​ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​សៀវភៅ​គោលការណ៍​ណែនាំ​ស្តីពី​អធិការកិច្ច​ការងារ​នា​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២៣ ​នេះ នៅ​សណ្ឋាគារ​សុខាភ្នំពេញ​។


​លោក​ ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានលើកឡើង​ក្នុងឱកាស​នោះ​ថា ជាការ​ពិត ការដាក់ឱ្យ​អនុវត្ត​សៀវភៅ​គោលការណ៍​ណែនាំ​នេះ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២២​ កន្លងទៅ គឺជា​ការផ្តល់​ការគាំទ្រ ក្នុងការ​រួមចំណែក​ផ្តល់​ជា​ផែនទី​បង្ហាញផ្លូវ និង​អនុសាសន៍​សំខាន់ៗ​សំដៅ​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ ដែលជា​កិច្ចការ​អាទិភាព បានកំណត់​ជា​អភិក្រម​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៩-២០២៣​។ ទាំងនេះ​គឺ​សំដៅ​ធានា និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ស្របតាម​ការចង្អុលបង្ហាញ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ​ផងដែរ​។

​សៀវភៅ​គោលការណ៍​ណែនាំ​នេះ បាន​ពន្យល់​លម្អិត​អំពី​បច្ចេកទេស និង​នីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ការងារ​ស្របតាម​ច្បាប់ និង​បទ​ប្ប​ញ្ញ​ត្ដិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ព្រមទាំង​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ និង​បានបង្ហាញ​ផងដែរ​នូវ​ឧត្ដ​មា​នុ​វត្ដ​ន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ក៏ដូចជា​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​ស្តីពី​គោលការណ៍​អធិការកិច្ច​ការងារ​។​


​សៀវភៅ​គោលការណ៍​ណែនាំ​នេះ គឺមាន​ភាពចាំបាច់ ក្នុងការ​ពង្រឹង និង​ធានា​យន្តការ​អធិការកិច្ច​ការងារ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ឆ្លើយតប​ទៅនឹង​ចរន្ត​នៃ​ការវិវត្ត​ថ្មីៗ ការកើនឡើង​នៃ​តម្រូវការ​ទីផ្សារ និង​តម្រូវការ​អភិវឌ្ឍន៍​ក្នុង​កម្រិត​វិស័យ​ការងារ និង ម្យ៉ាងទៀត ដើម្បី​ចាប់យក​កាលានុវត្តភាព​នានា សំដៅ​លើកកម្ពស់​វិស័យនេះ ឱ្យ​ចូលរួម​កាន់តែ​ល្អប្រសើរ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ក្រៅពីនោះ​លោក​ក៏បាន​ចែករំលែក​គំនិត ចំពោះ​តួនាទី ភារកិច្ច និង​ទិសដៅ​អាទិភាព​មួយចំនួន ដែល​ត្រូវ​រួមគ្នា​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ផងដែរ​។ ក្នុងនោះ​រួមមាន អធិការ​ការងារ ត្រូវ​ស្វែងយល់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​សៀវភៅ​គោលការណ៍​ណែនាំ​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ សំដៅ​ធានាបាន​នូវ​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ភាព​សុ​ខុ​ដុមរ​មនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។


​ម្យ៉ាងវិញទៀត អធិការកិច្ច​ការងារ ត្រូវខិតខំ​តាមដាន​ឱ្យបាន​ទ្វេដង ដើម្បី​ស្រូបយក​នូវ​ចំណេះដឹង​ថ្មីៗ និង​បង្កើន​ការអភិវឌ្ឍ​សមត្ថភាព​ខ្លួន តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​កម្រិត​អតិបរមា ហើយ​យក​គោលការណ៍​អធិការកិច្ច​ការងារ​នេះ ទៅ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទន់ភ្លន់ និង​ម៉ឺង​មាត់ សមជា​មន្ត្រីរាជការ ដែល​បាន​ប្រែក្លាយជា​មន្ត្រីនគរបាល​យុត្តិធម៌​។ ទាំងនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ប្រកបដោយ​សក្តានុពល ពី​បដិវត្ត​ឧស្សាហកម្ម​៤.០ ការលើកកម្ពស់​បរិវត្ត​កម្ម​ឌីជីថល ជាពិសេស​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​ នេះ ឱ្យទៅជា​កាលានុវត្តភាព ដែលជា​កត្តា​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច រួមចំណែក​ផ្តល់នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​៕