ភ្នំពេញៈ ស្ថាប័នរដ្ឋាភិបាល និងដៃគូជាតិ-អន្តរជាតិ បានរៀចបំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិកមានប្រសិទ្ធភាព។
កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ២៨ ខែមករា ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក នី ផល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ និងមានការអញ្ចើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្តជាប់មាត់សមុទ្រទាំង ៤ និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ៣០ រូប នៅទីស្តីការក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះមានគោលបំណង ចងក្រងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹង ការគ្រប់គ្រងសំណល់សមុទ្រ ជាពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅ ទេសចរណ៍តំបន់សមុទ្រកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុសត្រូវខ្ពស់តាមជំនាញ។ ការគ្រប់គ្រងសំណល់សមុទ្រនេះ គឺជាគំនិតផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោលដៅធានាឱ្យបាននូវសោភណភាពស្អាត បរិស្ថានល្អ និងជីវចម្រុះសម្បូរបែប ស័ក្ដិសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
នាពិធីនោះ លោក នី ផល្លី បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន គម្រោងអង្គការ និងអ្នកពាក់ព័ន្ធនានា ដែលបានរួចចំណែកយ៉ាងសកម្មបំផុត ក្នុងការសម្អាតកាកសំណល់នៅតាមឆ្នេរសមុទ្រ ច្រាំងទន្លេ និងបឹងបួជាដើម។
លោក ឡុង ឌីម៉ង់ បានថ្លែងថា កិច្ចប្រជុំពិភាក្សាគ្នាអំពីបញ្ហាសំណល់សមុទ្រមិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់ស្ថាប័នណាមួយឡើយ ដោយទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់។
លោកថា៖ «យើងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទាំងសហគមន៍ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ»។
សូមជម្រាបថា តាមរយៈបទបង្ហាញ និងការពិភាក្សា អង្គប្រជុំទទួលបានមតិយោបល់សំខាន់ៗយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពដើម្បីជាផែនទីចង្អុលផ្លូវនាពេលអនាគត។
យោងតាមការសិក្សារបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។
ការសិក្សា បានឱ្យដឹងថា៖ «ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិក បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួ ជីវចម្រុះ និងមនុស្ស ហើយបច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្ររបស់យើង គឺសំរាមប្លាស្ទិក»៕