បន្ទាយ​មាន​ជ័​យៈ ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក នឹង​ចុះទៅពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ មាត់​ធ្មេញ ព្រមទាំង​វះកាត់​ជំងឺ​ភ្នែក និង​ផ្តល់​វ៉ែនតា ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ រយៈពេល​ ៧​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៣០ ​មករា ដល់​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ ២០២៣​។


​លោក ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ខែមករា​ថា សមាគម​ក្រុមគ្រូពេទ្យ​នៅ​សហរដ្ឋអាមេរិក​ប្រមាណ​ពី ៧០ ទៅ​ ៨០ ​នាក់​នឹង​ចុះមក​ពិនិត្យ ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ មាត់​ធ្មេញ វះកាត់​ជំងឺ​ភ្នែក និង​ផ្តល់​វ៉ែនតា​ដល់​ប្រជាជន​កម្ពុជា ក្នុងស្រុក​មង្គលបុរី ដោយ​មិន​គិតថ្លៃ​។ សមាគម​ក្រុមគ្រូពេទ្យ​នៅ​សហរដ្ឋអាមេរិក​នេះ​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ហើយ​ការពិនិត្យ ពិគ្រោះ​ជំងឺ​នឹងធ្វើ​ឡើង​នៅ​ ៣​ទីតាំង​ផ្សេងគ្នា​ក្នុង​ឃុំ​ចំនួន​ ៣ នៃ​ស្រុក​មង្គលបុរី​។

​លោក​ថ្លែងថា​៖ «​ការពិនិត្យ​ព្យាបាល​ហ្នឹង គឺ​យើង​ចែកចេញជា​ ២ គឺ​ការពិនិត្យ និង​ពិគ្រោះ ព្យាបាល​ជំងឺ​ផង ហើយ​បើសិនជា​ករណី​ត្រូវមាន​ការវះកាត់​គឺ​គាត់​រុញ​មក​ធ្វើការ​វះកាត់​ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​យើងខ្ញុំ​»​។

​លោក ឡេ ច័ន្ទ​សង្វាត បញ្ជាក់ថា ទីតាំង​ទាំង​ ៣ ​ដែល​ប្រជាពលរដ្ឋ​អាច​អញ្ជើញ​មក​ពិនិត្យ ពិគ្រោះ​ជំងឺ​បាន​នោះ​គឺ​ទី​ ១ ក្នុង​បរិវេណ​សាលាបឋមសិក្សា​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី​ ៣០ មករា​ដល់​ថ្ងៃទី​ ៥ កុម្ភៈ ឆ្នាំ​២ ០២៣ វេលា​ម៉ោង​ ៧ និង​ ៣០​ នាទី​ព្រឹក ដល់​ម៉ោង​ ៤ និង​ ៣០​ នាទី​រសៀល​។ ទី​២ នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​គោក​បល្ល័ង្ក ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី ​២ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៣ ខែកុម្ភៈ ចាប់ពី​ម៉ោង ​៧ និង​៣០​ នាទី​ព្រឹក ដល់​ម៉ោង​ ៤ និង​ ៣០ ​នាទី​រសៀល និង​ទី​ ៣ ក្នុង​បរិវេណ​សាលាបឋមសិក្សា​សឿ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​ចាប់ពី​ថ្ងៃទី​ ៣១ ខែមករា ដល់ ថ្ងៃទី​ ១​ កុម្ភៈ​ឆ្នាំ​ ២០២៣ ចាប់ពី​ម៉ោង ​៧ និង ​៣០​ នាទី​ព្រឹក ដល់ ម៉ោង​ ៤ និង ៣០​ នាទី​រសៀល​។


​លោក​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​មកពី​សហរដ្ឋអាមេរិក​បាន​នាំយក​ថ្នាំពេទ្យ និង​សម្ភារ​បច្ចេកទេស​ផ្សេងៗ​ជិត​ ៥ ​តោន ប៉ុន្តែ​ក្នុងនាម​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​នឹងចូលរួម​សហការ​សម្របសម្រួល​ជាមួយ​នឹង​ក្រុម​ពួកគាត់ បើ​មានការ​ខ្វះខាត​សម្ភារ​បច្ចេកទេស​អ្វី​បន្ថែម ឬ​ត្រូវការ​រថយន្ត​សាមុយ ឬ​មន្ទីរពិសោធន៍​នោះ​មន្ទីរ​សុខាភិបាល​នឹង​សហការ​សម្រួល​ជូន​ផងដែរ​។


​លោក អ៊ូ សុភាព អភិបាលរង​ស្រុក​មង្គលបុរី បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ខែមករា​ថា រដ្ឋបាល​ស្រុក​បាន​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ទី​១ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទី​២ នៅតាម​ឃុំ​នីមួយៗ តាមរយៈ​មេឃុំ មេភូមិ បានធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​។ បន្ថែម​លើ​នោះ ក៏មាន​ការចូលរួម​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​កម្លាំង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សស​យក​) និង​ក្រុម​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ផងដែរ​។

​លោក​ថ្លែងថា​៖ «​មុនៗ​យើង​ធ្លាប់មាន​ពេទ្យ​មកពី​ខាង​កូរ៉េ និង​ចិន គាត់​បាន​ចុះ​មកជួយ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ហើយ​ខាង​អាមេរិក​ក៏​ធ្លាប់​ចុះមក​ដែរ តែ​កន្លងទៅ​គ្រាន់តែ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ទេ ប៉ុន្តែ​ចាប់ពី​ថ្ងៃស្អែក​ទៅ ​[​ថ្ងៃទី​ ៣០ ​មករា​] នេះ​ជា​ទ្រង់ទ្រាយ​ធំ​»​។

​លោក ​អូ​ច សុភាព លើកឡើងថា ការ​ចុះមក​ពិនិត្យ ពិគ្រោះ​ព្យាបាល​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​សហរដ្ឋអាមេរិក​នេះ បាន​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ដោយ​ពលរដ្ឋ​មិនចាំបាច់​ចំណាយពេល​វេលា និង​ថវិកា ឡើងទៅ​ទីប្រជុំជន ឬ​ទៅ​មន្ទីរពេទ្យ​ជំនាញ​ដែល​នៅ​ឆ្ងាយ​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព ពាក់ព័ន្ធ​នឹង​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ និង​ជំងឺ​ភ្នែក អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​តាម​ទីកន្លែង និង​កាលបរិច្ឆេទ​ខាងលើ​កុំបី​ខាន​៕