តាមរយ​:​បទពិសោធន៍​នៃ​ការពង្រឹង​គុណភាព​សេវា​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​យកទៅអនុវត្ត​នៅតាម​បុរី​ផ្សេងទៀត ព្រមទាំង​ពង្រឹង​សេវា​នៅតាម​ខណ្ឌ​ទាំង ​១៤ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពី​ខណ្ឌដូនពេញ​មុនគេ​។


​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក ជា វ៉ាន់​ដេ​ត កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គុណភាព​សេវា​ទូរ​សព្ទ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​លើកកម្ពស់​គុណ​ភាព​សេវា​ទូរគមនាគមន៍​ក្នុង​បុរី​ប៉េង​ហួត ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​នាឱកាស​នោះ​លោក​បាន​លើកឡើងថា តាមរយ​:​ការដោះស្រាយ​បញ្ហា​ផ្ទាល់ និង​សហការ​ជាមួយ​ម្ចាស់​បុរី ព្រមទាំង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ការពង្រឹង​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នៅក្នុង​បុរី​មាន​ភាពល្អប្រសើរ​ជាង​មុន ៧០% បន្ទាប់ពី​ក្រុមការងារ​បាន​សាងសង់ “​បង្គោល​អង់​តែ​ន​រួម​” បន្ថែមចំនួន ១២​បង្គោល ដែល “​បង្គោល​អង់​តែ​ន​រួម​” នីមួយៗ​អាច​បំពាក់​បាន​ស្ថានីយ​អង់​តែ​ន​របស់​ប្រតិបត្តិ​ករ​រហូតដល់​៣​ក្រុមហ៊ុន​។ លោក​បញ្ជាក់ថា​៖«​តាមរយ​:​បទពិសោធ​នៃ​ការពង្រឹង​គុណភាព​សេវា​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ​នេះ ក្រសួង​នឹង​យកទៅអនុវត្ត​នៅតាម​បុរី​ផ្សេងទៀត ព្រមទាំង​ពង្រឹង​សេវា​នៅតាម​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ បន្ថែមទៀត​ដំណាលគ្នា ដោយ​ចាប់ផ្តើម​ពី​ខណ្ឌដូនពេញ​មុនគេ​»​។


​លោក​បន្តថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ នេះ ស្ថានីយ​អង់​តែ​ន​បន្ថែមចំនួន​២៩ បាន​ដាក់ឱ្យ​ដំណើរការ ហើយ​ប្រតិបត្តិ​ករ​នឹង​បន្ត​បំពាក់​ស្ថានីយ​អង់​តែ​ន​បន្តទៀត​រហូត​គ្រប់​ចំនួន​តាម​ការគ្រោងទុក​។

​ប្រភពពី​ក្រសួង​ប្រៃសណីយ៍ បានឱ្យដឹងថា ក្នុង​ដំណើរ​ការពង្រីក​គុណភាព​សេវា​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​បាន​តវ៉ា​មិនឱ្យ​សាងសង់ ប៉ុន្តែ​លោក ជា វ៉ាន់​ដេ​ត ជម្រាបជូន​ថា នឹង​ស្ដាប់​មតិ​ភាគច្រើន ពោល​បើសិន​មាន​ប្រជាពលរដ្ឋ​លើសពី​៧០% មាន​សំណូមពរ ឱ្យ​បំពាក់​អង់​តែ​ន​បន្ថែម លោក នឹង​គោរព​ស្នើសុំ​គោលការណ៍​ដើម្បី​សាងសង់​នូវ​គម្រោង​ទី​២​នោះ​។


​លោក ជា វ៉ាន​ដេ​ត បញ្ជាក់ថា ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ក្នុងការ​ទទួលបាន​សេវា​ទូរគមនាគមន៍​ប្រកបដោយ​គុណភាព និង​ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​ការផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ជាក់លាក់​អំពី​ស្ថានភាព​នៃ​ការប្រើប្រាស់ ក​.​ប​.​ទ​. បានដាក់​ឱ្យប្រើ​ប្រាស់ កម្មវិធី​វាស់​ស្ទង់​គុណភាព​សេវា​ទូរ​សព្ទ និង​ល្បឿន​អ៊ីនធឺណិត “ MPTC Speed Test ” ដែលមាន​មុខងារ​ចម្បង​សម្រាប់​វាស់​ស្ទង់​កម្រិត​សេវា​ទូរ​សព្ទ និង​ដំណើរការ​អ៊ីនធឺណិត​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ លើសពីនេះ​ទៀត ក្នុងករណី​ដែល​ការវាស់ស្ទង់​នេះ​បានបង្ហាញ​លទ្ធផល​ថា គុណភាព​សេវា​ទូរ​សព្ទ ឬ​អ៊ីនធឺណិត​មាន​ភាពមិនប្រក្រតី ឬ​ស្ថិតនៅ​កម្រិត​មួយ​មិនអាច​ប្រើប្រាស់​បាន អ្នកប្រើប្រាស់​អាច​រាយការណ៍​មក​និយ័ត​ករ​ទូ​គមនាគមន៍​ក​ម្ពុ​ជា ដើម្បី​ប្តឹងតវ៉ា និង​ស្វែងរក​ដំណោះស្រាយ​។​

​ឆ្លៀត​ក្នុង​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​គោលបំណង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ក្នុងការ​សាកល្បង​ដំណើរ​សេវា 5G នាពេល​អនាគត នៅ​បុរី​ប៉េង​ហួត​មុនគេ និង​ស្នើឱ្យ​អ្នកមាន​លទ្ធភាព​អាច​ទិញ​ទូរ​សព្ទ​ដែល​អាច​ប្រើ​ទាំង 4G និង 5G ឱ្យបាន​កាន់តែច្រើន ព្រោះ​បច្ចុប្បន្ន​មាន​ត្រឹម​ប្រមាណ​៤០​ម៉ឺន​គ្រឿង​៕