ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី ២៧ ខែ​មករា​នេះ បាន​ធ្វើការ​ជូនដំណឹង​បន្ថែម​ពី​ស្ថានភាព​ធាតុអាកាស​ថា តាម​ការវិវត្ត​ជាក់ស្ដែង​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ឃើញថា ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២៣ ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ខ្យល់មូសុង​ឦសាន បន្ត​បង្កើន​ឥទ្ធិពល​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា។​


​ក្រសួង​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​បន្ថែម ជាពិសេស នៅ​ថ្ងៃទី ២៩-៣០ ខែ​មករា ដែល​នឹង​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភាគ​ពាយព្យ ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​សព្វមួយ​ដង ដោយ​សីតុណ្ហភាព​អប្បបរមា​នៅ​បណ្តា​ខេត្ត​ទាំងនោះ អាច​ធ្លាក់ចុះ​ដល់ ១៤-១៦°C។

​រីឯ​បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៧-២១°C។ ចំណែក​នៅ​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា​អាច​ធ្លាក់ចុះ​ដល់ ២០°C​។ បន្ទាប់​ពីនោះ​រហូតដល់​ថ្ងៃទី ៥ ខែកុម្ភៈ សីតុណ្ហភាព​នឹង​វិល​មក​ជាធម្មតា​វិញ។


​ក្រសួង​បាន​អំពាវនាវ​ឱ្យ​សាធារណជន​បង្កើន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ធាតុអាកាស​ចុះត្រជាក់៕​