ព្រះសីហនុៈ ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កាយរឹទ្ធិ​ជាតិ​កម្ពុជា​អាណត្តិ​ទី៤ លើក​ទី១​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ហង់ជូន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​កាយរឹទ្ធិជាតិ​កម្ពុជា​២០២៣-២០២៧ ដោយ​មានការ​អញ្ចើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​កាយរឹទ្ធិជាតិ​កម្ពុជា​មក​ពី​រាជធានី​ខេត្ត​២៥ និង​ក្រសួង​ស្ថាប័ន​នៅ​កម្ពុជា។ នេះ​បើយោង​តាម​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​២៦ខែ​មករា។


លោក​ហង់ជូន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ អំពី​ចលនា​កាយរឹទ្ធិ​នៅ​កម្ពុជា និង​ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​កាយរឹទ្ធិជាតិ​កម្ពុជា​២០២៣-២០២៧។ ផែនការ​យុទ្ធសាស្រ្ត​នេះ​នឹងក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏មាន​ប្រសិទ្ធភាព​ ដើម្បី​អភិវឌ្ឍ​ចលនា​កាយរឹទ្ធិជាតិ​កម្ពុជា​ឆ្លើយ​តបទៅ​នឹង​ចក្ខុ​វិស័យ កំណើន​សមាជិក​ចំនួន​២៥​ម៉ឺន​នាក់​នៅ​ឆ្នាំ២០២៧ ហើយ​ប្រែក្លាយជា​អង្គការ​យុវជន​ឈាន​មុខគេ​ ក្នុង​ការអប់រំ​ដល់​កុមារ និង​យុវជន​នៅ​កម្ពុជា​។

នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋ​មន្រ្តី​បានថ្លែង​នូវ​បាឋកថា​គន្លឹះ​ស្ដី​ពី "កាយរឹទ្ធិ​អ្នកនាំ​សារ​សន្តិភាព"​ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដំណើរ​ស្វែងរក​សន្តិភាព នយោបាយ​ឈ្នះឈ្នះ ​និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​ជាតិ ក្រោមការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​ជាគរុ​គណៈ​នៃ​កាយរឹទ្ធិជាតិ​កម្ពុជា។


លោក​រដ្ឋ​មន្ត្រី​ក៏បាន​ដឹកនាំ​គណៈ​ប្រតិភូ​មេដឹកនាំ​កាយរឹទ្ធិ ធ្វើ​ទស្សនកិច្ច​អំពី​សមិទ្ធផល​របស់​ខេត្ត​ព្រះសីហនុ ដែល​ជាលទ្ធផល​ និង​ផ្លែផ្កា​នៃ​សុខ​សន្តិភាព ការរីកចម្រើន​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​នយោបាយ​ឈ្នះឈ្នះ ​នៅ​កម្ពុជា។

ក្រៅពី​នោះ ក៏មាន​ការធ្វើ​លំហាត់​ប្រាណ និង​វិបស្សនានា នៃ​ការបោះ​ជំរំ​មេដឹកនាំ​កាយរឹទ្ធិ​ផងដែរ។


លើសពី​នោះ មាន​ការរៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កាយរឹទ្ធិជាតិ​កម្ពុជា អាណត្តិ​ទី៤ លើក​ទី១ និង​ពិធី​បំពាក់​កន្សែង​ជូន​ដល់​នូវ​កាយរឹទ្ធិ ​និង​ផ្លាស់​ប្តូរ​កន្សែង ​ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី អនុ​ប្រធាន​កាយរឹទ្ធិជាតិ​កម្ពុជា ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់ អភិបាល-តំណាង​នៃ​គណៈ​អភិបាល​រាជ​ធានី​ខេត្ត ដែល​ជាប្រធាន​កាយរឹទ្ធិ​រាជ​ធានី​ខេត្ត ប្រធាន​ស្នងការ​កាយរឹទ្ធិ​រាជ​ធានី​ខេត្ត​ទាំង​២៥ និង​មេដឹកនាំ​កាយរឹទ្ធិជាតិ​កម្ពុជា ជា​សមាជិក​ក្រុម​ប្រឹក្សា​កាយរឹទ្ធិជាតិ​កម្ពុជា ជាច្រើន​រូបទៀត​ផងដែរ៕​