ព្រះសង្ឃត្អូញត្អែរពីការលំបាកសុំច្បាប់ជួសជុលសំណង់បេតិកភណ្ឌក្នុងវត្ត រីឯអ្នកស្រាវជ្រាវទាមទារឱ្យមានការថែរក្សាសម្បត្តិបេតិកភណ្ឌដាច់ខាត

ភ្នំពេញៈ ខណៈពេលទីតាំងដីបន្សល់ពីការវាយកម្ទេចកុដិបុរាណចំនួន ៣ ដែលត្រូវបានអះអាងថា មានអាយុកាល ៩២ ឆ្នាំ ដោយបានចាប់ផ្តើមកសាងនាអំឡុងឆ្នាំ ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម ត្រូវបានរក្សាទុកដោយអំណាចលិខិតជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ខណៈព្រះចៅអធិការនៃវត្តផ្សេងដែលមានសំណង់ក្នុងវត្តចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិបានត្អូញត្អែរពីការលំបាកក្នុងការស្នើសុំការជួសជុល ដោយនីតិវិធីនៃការអនុញ្ញាតយឹតយ៉ាវពេក។
ដោយសារការវាយកម្ទេចទាំង ៣ ខាងលើក្នុងវត្តឧណ្ណាលោម ដែលគ្រប់គ្រងដោយសម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយ និងការផ្តើមវាយកម្ទេចចេតិយបុរាណក្នុងវត្តបទុមវតីរាជវរារាមដែលទប់ស្កាត់ទាន់ពេល បានធ្វើឱ្យមានភាពចម្រូងចម្រាសផ្នែកការថែរក្សាមរតកជំនាន់មុនពីសំណាក់ព្រះសង្ឃក្នុងវត្ត ព្រះសង្ឃគ្រប់គ្រងវត្តដែលមានសម្បត្តិបេតិកភណ្ឌតាំងនៅ ហាក់បានបង្ហាញពីការលំបាកក្នុងការសហការជាមួយអាជ្ញាធរផ្នែកអភិរក្សនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៅវិញ។
ក្រឡេកទៅមើលវត្តចិនដំដែកខាងជើងដែលមានទីតាំងនៅខាងជើងរមណីយដ្ឋានវត្តភ្នំ និងជិតរង្វង់មូលគល់ស្ពានជ្រោយចង្វារខាងលិច ដែលជាវត្តចំណាស់មួយមានសំណង់ព្រះវិហារបុរាណធ្វើអំពីឈើមានអាយុកាលយ៉ាងហោចជិត ១៤០ ឆ្នាំ ដែលបានកសាងរួចរាល់នៅពុទ្ធសករាជ ២៤៣០ និងត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិយូរមកហើយ។
ព្រះតេជព្រះគុណ អ៊ុក ង៉ូវ ព្រះចៅអធិការវត្តចិនដំដែកខាងជើង ហាក់មិនមានមោទនភាពខ្លាំងចំពោះការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌនាពេលកន្លងមកនេះទេ ដោយសារតែការសហការសម្រាប់ការជួសជុលប្រើពេលយូរពេករហូតដល់រាប់ឆ្នាំ។
ព្រះអង្គមានថេរដីកាថា វត្តរបស់ព្រះអង្គបានដាក់លិខិតសុំជួសជុលវិហារបុរាណតាំងពីព្រះចៅអធិការមុនរយៈពេលប៉ុន្មានឆ្នាំមុនព្រះអង្គឡើងជាចៅអធិការ ហើយមកដល់ព្រះអង្គគ្រប់គ្រងវត្តរយៈពេល៣ឆ្នាំ ទើបព្រះអង្គទទួលបានការអនុញ្ញាតឱ្យជួសជុលពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ព្រះអង្គមានថេរដីកាថា៖ «លំបាករឿងមួយ គឺសម្បត្តិបេតិកភណ្ឌជាតិនោះ [ពេលអាត្មា]យកឯកសារសុំ ក៏[មន្ត្រីជំនាញ]មិនបានស៊ីញ៉េ។ និយាយរួម ចូលសម្បត្តិបេតិកភណ្ឌជាតិគ្រាន់តែល្អមើលប៉ុណ្ណឹង»។
ព្រះអង្គបន្តថា៖ «អាត្មាភាពស្នើសុំក្រសួងវប្បធម៌ឱ្យធ្វើការងារ ដោយរាល់សម្បតិ្តបេតិកភណ្ឌជាតិតាមស្ថាប័ន និងវត្តអារាមណាក៏ដោយ នៅពេលដែលស្នើសុំគណៈកម្មាធិការត្រួតបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឱ្យគាត់ចុះមកមើលពីផលប៉ះពាល់ក្នុងវត្តផង»។
ព្រះចៅអធិការអង្គនេះ បានអះអាងថា សំណង់បេតិកភណ្ឌក្នុងវត្តដែលចាស់ទ្រុឌទ្រោមដូចជាព្រះវិហារជាដើម គឺត្រូវការជួសជុលចាំបាច់ណាស់ព្រោះវាជាកន្លែងសកា្ករបូជា និងជាកន្លែងប្រារព្ធកម្មវិធីផ្សេងៗដែលមានពុទ្ធបរិស័ទច្រើន ហើយត្រូវគិតពីសុវត្ថិភាពជាចាំបាច់។
ព្រះអង្គមានថេរដីកាថា៖ «លោកមានការស្នើសុំសូមមេត្តាខាងក្រសួងឱ្យធ្វើការងារពន្លឿនឆាប់រហ័ស កុំឱ្យមានបញ្ហាអ្វីមួយកើតឡើងរួចបន្ទោសតែលោក ដោយថាលោកមិនបានជួយជ្រោមជ្រែងនិងចូលរួមអភិរក្ស»។
ព្រះអង្គបន្តថា៖ «អាត្មាមានបទពិសោធន៍រួចហើយ ព្រះចៅអធិការមុន សុំពេកប៉ុន្តែមិនបាន មកបាននៅជំនាន់អាត្មា ហើយជំនាន់អាត្មាសុំ ៣ ទៅ ៤ ឆ្នាំទើបបាន ទាល់តែមានអន្តរាគមន៍ពីអ្នកនេះអ្នកនោះជាដើម ទើបស៊ីញ៉េឯកសារឱ្យជួសជុល»។
ព្រះអង្គ សូ សារឿន ដែលបានកាន់តួនាទីជាព្រះគ្រូសូត្រស្តាំតាំងពីឆ្នាំ ២០១១ ក្នុងវត្តឧណ្ណាលោមជាទីដែលគណៈសង្ឃក្នុងវត្តបានសម្រេចវាយកម្ទេចកុដិចំនួន៣ដែលនៅជាប់ៗគ្នានាំឱ្យមានប្រតិកម្មរិះគន់ពីមហាជននោះ បានមានថេរដីកាថា គ្មានព្រះសង្ឃនិងអាចារ្យគណៈកម្មការវត្តណា បានដឹងអំពីការចុះបញ្ជីកុដិទាំង៣នោះជាសម្បត្តិបេតិកភណ្ឌជាតិកាលពីឆ្នាំ ២០១៧ ដូចការអះអាងរបស់ក្រសួងឡើយ។
ព្រះអង្គ សូ សារឿន មានថេរដីកាថា៖ «អាត្មាភាពទទួលស្គាល់ថា វត្តនេះមានកុដិចាស់មួយចំនួនដែរ ប៉ុន្តែកុដិខ្លះមិនគួរត្រូវបានរាប់បញ្ចូលជាសម្បត្តិបេតិកភណ្ឌទេ ព្រោះវាគ្មានលក្ខណៈអ្វីជាវប្បធម៌ទេ វាគ្រាន់តែជាកុដិចាស់ធម្មតា ហើយវាក៏ចាស់ទ្រុឌទ្រោមមិនអាចជួសជុលបាន ដូចករណីដូចកុដិដែលត្រូវវាយចោលនេះជាដើម»។
ទោះបីជាបែបណា ព័ត៌មាននៃការមិនសហការពីសំណាក់មន្ត្រីជំនាញផ្នែកបេតិកភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈហាក់បានច្រានចោលដោយលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយអះអាងថា ក្រុមការងារផ្នែកសម្បត្តិបេតិកភណ្ឌតែងផ្តល់យោបល់ដល់ព្រះគ្រូចៅអធិការលើការការពារសម្បត្តិបេតិកភណ្ឌ និងបន្ថែមថាក្រសួងរងការលំបាកច្រើនណាស់លើកិច្ចការអភិរក្សនេះ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អះអាងថា៖ «ក្រសួង[វប្បធម៌និងវិចិត្រសិល្បៈ]រងទុក្ខវេទនាដោយសារការការពារសម្បតិ្តបេតិកភណ្ឌ»។
លោកបានបន្តថា៖ «សម្បត្តិបេតិកភណ្ឌមិនមែនចេះតែចង់ជួសជុលពេលណា បានពេលនោះទេ គឺគេត្រូវសិក្សាមើលពីផលប៉ះពាល់ដែលអាចកើតមាន ព្រោះវាអាចក្លាយជាសម្បត្តិបេតិកភណ្ឌបានដោយផ្អែកលើសំណង់ល្អ ភាពប្រណីត ចម្លាក់ក្បាច់ដែលគ្មានអ្វីប្រដូចបាន»។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «គ្រប់សំណង់ក្នុងវត្តដែលមិនមានចុះបញ្ជីជាសំណង់បេតិកភណ្ឌមានអាយុកាលត្រឹម ១០ ទៅ ២០ ឆ្នាំអី ចង់វាយវាធ្វើអ្វីក៏ធ្វើចុះ ក្រសួងមិនទៅរារាំងនោះទេ ប៉ុន្តែសំណង់បុរាណដល់មានអាយុកាលយូរឆ្នាំរហូតដល់១០០ឆ្នាំអី ដែលនៅស្អាត រឹងមាំ និងមានក្បូរក្បាច់ល្អមិនមានច្រើនឡើយ។ សំណង់ដែលជាប់ជាបេតិកភណ្ឌបាន លុះត្រាតែវាមានតម្លៃផ្នែកសិល្បៈនិងជាប់ជាប្រវត្តិសាស្ត្រ»។
ដំណើរឆ្ពោះទៅមុខ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីបោះពុម្ពឯកសារដែលខ្លួនបានចងក្រងស្តីពីចុះបញ្ជីសំណង់បុរាណជាសម្បត្តិបេតិកភណ្ឌនិងស្ថានីយបុរាណនានានៅទីតាំងរាជធានីភ្នំពេញ សម្រាប់ដាក់តម្កល់នៅតាមទីតាំងវត្តអារាមនិងស្ថាប័នដែលមានសំណង់ចុះបញ្ជី។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានអះអាងថា ឯកសារចងក្រងសម្បត្តិបេតិកភណ្ឌដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញត្រូវបានធ្វើរួចរាល់សម្រាប់ការបោះពុម្ព ដែលរហូតមកទល់ពេលនេះ មន្ទីររាជធានីភ្នំពេញនៅត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីសុំសិទ្ធិការពារកម្មសិទ្ធិបញ្ញា និងការកៀរគថវិកាសម្រាប់ដំណើរការបោះពុម្ព។
លោក វុឌ្ឍី បញ្ជាក់៖ «ឯកសារនោះ ក្រោយបោះពុម្ពរួចនឹងត្រូវដាក់តម្កល់នៅតាមបណ្តាវត្តដែលពាក់ព័ន្ធ ដើម្បីបានជាដំណឹងនិងព័ត៌មាន ផ្ញើទៅកាន់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរធម្មការនិងសាសនា និងក្រសួងធម្មការនិងសាសនា»។
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងបុរាណវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ក្នុងតម្លៃណាក៏ដោយការថែរក្សាសម្បត្តិបេតិកភណ្ឌពិតជាមានសារៈសំខាន់សម្រាប់ជាតិ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណនិងស្នាដៃរបស់បុព្វបុរសដែលបានសាង។
លោកបានបញ្ជាក់ថា៖ «មនុស្សយើងត្រូវតែថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួន ប្រសិនបើមនុស្សណា សង្គមណាដែលមិនបានរក្សាបេតិកភណ្ឌរបស់ខ្លួន នោះខ្លួនឯងនឹងមិនយល់អំពីអ្វីដែលជាភ័ស្តុតាងពីជីដូនជីតា និងបងប្អូនខ្លួនបានបន្សល់ទុកឡើយ»។
នៅក្នុងលិខិតជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី ២១ ខែធ្នូ ស្តីពីការរក្សាទីតាំងដីដែលវាយកម្ទេចកុដិនៅវត្តឧណ្ណាលោមនោះ បានរំលេចថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប!»៕