ភ្នំពេញៈ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ និង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ច្រានចោល​របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​ស្ដីពី​ចំណាត់ថ្នាក់​ស្ថានភាព​អំពើពុករលួយ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា​។​


អង្គការ​តម្លាភាព​បាន​ចាត់ថ្នាក់​ពី​កម្រិត​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុងស្ថានភាព​អាក្រក់ ដែល​ក្នុង​ឆ្នាំ ​២០២២​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​ប្រទេស​ទាំង ១៨០​ នៅ​ជុំវិញ​ពិភពលោក​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ផៃ ស៊ី​ផាន បញ្ជាក់ថា រាជរដ្ឋាភិបាល​មិនដែល​ចាប់អារម្មណ៍​លើ​របាយការណ៍ និង​ចាត់ថ្នាក់​របស់​អង្គការ​តម្លាភាព​នោះទេ ព្រោះ​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ការប្រមូល​ទិន្នន័យ​របស់​អង្គការ​នេះ​មិន​ស្រប​គោលការណ៍​អន្តរជាតិ និង​មិន​ត្រឹមត្រូវ​តាមបែប​ផែន​វិទ្យាសាស្ត្រ និង​មិន​ឆ្លុះបញ្ចាំង​ការពិត​ពី​កម្ពុជា​។​


លោក​ ផៃ ស៊ី​ផាន ថ្លែងថា​៖« របាយការណ៍​ហ្នឹង ​[​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២២ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​] មិនបាន​បង្ហាញ​ច្បាស់លាស់​អំពី​វិធាន​នៃ​ការស្រាវជ្រាវ ការវាយតម្លៃ តាមបែប​វិទ្យាសាស្ត្រ​ទេ គឺ​ធ្វើ​តាមតែ​របៀប​បរិមាណ​ [​បរិមាណ​វិស័យ​] តែប៉ុណ្ណោះ​។ ដូច្នេះ​របាយការណ៍​មិនមែនជា​លទ្ធផល​ដែល​រកឃើញ​ជា​វិទ្យាសាស្ត្រ ជាការ​វាយតម្លៃ​របស់​យើង គ្រាន់តែ​ជាការ​ផ្សាយ​ព័ត៌មាន​របស់​អង្គការ​មួយ​ប៉ុណ្ណោះ​»។

​លោក​ សយ ច័ន្ទ​វិ​ចិត្ត អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​រលួយ ​(ACU) បញ្ជាក់ថា ACU មិនដែល​ទទួលស្គាល់​ឡើយ​ចំពោះ​ការដាក់​ពិន្ទុ​លើ​កម្រិត​អំពើ​រលួយ​ពី​អង្គការ​តម្លាភាព ព្រោះ​របាយការណ៍​អង្គការ​នេះ​មិន​ស្របតាម​គោលការណ៍​អន្តរជាតិ ហើយ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ប៉ុន្តែ​ទោះជា​យ៉ាងណា ACU តែងតែ​យកចិត្តទុកដាក់​ពិនិត្យ​ព័ត៌មាន​និង​អនុសាសន៍​នានា​ដើម្បី​យកមក​ពិចារណា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​។​


លោក ​សយ ច័ន្ទ​វិ​ចិត្ត ថ្លែងថា​៖« រដ្ឋាភិបាល​តែងតែ​ចាត់ទុក​ការងារ​កំណែទម្រង់​ជា​ចំណុច​ស្លា​ប់រស់ ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់ខ្លួន​។ ខ្ញុំ​មិន​ធ្វើការ​វាយតម្លៃ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​យើងទាំងអស់គ្នា​ពិតជា​មើលឃើញ​ពី​ការប្រែប្រួល​ក្នុងសង្គម​យើង​ពី ១ ​ថ្ងៃ​ ទៅ ១ ​ថ្ងៃ​ ពាក់​ព​ន្ធ័​នឹង​អភិបាលកិច្ច​ល្អ ដែល​កើតចេញពី​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​»​។

លោក ​សយ ច័ន្ទ​វិ​ចិត្ត បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​កិច្ចការ​ប្រឆាំង​អំពើពុករលួយ​ដែល​បាននិងកំពុង​ធ្វើ និង​មាន​ការងារ​ចំពោះមុខ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត ក្នុង​គោលដៅ​នាំឱ្យ​កម្ពុជា​ក្លាយទៅជា​សង្គម​មួយ​ដ៏​ស្អាតស្អំ នាពេលខាងមុខ​។​

អង្គការ​តម្លាភាព​បាន​ចាត់ថ្នាក់​ពី​កម្រិត​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុងស្ថានភាព​អាក្រក់ ដែល​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​ប្រទេស​ទាំង​ ១៨០ ដែល​ល្អ​ជាង​ឆ្នាំ ​២០២១​។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ពី​ភាពប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ឆ្នាំ​២០២១ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥៧ ប៉ុន្តែ​ជា​ចំណាត់ថ្នាក់​ទាប​បើ​ធៀប​ទៅក្នុង​តំបន់ ដោយ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​អំពើអាក្រក់​លំដាប់​ទី​២ នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ម៉ា​យ៉ាន់​ម៉ា ហើយ​អាក្រក់​លំដាប់​ទី​៣ នៅ​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​មី​យ៉ាន់​ម៉ា និង​កូរ៉េខាងជើង​។​

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជាបាន​ថ្លែង សរសើរ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ថយចុះ​ជា​លំដាប់​នូវ​អំពើពុករលួយ​ខ្នាតតូច នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​លោក​កត់សម្គាល់​លើ​វិធាន​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការផ្តល់សេវា​ច្រកចេញចូល​តែ​១ ការគ្រប់គ្រង​សារពើពន្ធ ការផ្តល់​សេវាសាធារណៈ​នៅក្នុង​ប្រទេស​។​

លោក ​ប៉ិច ពិសី ថ្លែងថា​៖ «​យើង​ក៏​ជឿ​ផងដែរ​ថា កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវតែដើរ​ទន្ទឹមគ្នា​ជាមួយនឹង​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ប្រសិនបើ​គ្មាន​កំណែទម្រង់​ទាំងនេះ​ទេ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នឹង​ពុំមាន​ប្រសិទ្ធភាព និង​មិនមាន​និរន្តរភាព ដោយសារតែ​កង្វះខាត​ការត្រួតពិនិត្យ​និង​គណនេយ្យភាព​ដែល​ចាំបាច់ ដើម្បី​ធានាថា​ថវិកា​ឬ​មូលនិធិ​សាធារណៈ​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ និង​តម្លាភាព​»​។​

លោក​ សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(ADHOC) និង​ជា​អ្នកឃ្លាំមើល​សង្គម ថ្លែង​គាំទ្រ​ទៅ​លើស​ន្ទ​ស្សន៍​ចាត់ថ្នាក់​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ខណៈ​លោក​មើលឃើញ​ពី​ស្ថានភាព​អំពើពុករលួយ ការ​សូកប៉ាន់ ជាក់ស្តែង​ក្នុងសង្គម ជាពិសេស​ការធ្លាក់ចុះ​ខ្លាំង​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដែលជា​ធាតុ​ចម្បង​នាំឱ្យ​កើតមាន​អំពើពុករលួយ​។

​លោក ​សឹង សែន​ករុណា ថ្លែងថា​៖ «​ខ្ញុំ​ថា​រដ្ឋាភិបាល​គួរ​មានការ​ស្រាវជ្រាវ​បន្ថែម បើទោះបីជា​យើង​មិន​ជឿជាក់​លើ​របាយការណ៍រ​បស់​អង្គការ​តម្លាភាព គួរ​ធ្វើការ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​មួយ កុំ​ស្រាវជ្រាវ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន​។ បើសិន​ឱ្យ​ស្ថាប័ន​ក្នុង​ជួរ​រដ្ឋាភិបាល​ស្រាវជ្រាវ ខ្ញុំ​យល់ថា រក​មិនឃើញ​ទេ ឃើញតែ​លទ្ធផល​របាយការណ៍​ល្អ​រហូត មិនអាច​រកឃើញ​ធាតុពិត​ទេ​»​។​

លោក ​សឹង សែន​ករុណា បន្ថែមថា រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែលមាន​អំណាច​ក្នុងការ​ស្រាវជ្រាវ​ដ៏​ច្បាស់លាស់​ពី​ស្ថានភាព​អំពើពុករលួយ​នៅក្នុង​សង្គម និង​អាច​ដោះស្រាយ ចាត់វិធានការ និង​ផ្តន្ទាទោស ដល់​អ្នកប្រព្រឹត្ត​អំពើពុករលួយ ដោយ​តម្លាភាព ទាំង​ការអនុវត្ត​លើ​ជន​តូចតាច និង​អ្នកមានអំណាច​។

​លោក ករុណា ថ្លែងថា​៖«​បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​(​ដោះស្រាយ​បញ្ហា​ពុករលួយ​)​។​បើសិនជា​អាច​ដោះស្រាយបាន កម្ពុជា​មុខជា​បង្កើនល្បឿន​អភិវឌ្ឍន៍​លឿន​ជាង​នេះ​»​។​

របាយការណ៍​ស្តី​ស​ន្ទ​ស្សន៍​នៃ​អំពើ​រលួយ​ឆ្នាំ​ ២០២២​ នេះ អង្គការ​តម្លាភាព​ពិភពលោក​បាន​សិក្សា និង​ជ្រើសរើស​ព័ត៌មាន​និង​ទិន្នន័យ​ពី​ប្រភព​ធំៗ ចំនួន​ ៨ រួមមាន​ការស្ទង់មតិ​ពី​ធុរជន​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​, Asian Intelligence, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្ដីពី​ការយល់ដឹង​ជាស​កល​, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋវិទូ ប្រភព​នៃ​ស​ន្ទ​ស្សន៍​ប្រជាធិបតេយ្យ និង​គោលនយោបាយ​ពី​ធនាគារពិភពលោក​ជាដើម​។​

អង្គការ​នេះ​បានដាក់​ចេញ​អនុសាសន៍​ចំនួន ៦​ ចំណុច ​ដល់​រដ្ឋាភិបាល​ដើម្បី​កែលម្អ​ស្ថានភាព​អំពើពុករលួយ ដែលជា​រួម​ស្នើ​ដល់​រដ្ឋាភិបាល ធ្វើ​ការបើក​លម្ហ​សេរីភាព​បញ្ចេញមតិ ព​ន្លឿ​ន​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ទទួលបាន​ព័ត៌មាន ធ្វើ​កែលម្អ​ច្បាប់​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ កែលម្អ​ប្រព័ន្ធយុត្តិធម៌​ឱ្យមាន​ភាពប្រសើរឡើង ជាពិសេស​ពង្រឹង​អំណាច​និង​សិទ្ធិសេរីភាព​នៃ​ស្ថាប័ន និង​បុគ្គល និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​អំពើពុករលួយ​ក្នុង​ទ្រង់ទ្រាយ​ធំ​៕

វីដេអូ៖