ភ្នំពេញៈ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​(CPP)​ បានដាក់​ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ​៥ ​និង​បណ្តា​គោលនយោបាយ​ធំៗ​ជា​អាទិភាព​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​បន្តទៀត​និង​គាំទ្រ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​នេះ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា ព្រមទាំង​គាំទ្រ​លោក លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​។​


​ការដាក់ចេញ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​គណបក្ស​ដែល​បាន​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ នៅ​ថ្ងៃទី​២៨២៩ ខែមករា ដែល​ក្នុងនោះ​រួមមាន​៖ ទី​១ ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​។

​សេចក្តីសម្រេចចិត្ត​បញ្ជាក់ថា​៖ «​ទី​២ កសាង​កម្ពុជា​ជា​រដ្ឋ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ជឿនលឿន និង​រឹងមាំ ដែល​ផ្អែកលើ​ច្បាប់​មាន​សេដ្ឋកិច្ច​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​សមធម៌ ប្រជាជនមាន​ជីវភាព​សម្បូរ​សប្បាយ​បានរស់នៅ​យ៉ាង​សុខដុមរមនា​ប្រកបដោយ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​មាន​ការគោរព​សិទ្ធិមនុស្ស​»​។​


​គោលដៅ​ទី​៣ គឺ​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ប្រសិទ្ធភាព​និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ធានា​ការផ្ដល់​ការ​គាំពារ​ដល់​ប្រជាជន ក្នុងការ​ឆ្លើយតប​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច ហានិភ័យ​សុខភាព​សាធារណៈ និង​ភាព​ងាយ​រងគ្រោះ​ផ្សេងៗ​ដែល​កើតឡើង​ពី​ការប្រែប្រួល​លក្ខខណ្ឌ​នៃ​ការងារ និង​ការរស់នៅ​។​

​ចំណែកឯ​គោលដៅ​ទី​៤ គឺ​ជំរុញ​ការអនុវត្ ត​«​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ​២០២៥ និង​កាត់បន្ថយ​គ្រាប់​មិនទាន់​ផ្ទុះ​ឱ្យ​បានជា​អតិបរមា​»​។


​គោលដៅ​ទី​៥ គឺ​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់​កសាង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​កម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និង​អង្គការ​អន្តរជាតិ​នានា ហើយ​ចូលរួម​យ៉ាងសកម្ម​ចំពោះ​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។​

​ក្រៅពីនេះ មហាសន្និបាត​ក៏បាន​បញ្ជាក់​ច្បាស់​អំពី​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ ឱ្យបាន​រឹងមាំ​នៅ​គ្រប់​កាលៈទេសៈ លើកកម្ពស់​ការគោរព និង​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ហើយ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​សេចក្តីសម្រេច​ដដែល​ប​ន្ត​ថា​ «​មហាសន្និបាត​បញ្ជាក់​ច្បាស់​នូវ​គោលជំហរ​ឥត​ងាករេ​ក្នុងការ​ការពារ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឱ្យ​ស្ថិតស្ថេរ​ជា​និរន្តរ៍​។​ព្រមជាមួយ​នោះ បន្ត​ពង្រឹងពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​ចាំបាច់​ក្នុងការ​ពង្រឹង​សន្តិភាព ស្ថិរភាព និង​ជំរុញ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​»​។​

​មហាសន្និបាត​ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ប្រកាន់ខ្ជាប់​ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ ដោយ​ផ្អែកលើ​ច្បាប់​សំដៅ​ការពារ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ​។​

CPP​ បាន​បើក​មហាសន្និបាត​នេះ​នៅ​វិមាន ​៧ ​មករា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ហ៊ុន សែន ប្រធាន​គណបក្ស និង​លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ថ្នាក់ដឹកនាំ​គណបក្ស​ដោយ​​មានការ​ចូលរួម​ពី​សមាជិក​អចិ​ន្រៃ្ដ​យ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណបក្ស​តាម​បណ្ដា​ខេត្ត​រួមទាំង​មន្ត្រីជាន់ខ្ពស់​អ្នកមុខអ្នកការ​ប្រមាណ​ជាង​ ៣ ពាន់​នាក់​។ នេះ​បើតាម​គេហទំព័រ CPP នា​ថ្ងៃទី​ ២៩ ខែមករា​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មហាសន្និបាត ​CPP​ នេះ បាន​ដំណើរការ​ដោយ​រលូន និង​មានការ​ឯកភាពគ្នា​។​លទ្ធផល​នៃ​មហាសន្និបាត​នេះ​បានបង្ហាញ​ពី​ការត្រៀមខ្លួន​របស់ ​CPP​ ក្នុងការ​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ នៅ​ខែកក្កដា​ឆ្នាំនេះ​។​

​លោក​បន្តថា គណបក្ស​នេះ​បានរៀបចំ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ និង​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​ការគ្រប់គ្រង​ប្រទេស​។​

​គោលនយោបាយ​របស់​គ​ណ​បក្ស​សម្រាប់​ឆ្នាំ​ ២០២៣-២០២៨ ឆ្លើយតប​យ៉ាង​ល្អឥតខ្ចោះ​ចំពោះ​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​និង​ការប្រកួតប្រជែង​អំណាច​ពិភពលោក​ក៏ដូចជា​តម្រូវការ ជាក់ស្តែង​សម្រាប់​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​លោក គិ​ន ភា លើកឡើងថា គណបក្ស​នេះ​នៅតែ​រឹងមាំ មានការ​ឯកភាពគ្នា និង​សាមគ្គីភាព​ដោយ​ផ្អែកលើ​លក្ខន្តិកៈ​ដែល​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង បទ​ប្បញ្ញត្តិ ផ្ទៃក្នុង សេចក្តីសម្រេចចិត្ត​ផ្សេងៗ​ដែល​ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​របស់​គណបក្ស រចនាសម្ព័ន្ធ​អន្តរ​កម្ម ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រួមទាំង​ទីស្នាក់ការ​គណបក្ស អគារ​ការិយាល័យ​គ្រប់​ថ្នាក់ និង​ការចាប់យក​អំណាច​ពេញលេញ​។​

​លោក​បាន​បន្តថា គណបក្ស​នេះ នឹង​ឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ​យ៉ាង​ភ្លូកទឹកភ្លូកដី និង​គ្រប់គ្រង​ប្រទេស​សម្រាប់​រយៈពេល ​៥ ​ឆ្នាំ​ទៅមុខទៀត និង​រយៈពេល​បន្ទាប់ពី​ ៥​ ឆ្នាំនេះ​ទៀត​៕

វីដេអូ៖