទៅ តម្រូវឱ្យ​មានការ​ទល់ទ្រ ក្នុងនោះ​ក្រុមការងារ​ក៏បាន​ប្រើ​ដែក​អ៊ីណុក​ចំនួន​បីដើម យកមក​ដាក់​ដើម្បីឱ្យ​ធ្នឹម​នេះ​មាន​លំនឹង​ឡើងវិញ​។ ជាមួយគ្នា​នោះដែរ ក៏មាន​ការ​រើថ្ម​ដែល​ក្រៀក​ហែក​មួយចំនួន រួចហើយ​រៀប​ដាក់​ទៅ​កន្លែង​ដើម​ឡើងវិញ។


​លោក Sing Sood បាន​បន្តថា បច្ចុប្បន្ន ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទ​តាព្រហ្ម​នេះ ដោយសារតែ​អាយុកាល​របស់​សំណង់ កំពុង​មានការ​រហែក​ប្រេះធ្នឹម មានការ​ស្រុត​គ្រឹះ​តួ​ខ្លោងទ្វារ ហើយ​មុខព្រហ្ម​ទាំងបួន នៅ​កំពូល​ខាងលើ​ត្រូវបាន​ក្រៀកហែក។

​ករណីនេះ ក្រុម​អ្នកជំនាញ​បាន​ប្រើ​ខ្សែកាប​រឹតបន្ដឹង​ការពារ​ការ​រលុះ​ធ្លាក់​ថ្ម​ដោយ​យថាហេតុ​ណាមួយ​។ នៅពេល​ការងារ​នេះ​បាន​បញ្ចប់​រួចរាល់ ក្រុម​ការងារ​នឹង​ពិនិត្យ​តាមដាន​ស្ថានភាព​ខ្លោងទ្វារ​នេះ មុននឹង​សម្រេច​បើក​ឱ្យ​ដំណើរការ​ចរាចរណ៍​ធម្មតា​ឡើងវិញ៕​