ភ្នំពេញៈ មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ (NCHADS) បាន​រៀបចំ​កម្មវិធី​សម្ពោធ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សម្ភារ​អប់រំ ពី​ជំងឺ​អេដស៍​និង​កាមរោគ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី កាល​ពី​ថ្ងៃសុក្រ​ ទី ២៧ ខែ​មករា​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង ​និង​ទប់ស្កាត់​ការ​រីករាល​ដាល​មេរោគ​អេដស៍ និង​កាមរោគ​នៅ​កម្ពុជា។


សម្ភារ​ផ្សព្វផ្សាយ​ពី​ជំងឺ​អេដស៍ និង​កាមរោគ​ត្រូវ​បាន​ផលិត​ឡើង ដែល​រួម​មាន​ដូចជា វីដេអូ​រឿង​អប់រំ​ ចំនួន ១០​រឿង ដែល​មាន ១៥ភាគ រូបភាព​ភ្ជាប់​ជាមួយ​សារ​អប់រំ​ដល់​ទៅ ១៥០ រូប ល្ខោន​និយាយ (អប់រំ) ចំនួន ១៥ភាគ និង​សម្ភារ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​នៅ​ក្នុង​ការផ្សព្វផ្សាយ​ជា​ទម្រង់​ឌីជីថល។

លោក អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ​បាន​មាន​ប្រសាសន៍​ថា៖“វីដេអូ​រឿង​ទាំង​នេះ នឹង​ឆ្លុះបញ្ចាំង​ទៅ​លើ​ទិដ្ឋភាព​សង្គម វប្បធម៌ ប្រពៃណី និង​ទំនាក់​ទំនង​ស្នេហា តាម​បរិបទ​ថ្មី​រវាង​ក្រុម​យុវវ័យ ក្រុម​ប្រជាជន​គោលដៅ និង​ប្រជាជនទូទៅ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​សារ​អប់រំ​ស្តីពី​ការ​បង្ការ ថែទាំ ព្យាបាល​ជំងឺ​អេដស៍​និង​កាមរោគ នៅ​ព្រះរាជាណាចក្រ​កម្ពុជា”។


ការ​បង្កើត​មាតិកា (សម្ភារ​ផ្សព្វផ្សាយ) ប្រើ​ពេល​ជិត​មួយ​ឆ្នាំ គឺ​តាំង​ពី​ដើម​ឆ្នាំ ២០២២ រហូត​មក​ដល់​ពេល​នេះ។ ដំណើរការ​ធ្វើ​មាតិកា​នេះត្រូវ​បាន​រៀបចំ​សម្រិត​សម្រាំង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ ជាមួយ​នឹង​ដៃគូ​សហការ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត។

គោល​បំណង​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​ផ្តល់​នូវ​ការ​យល់ដឹង​ពី​សុខភាព​បន្ត​ពូជ​ពិសេស​ទាក់ទង​ទៅ​នឹង​ជំងឺអេដស៍ និង​កាមរោគ​ដែល​នៅ​តែ​មាន​ភាព​ចាំបាច់​សម្រាប់​ក្រុម​គោលដៅ​ដូចជា ស្រី្ត​ធ្វើការ​នៅ​តាម​សេវា​កម្សាន្ត បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​ប្លែងភេទ និង អ្នក​ប្រើប្រាស់​គ្រឿងញៀន។ ក្រៅពីនោះ​មាន​ការ​ណែនាំ​ពី​វិធានការណ៍​ក្នុង​ការ​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍​ផងដែរ ដូចជា សេវាប្រឹព (ការ​បង្ការ​ការ​ឆ្លង​មេរោគអេដស៍​មុន​ពេល​ប្រព្រឹត្ត​ប្រឈម) និង សេវាប៉ឹព (ការ​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍​ក្រោយ​ពេល​ប្រឈម) និង​មាន​ការ​ណែនាំ អំពី​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង​ផងដែរ។


លើសពីនេះ យុទ្ធនាការ​នៅតែ​រំឭក​អំពី​សារៈសំខាន់​ទៅ​លើ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ជាមួយ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មេរោគអេដស៍​ផងដែរ។

លោក អ៊ុក វិជ្ជា បាន​បន្ថែម​ថា រឿង​ដែល​មាន​ចំណង​ជើង​ថា ហេតុអ្វី​ជា​ខ្ញុំ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ការពារ​ខ្លួន​អ្នក​កាល​ពីថ្ងៃ​ទី​២០ មករា​នេះ បាន​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​រហូត​ដល់​ទៅ ១,៧ លាន views ក្នុង​រយៈពេល​ត្រឹម​តែ ១ សប្តាហ៍ប៉ុណ្ណោះ។

មជ្ឈមណ្ឌលជាតិ​ជឿជាក់​ថា វីដេអូ​រឿង​អប់រំ​ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​បន្តបន្ទាប់​ទៀត​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ច្រើន​ខ្លាំងក្លា​ថែម​ទៀត​តាម​រយ:បណ្តាញ​ទំនាក់​ទំនង​សង្គម។

មជ្ឈមណ្ឌលជាតិ​សង្ឃឹម​ថា តាម​រយ:ការ​ទស្សនា​ខ្សែ​វីដេអូ​រឿង​ទាំង​នេះ អ្នក​ទស្សនា​ទាំងអស់ ជាពិសេស ក្រុម​ប្រឈម​មុខ​ខ្ពស់ និង​ប្រជាជន​ប្រឈម​ផ្សេងៗ​ទៀត នឹង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ស្តីពី​ការ​បង្ការ ថែទាំ​និង​ព្យាបាល​ជំងឺ​អេដស៍ និង​កាមរោគ ជា​ទុន​សម្រាប់​ផ្លាស់ប្តូរ​ការ​ប្រព្រឹត្ត ដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​ជា​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​សុវត្ថិភាព​និង​ទៅ​ទទួល​បាន​សេវា​នានា​ដែល​ទាក់ទង​នឹង​ជំងឺ​អេដស៍កាមរោគ ឱ្យ​បាន​សមស្រប​និង​ទាន់​ពេល ដើម្បី​ចូលរួម​កាត់​បន្ថយការ​ឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ និង​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​លុបបំបាត់​ការ​ឆ្លងថ្មី​នៃ​មេរោគ​អេដស៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាឆ្នាំ ២០២៥។

នៅ​ប្រទេស​កម្ពុជា អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគអេដស៍​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​អាយុ (១៥-៤៩ឆ្នាំ) មាន​ចំនួន ០,៥% ។ ប៉ុន្តែ​អត្រាប្រេវ៉ាឡង់ ក្នុង​ចំណោម​ក្រុម​ប្រឈម​មុខ​ខ្ពស់​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ គឺ​អត្រា​ប្រេវ៉ាឡង់​ផ្ទុក​មេរោគអេដស៍ ក្នុង​ចំណោម​ស្រ្តី​ធ្វើការ​នៅតាម​សេវា​កម្សាន្ត​មាន ៤,៩% (២០២២) បុរស​រួមភេទ​ជាមួយ​បុរស ៤,០% (២០១៩) និង​ក្រុម​បំប្លែង​ភេទ ៩,៦% (២០១៩) អ្នកប្រើប្រាស់​គ្រឿងញៀន ៥,៧% (២០១៧) និង​អ្នក​ចាក់​គ្រឿងញៀន​មាន​រហូត​ដល់ ១៥,២% (២០១៧)។ នេះ​បើ​យោង​តាម​ឯកសារ​របស់មជ្ឈមណ្ឌលជាតិ​មួយនេះ៕