កម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងតាមព្រំដែនទ្វេភាគី
ភ្នំពេញៈ លោក ជេតគៀត អាថាគ័រ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ក្រោយពីទទួលបានការតែងតាំងជាអគ្គរាជទូតថ្មីប្រចាំទីក្រុងភ្នំពេញ។ ភាគីទាំង ២ បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមបណ្ដោយព្រំដែនកម្ពុជាថៃ។
យោងតាមសារដែលបានផ្សព្វផ្សាយ នៅលើហ្វេសប៊ុកនៃក្រសួងការពារជាតិបានឱ្យដឹងថា៖ «សម្ដេចពិជ័យសេនា ក៏បានលើកអំពីកិច្ចទំនាក់ទំនងការពង្រឹង និងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាថៃកន្លងមក ក្នុងក្របខ័ណ្ឌការពារជាតិ គឺកាន់តែប្រសើរឡើងជាលំដាប់។ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង ២ ទាំងព្រំដែនគោក និងព្រំដែនទឹកបានល្អនាពេលកន្លងមក។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ កន្លងមក ទោះបីមានការរីករាលដាលជំងឺកូវីដ ១៩ ជាសកលយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាល ក្រសួងការពារជាតិប្រទេសយើងទាំង ២ នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយៈការផ្ដល់សម្ភារ និងបរិក្ខារពេទ្យ គាំទ្រយុទ្ធនាការជំងឺកូដ ១៩ ដល់កងយោធពលខេមរភូមិន្ទ និងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងយោធាទាំង២»។
ក្នុងជំនួបនោះដែរលោក ជេតគៀត អាថាគ័រ បានបញ្ជាក់ពីជំហរនៃរដ្ឋាភិបាលថៃថា ការមកទទួលភារកិច្ចការទូតថ្មីនៅកម្ពុជា លោកនឹងខិតខំអនុវត្តបន្តឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កងទ័ពទាំង ២ កាន់តែរឹងមាំថែមទៀត។
សារលើហ្វេសប៊ុកដដែលនេះបានឱ្យដឹងថា៖ «ឯកឧត្តម ក៏បានសម្ដែងនូវអំណរសាទរ ចំពោះលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយឡែកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ (9 ADMMPlus) ដែលរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំកន្លងមក»។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញផ្នែកការទូតសន្តិសុខ ថ្លែងថា កម្ពុជាបានព្យាយាមរក្សាទំនាក់ទំនងទ្វេភាគីជាមួយថៃ ឱ្យមានភាពប្រសើរឡើង បើទោះបីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់ថៃមានលក្ខណៈតានតឹង និងការប្រែប្រួលអំណាចក្នុងជួរថ្នាក់ដឹកនាំថៃក្តី។
លោកថ្លែងថា៖ «ការប្រែប្រួលក្នុងល្បែងនយោបាយថៃមានផលបច្ច័យយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជាថៃ ក្នុងរយៈពេលវែងដោយសារតែប្រទេសទាំង ២ មានទំនាក់ទំនងរឹងមាំក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ បន្ថែមទៀតនោះ កិច្ចការព្រំដែនរវាងប្រទេសទាំង ២ នៅតែជាចំណុចផ្តោតសំខាន់ក្នុងគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ថៃដែលប្រទេសទាំង ២ កំពុងតែរៀបចំខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣»។
លោក ថុង ម៉េងដាវិត ថ្លែងថា ក្នុងលក្ខខណ្ឌប្រយោជន៍ផ្នែកសេដ្ឋកិច្ច សន្តិសុខ និងទំនាក់ទំនងអន្តរជាតិ ប្រទេសជិតខាងនឹងគ្នាកម្ពុជាថៃ នៅតែត្រូវការវត្តមានគ្នាទៅវិញទៅមក ដើម្បីការប្រាស្រ័យគ្នាក្នុងកម្រិតយុទ្ធសាស្ត្រ ការចែកចាយព័ត៌មានដល់គ្នា និងការផ្តល់មតិយោបល់ ឬការពិគ្រោះគ្នា ព្រមទាំងយោគយល់ គាំទ្រគ្នា ទៅវិញទៅមក សម្រាប់កិច្ចការតំបន់ និងអន្តរជាតិ។
សូមរំឭកផងដែរថា នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឯកអគ្គរាជទូតថៃថ្មីនេះកាលពីថ្ងៃទី ២០ ខែមករានោះ លោក ហ៊ុន សែន ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងសមយុទ្ធឆ្លងដែនរវាងប្រទេសទាំង ២ ដើម្បីសហការគ្នាទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះមហន្ដរាយ ធម្មជាតិផ្សេងទៀត និងកិច្ចការដោះមីននៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីប្រយោជន៍សុខសុវត្ថិភាពនៃប្រទេសទាំង ២៕